អ៊ុត​ទាំង​អស់​គ្នា! Barcelona អាច​វាយ​បក​ Real Madrid បាន​ទេ​យប់​នេះ?

  • 2017-08-16 08:41:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Barcelona នឹង​ត្រូវ​​លើក​ទ័ព​ទៅ​សងសឹក ​ Real Madrid ​វិញ​​នៅ​ជើង​ទី​២​ ក្នុង​កីឡដ្ឋាន Santiago Bernabéu ក្នុង​ពាន​រង្វាន់ Spanish Super Cup នៅ​​ម៉ោង​៤​ទៀបភ្លឺ​យប់​នេះ។

សម្រាប់​ជើង​ទី​២ ក្រុម​ភ្ញៀវ​ Barca ត្រូវ​ការ​​ធ្វើ​ការ​ធ្ងន់​មែនទែន ដោយ​​សារ​ពេល​លេង​ក្នុង​ដី​ពួក​គេ​ភ្លាត់ស្នៀត​របូត​គ្រាប់​បាល់​ដល់​ទៅ​៣​គ្រាប់ ពោល​​គឺ​ចាញ់​៣-១។ ដូច្នេះ​ Barcelona ត្រូវ​ប្រឹង​លេង​យ៉ាង​ណា​វាយបកយក​​ឈ្នះ ៤-២ ឬ​​​ស៊ី​ឲ្យ​បាន​លើស​ពី​៣​គ្រាប់​ ដើម្បី​ឈ្នះ​ពាន និយាយ​រួម​ត្រូវ​ស៊ុត​ឲ្យ​បាន​ច្រើន​គ្រាប់។

តំបន់​កណ្ដាល​របស់ Real Madrid ដែល​មាន​Toni Kroos និង​ Isco កំពុង​​​​ស្ថិត​នៅ​ចំណុច​កំពូល​ ដែល​ជា​ឧបសគ្គ​ធំ​សម្រាប់​ Barcelona ព្រួយបារម្ភ។ Barca កំពុង​មាន​បញ្ហា​តំបន់​កណ្ដាល​ ដោយ​សារ​ពេល​នេះ Andrés Iniesta មាន​របួស​ភ្លៅ​ត្រូវ​ជំនួស​វិញ​ដោយ Roberto។ ចំពោះ​ Ronaldo អវត្តមាន​៥​ប្រកួត​គ្មាន​ចោទ​ជា​បញ្ហា​សម្រាប់​ស្ដេច​ស​ទេ ព្រោះ​កីឡាករ​ទាំង​អស់​កំពុង​លេង​ត្រូវ​ជើង​គ្នា។

ជុំវិញ​ការ​ប្រកួត Zidane  បាន​លើក​ឡើង​ថា៖ "ពួក​យើង​​រៀបចំ​រួចរាល់​ ហើយ​នៅ​ជើង​ទី​១​ពួក​យើង​ធ្វើ​បាន​ល្អ។ ពួក​យើង​សប្បាយ​ចិត្ត​នូវ​​​អ្វី​ដែល​ពួក​យើង​បាន​ធ្វើ​​កន្លង​មក​ ប៉ុន្តែ​វា​ជា​រដូវកាល​វែងឆ្ងាយ ហើយ​ពួក​យើង​ត្រូវ​ប្រឹងប្រែង​បន្ត​ទៀត។ អ្វី​ៗ​សុទ្ធ​តែ​អាច​ទៅ​រួច។ ក្នុង​បាល់ទាត់​មិនមាន​អ្វី​ច្បាស់លាស់​ទេ។ ពួក​យើង​នៅ​តែ​ប្រឹង​លេង​ឲ្យ​អស់​ពី​ចិត្ត​ ព្រោះ Barcelona​អាច​បង្ក​គ្រោះថ្នាក់​ដល់​យើង​គ្រប់​ពេល"។

ចំណែក​លោក  Ernesto Valverde  បាននិយាយ​ថា៖​ "គ្មាន​អ្វី​​​ដែល​មិន​អាច​ទៅ​រួច​ទេ។ ពួក​យើង​នៅ​តែ​មាន​វិធី​ក្នុង​ការ​លេង​ដើម្បី​ឈ្នះ​ពាន។ Real ​​មានប្រៀប​ជាង​ ហើយ​ពួក​យើង​នឹង​ចាំ​មើល​ពួក​​គេ​ក្នុង​ការ​វាយ​បក"។

ចំពោះ​ទម្រង់​លេង​និង​កីឡាករ​អាច​ជា៖

Barcelona (៤-៣-៣)៖ Ter Stegen; Vidal, Piqué, Umtiti, Alba; Rakitic, Busquets, Roberto; Messi, Suárez, Deulofeu។​

Real Madrid (៤-៤-២)៖ Navas; Carvajal, Nacho, Varane, Theo; Vázquez, Modric, Kovacic, Asensio; Bale, Benzema៕

​​​​​​ ​​

អត្ថបទ៖ ហេង សុធារិទ្ធិ