អាជ្ញាធរ​វេណេហ្ស៊ុយអេឡា បាញ់​អ្នកទោស​ស្លាប់ ៣៧​នាក់ ក្រោយ​ផ្ទុះកុបកម្ម

  • 2017-08-17 01:47:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាជ្ញាធរ​ប្រទេស​វេណេហ្ស៊ុយអេឡា បាន​​បាញ់​អ្នក​ទោស​ក្នុង​​ពន្ធនាគារ​​ស្លាប់​អស់ ៣៧​នាក់ បន្ទាប់​​ពី​ផ្ទុះ​កុបកម្ម​បង្ក​ជា​អំពើ​ហិង្សា​​​នៅ​រដ្ឋ Amazonas ភាគ​​ខាង​ត្បូង​ប្រទេស​។ នេះ​បើ​​តាម​ការ​អះអាង​របស់​​អភិបាល​រដ្ឋ​ កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ។

​អភិបាល​រដ្ឋ​លោក Liborio Guarulla ​បាន​បញ្ជាក់​ថា ​ការ​បង្ហូរ​ឈាម​បាន​កើត​ឡើង​បន្ទាប់​ពី​មាន​​ការ​ប្រយុទ្ធ​តតាំង​រវាង​អ្នក​ទោស និង​មន្ត្រី​​យាម​គុក​នៅ​យប់​ថ្ងៃ​អង្គារ​នៅ​ទីក្រុង Puerto Ayacucho។ ​ប្រភព​ដដែល​បន្ថែម​ថា កង​កម្លាំង​សន្តិសុខ​បាន​ឆ្មក់​​ចូល​បរិវេណ​ពន្ធនាគារ​ ដើម្បី​រៀប​ចំ​សណ្ដាប់​ធ្នាប់​ឡើង​វិញ ក្រោយ​អ្នក​ទោស​​ពង្រាយ​គ្នា​គ្រប់​គ្រង​ពន្ធនាគារ​អស់​រយៈ​ពេល​ជា​ច្រើន​សប្ដាហ៍។ មន្ត្រី​ពន្ធនាគារ​ចំនួន ១៤​នាក់ បាន​រង​របួស​ផង​ដែរ។

ពេល​កើត​ហេតុ​ ពន្ធនាគារ​ខាង​លើ​មាន​អ្នក​ទោស​ចំនួន ១១០​នាក់ កំពុង​ឃុំ​​ខ្លួន ហើយ​ពេល​នេះ​គេ​កំពុង​ស៊ើប​អង្កេត​រក​មូល​ហេតុ​នៃ​​កុបកម្ម​ផ្ទុះ​ជា​អំពើ​ហិង្សា​នេះ។ ​គួរ​រម្លឹក​ថា កាល​ពី​ឆ្នាំ ២០១៣ ក៏​មាន​ការ​បាញ់​អ្នក​ទោស​ដែរ​ បណ្ដាល​ឲ្យ​ស្លាប់ ៦១​នាក់។ វេណេហ្ស៊ុយអេឡា ​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​​លើ​លោក​​ដែល​កើត​មាន​អំពើ​ហិង្សា​ញឹក​ញាប់៕

ប្រភព៖ ABC News   ប្រែ​សម្រួល៖ ឡេង ភារុណ

អត្ថបទពេញនិយម