មកស្គាល់ប្រវត្តិកំពូលតារាសិចស៊ីប្រចាំទសវត្សរ៍ ៦០ សាក់ ស៊ីស្បោង ដែលល្បីដល់អឺរ៉ុប
- 2019-04-28 01:01:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកស្គាល់ប្រវត្តិកំពូលតារាសិចស៊ីប្រចាំទសវត្សរ៍ ៦០ សាក់ ស៊ីស្បោង ដែលល្បីដល់អឺរ៉ុប
ចន្លោះមិនឃើញ
ប្រិយមិត្តប្រាកដជាធ្លាប់ឮហើយឈ្មោះ សាក់ ស្បោងដែលគិតថាវាជាពាក្យហៅលេង តែការពិតវាជាឈ្មោះរបស់កំពូលតារាសិចស៊ីម្នាក់ក្នុងអំឡុងទសវត្សឆ្នាំ៦០-៧០ ដែលមានទាំងសម្រស់ និងទេពកោសល្យផ្នែកសម្ដែងជាសិចស៊ី និងឆ្នាសឆ្នើមរហូតធ្វើឲ្យអ្នកគាំទ្រភាពយន្តជំនាន់នោះ ច្រើនស្អប់រូបអ្នកស្រីជាមួយការសម្ដែង។
ដើម្បីឲ្យកាន់ច្បាស់ ថ្ងៃនេះ Sabay លើកយកប្រវត្តិខ្លះៗពីអតីតតួសម្ដែងស្រីរួបនេះឲ្យប្រិយមិត្តបានជ្រាប់តែម្ដង៖
ជីវប្រវត្តិទូទៅ៖
សាក់ ស៊ីស្បោង កើតនៅឆ្នាំ ១៩៣៦ នៅរាជធានីភ្នំពេញ។ អ្នកស្រីមានឈាមជ័រជាជាប់ព្រះញាតិវង្ស នៃព្រះមហាក្សត្រខ្មែរ និងមានឪពុកជាមន្ត្រីជាន់ខ្ពស់ក្នុងព្រះបរមរាជវាំង។
ការសិក្សា៖
អ្នកស្រីជាអតីតសិស្សនៅបឋមសិក្សា ហ្វ្រង់ស្វ័របូស្វាត និងបានបន្តការសិក្សា នៅវិឡាល័យព្រះស៊ីសុវត្ថិ រួចបន្តចូលសិក្សានៅសាលាបារាំង ដឺកាត។ គ្រានោះ សាក់ ស៊ីស្បោងចេះប្រើសប្រាស់បារាំងល្អផ្ដាច់គេរហូតបានក្លាយជានារីអាកាសចរនៅឆ្នាំ១៩៦០ទៀតផង។
ប្រវត្តិចូលសិល្បៈ៖
អំឡុងពេលកំពុងបម្រើការងារនោះ មានផលិតករបរទេសម្នាក់ឈ្មោះ ម៉ាសេលកាម៉ុល បានឃើញពីរូបសម្រស់ និងកាយវិការដ៏សមសួនពីធម្មជាតិរបស់អ្នកស្រី ក៏បានស្នើឲ្យអ្នកស្រីចូលសម្ដែងក្នុងភាពយន្តខ្នាតអន្តរជាតិរបស់លោក។ ដោយចិត្តស្រលាញ់វិស័យសិល្បៈផងនោះ នារីអាកាសចររូបនេះ ក៏សម្រេចចិត្តចូលសម្ដែងជាតួសំខាន់ក្នុងរឿង "បក្សីឋានសួគ៌" ឲ្យផលិតករខាងលើ។
រឿងដំបូងដែលអ្នកស្រីសម្ដែងនេះ ត្រូវបានដាក់បញ្ចាំងជាច្រើនប្រទេសទាំងអឺរ៉ុប និងអាស៊ី។ ក្រោយបានឃើញពីសមត្ថភាពរបស់នាងហើយ មានផលិតករខ្មែរជាច្រើនទាក់ទងឲ្យនាងទៅសម្ដែងជាហូរហែ រហូតដល់នាងត្រូវបានមហាជនចាត់ទុកថា នាងជាកំពូលតារាសិចស៊ី និងស៊ីវីល័យប្រចាំកម្ពុជា។
សម្ធិទផលធំៗក្នុងវិស័យសិល្បៈ៖
មិនត្រឹមតែជាតួសម្ដែង នៅឆ្នាំ ១៩៦៤ សាក់ ស៊ីស្បោង បានចូលរួមប្រលងបវរកញ្ញាបង្ហាញម៉ូដភាពសង្ហានៃរថយន្តក្នុងមហោស្រពទីក្រុងកែប។
ឆ្នាំ១៩៦៦ អ្នកស្រីទទួលបានជោគជ័យយ៉ាងសម្បើមតាមរយៈរឿង "វិលវិញណាបង" របស់ផលិតកម្ម តារារដ្ឋភាពយន្ត។
សាក់ ស៊ីស្បោង ធ្លាប់ត្រូវបានអញ្ជើញឲ្យសម្ដែងក្នុងរឿងល្បី៤រឿងរបស់ ព្រះបរមរតនកោដ្ឋ ចំនួន៤រឿងគឺ៖ "អប្សារា" "រស់ដោយសប្បាយចិត្ត" "ព្រះប្រជាកុមារ" និង "វាសនាអកុសល"។
ឆ្នាំ ១៩៦៩ នាងបានទទួលពានរង្វាន់មាស ជាតួស្រីស្រស់ស្អាតឆើតឆាយពី មហោស្រពភាពយន្តជាតិលើកទី១។
ពីឆ្នាំ១៩៦២ ដល់ ១៩៧៤ អ្នកស្រីបានបង្ហាញមុខជាតួរង និងតួសំខាន់ក្នុងភាពយន្តល្បីៗជាច្រើន។ មិនត្រឹមតែប៉ុណ្ណោះ នាក៏ធ្លាប់គ្រងតំណែងតួឯកក្នុងរឿងមួយចំនួនដែរដូចជា៖ "បក្សីចាកមេឃ" និង "ផ្លូវបែកជាបី"។
គ្រួសារ និងស្នេហា៖
អតីតកំពូលតារាស្រីរូបនេះ បានរៀបអាពាហ៍ពិពាហ៍ ជាមួយអ្នកបើកយន្តហោះម្នាក់ក្នុងឆ្នាំ ១៩៦៥ និងប្រសូតបានកូនប្រុសមួយនៅឆ្នាំ១៩៧២។
ដើម្បីគេចពីសង្គ្រាម រូបនាង និងស្វាមី បានចាកចេញពីកម្ពុជា ទៅប្រទេសបារាំង ក្នុងឆ្នាំ ១៩៧៤។ សព្វថ្ងៃ លោកស្រីរស់នៅអាល្លឺម៉ង់ ដោយឃ្លាតចេញពីវិស័យសិល្បៈ៕