សមិទ្ធផល​ស្ពាន​ធំៗ ៧ នៅ​កម្ពុជា ក្រោម​ការ​គាំទ្រ​ហិរញ្ញវត្ថុ​ពី​ប្រទេស​ចិន​ ​

  • 2017-08-17 23:06:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​កម្ពុជា​បាន​បើក​សម្ពោធ​នូវ​សមិទ្ធផល​ស្ពាន​ធំៗ​ជាច្រើន ដែល​បាន​មកពី ហិរញ្ញប្បទាន និង​កម្ចី​ឥណទាន​សម្បទាន​ពី​រដ្ឋាភិបាល នៃ​សាធារណៈ រដ្ឋ​ប្រជាមានិត​ចិន​។

ស្ពាន​ទាំង​នោះ ​រួមមាន​៖

​ ​១) ស្ពាន​ឆ្លងកាត់​ទ​ន្លេ​មេគង្គ​ត​ភ្ជាប់​ខេត្ត​ស្ទឹងត្រែង និង​ខេត្ត​ព្រះវិហារ​៖

ស្ពាន​ឆ្លងកាត់​ទ​ន្លេ​មេគង្គ​ពី​ខេត្ត​ស្ទឹងត្រែង​ត​ភ្ជាប់​ទៅ​ស្រុក​ត្បែង​មាន​ជ័​យ ខេត្ត​ព្រះវិហារ បាន​សាងសង់​រួចហើយ ដោយ​ក្រុមហ៊ុន​ស៊ា​ង​ហៃ ប្រទេស​ចិន មាន​បណ្ដោយ​ប្រវែង ១.៧៣១ ម៉ែត្រ និង​ទទឹង ១៣ ម៉ែត្រ។ ការស្ថាបនា​ស្ពាន​នេះ ​ក៏​មាន​ការស្ថាបនា​កំណាត់​ផ្លូវ​លេខ ២១៤ ពី​ភូមិ​បា​ចុង សង្កាត់​ព្រះបាទ ក្រុង​ស្ទឹងត្រែង ទៅ​ស្រុក​ត្បែង​មាន​ជ័យ ខេត្ត​ព្រះវិហារ មាន​ប្រវែង ១៤៣,៣៣ គីឡូម៉ែត្រ​។ គម្រោង​ស្ថាបនា​ស្ពាន​ថ្នល់​នេះ ​បាន​ចំ​ណាយ​ថវិកា​សរុប​ចំ​នួន ១១៦,៥ លាន​ដុល្លារ ដែល​ជា​ប្រាក់កម្ចី​ឥណទាន​សម្បទាន​ពី​រដ្ឋាភិបាល នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន រួម​ជាមួយ​ថវិកា​បដិភាគ​របស់ រដ្ឋាភិបាល​កម្ពុជា​។ គម្រោង​នៃ​ការសាងសង់​ស្ពាន​នេះ​ត្រូវ​សាងសង់​រយៈពេល ៤៥ ខែ គឺ​គិត​ចាប់ពី​ថ្ងៃទី ១៥ ខែ​មេសា ឆ្នាំ ២០១២ និង​ត្រូវ​បាន​សម្ពោធ​ដាក់​ឱ្យ​ដំណើរ ការ​កាលពី​ថ្ងៃទី ១ ខែ​មេសា ឆ្នាំ ២០១៥ ក្រោម​អធិបតីភាព​សម្តេច​នាយក​រដ្ឋ​ម​ន្ត្រី ហ៊ុន សែន នាយក​រដ្ឋ​ម​ន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​ ​

២)​ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន តាខ្មៅ​ ​ ស្ពាន​តាខ្មៅ​ឆ្លងកាត់​ទ​ន្លេ​បាសាក់ ដែល​ស្ថិតនៅ​ចំណុច ភូមិ​ព្រែក​សំ​រោង សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល មាន​ប្រវែង ៨៥៥ ម៉ែត្រ និង ទទឹង ១៣,៥ ម៉ែត្រ ត្រូវ​បាន​បើក​ការដ្ឋាន​សម្ពោធ​កាលពី​ថ្ងៃទី​៦ ខែ កក្កដា ឆ្នាំ ២០១១ ក្រោម​អធិបតីភាព​សម្តេច​នាយក​រដ្ឋ​ម​ន្ត្រី ហ៊ុន សែន និង​ឯក​អគ្គ​រដ្ឋទូត​ចិន​ប្រចាំ​នៅ​ប្រទេស​កម្ពុជា ។ ការស្ថាបនា​ស្ពាន​តាខ្មៅ នេះ​ប្រើ​រយៈពេល ៤២ ខែ និង ត្រូវ​សាងសង់​បញ្ចប់​នៅ​ចុង​ឆ្នាំ ២០១៤ ដែល​ត្រូវ​ចំណាយ​ថវិកា​អស់​ចំ​នួន ៣២,៨៩ លាន​ដុល្លារ ជា​ប្រាក់​កម្ចីសម្បទាន​ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង ថវិកាបដិភាគ​របស់​រាជ​រដ្ឋាភិបាល​ក​ម្ពុ​ជា ។​ ​

៣) ស្ពាន​ជ្រោយចង្វា​ថ្មី​ ​ ស្ពាន​ជ្រោយចង្វា​ថ្មី ប្រើ​រយៈពេល ៣៦ ខែ ដោយ​បាន​ចាប់ផ្ដើម​បើក​ការដ្ឋាន​សាងសង់​កាលពី​ខែ​វិច្ឆិកា ឆ្នាំ ២០១១ ហើយ​បញ្ចប់​ការសាងសង់​នៅ​ចុង​ឆ្នាំ ២០១៤ ។ ស្ពាន​នេះ​មាន​ប្រវែង ៧១៩ ម៉ែត្រ និង​ទទឹង ១៣,៥ ម៉ែត្រ ដែល​ត្រូវ​ចំណាយ​ថវិកា​អស់​ចំ​នួន ២៧,៥ លាន​ដុល្លារ ដែល​ជា​ប្រាក់​ឥណទាន​ហិរញ្ញប្បទាន​ពី​ប្រទេស​ចិន ។ ការសាងសង់​ស្ពាន​នេះ​គឺ​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន​ថ្នល់​របស់​ប្រទេស​ចិន​ជា​អ្នក​សាងសង់ ។ ស្ពាន​នេះ​បាន​សាងសង់​រួចហើយ​បាន​បើក​ឱ្យ​ដំណើរការ​រួចហើយ​ដែរ​គ្រាន់តែ​មិនទាន់​សម្ពោធ​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​តែ​ប៉ុណ្ណោះ ។​ ​

៤) ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន សេកុង ​ ​ស្ពាន​ឆ្លងកាត់​ទ​ន្លេ​សេ​កុង​ដែល​គេ​ហៅថា «​ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន​» នេះ​មាន​ប្រវែង ១.០៧៥ ម៉ែត្រ និង ទទឹង​ប្រវែង ១១ ម៉ែត្រ កម្ពស់ ២១ ម៉ែត្រ នៅ​រដូវប្រាំង ។ ការស្ថាបនា​ស្ពាន​នេះ​ប្រើ​រយៈពេល ៤៤ ខែ ជាមួយ​នឹង​ការស្ថាបនា​ស្ពាន​នេះ​ក៏​មាន​ការស្ថាបនា​កំ​ណាត់​ផ្លូវ​លេខ ៧ ផងដែរ ដែល​មាន​ប្រវែង ១៩៦,៩ គី​ទ្បូ​ម៉ែត្រ ។ ការស្ថាបនា​ស្ពាន និង​ផ្លូវ​នេះ រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​បាន​ផ្តល់​ប្រាក់កម្ចី​ចំនួន ៥២០ លាន​យ​ន់ ស្មើនឹង ៧០ លាន​ដុល្លារ និង ថវិកា​បដិភាគ​របស់​រដ្ឋាភិបាល​កម្ពុជា​ចំ​ចំនួន ៤,៣ លាន​ដុល្លារ ដែល​បាន​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់ ជា​ផ្លូវការ​កាលពី​ថ្ងៃទី ២៩ ខែ​មេសា ឆ្នាំ ២០០៨ ។ ​

​៥) ស្ពាន​ព្រែក​ក្ដាម ​ ​ស្ពាន​ព្រែក​ក្ដាម​បាន​បើក​ការដ្ឋាន​ស្ថាបនា​កាលពី​ថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០០៧ ក្រោម​អធិបតីភាព​សម្តេចនាយក​រដ្ឋ​ម​ន្ត្រី ហ៊ុន សែន និង លោក ស្រី យ៉ាង យី​ហ្វេ​ង ដែល​ពេល​នោះ​ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ប្រចាំ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ ស្ពាន​នេះ​បាន​ស្ថាបនា​ចប់​១០០% នៅ​ដើម​ខែ​មេសា ឆ្នាំ ២០១០ ដែល​បាន​ចំណាយ​ពេលវេលា​ក្នុង​ការស្ថាបនា​តែ ៣ ឆ្នាំ​ប៉ុណ្ណោះ ។ ថវិកា​សម្រាប់​ស្ថាបនា​ស្ពាន​នេះ​ជា​ប្រាក់​កម្ចីសម្បទាន​រយៈពេល​វែង ដែល​មាន​អត្រា​ការ​ប្រាក់​ទាប​ពី​ប្រទេស​ចិន និង ថវិកា​បដិភាគ​របស់​រដ្ឋាភិបាល​កម្ពុជា​ប្រមាណ​ប្រមាណ​ជា ៥ ភាគ​រយ ។ ស្ពាន​ព្រែក​ក្តាម មាន​បណ្ដោយ​ប្រវែង ៩៧៥ ម៉ែត្រ ទទឹង​ប្រវែង ១៣,៥០ ម៉ែត្រ និង កម្ពស់ ១០ ម៉ែត្រ ចំណាយ​ថវិកា​អស់​ចំ​នួន ២៨,៨ លាន​ដុល្លារ ។​ ​

៦) ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន ព្រែក​តា​មាក់​ ​ ស្ពាន​ព្រែក​តាមាក់​មាន​បណ្ដោយ​ប្រវែង ១.០៦៦ ម៉ែត្រ និង​ទទឹង​ប្រវែង ១៣,៥០ ម៉ែត្រ ចំណាយ​ថវិកា​អស់​ចំ​នួន ៤៣,៥ លាន​ដុល្លារ ដែល​ជា​ប្រាក់កម្ចី​ពី​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ចំនួន ៤២.២០៨.៧៣៣ ដុល្លារ និង​ប្រាក់​បដិភាគ​របស់​រដ្ឋាភិបាល​កម្ពុជា​ចំ​ចំនួន ២.២២១.៥១២ ដុល្លារ ។ ស្ពាន​ព្រែក​តា​មាក់​នេះ​បាន​បើក​ការដ្ឋាន​សាងសង់​នៅ​ថ្ងៃទី​៦ ខែ​មិថុនា ឆ្នាំ ២០០៧ ការ​ស្ថាបនា​ស្ពាន​នេះ​ប្រើ​រយៈពេល ៥០ ខែ ប៉ុន្តែ​ការស្ថាបនា​លឿន ជាង​គម្រោង ១០ ខែ ហើយ​ត្រូវ​បាន​ដាក់​សម្ពោធ​ឱ្យ​ប្រើប្រាស់​នៅ​ថ្ងៃទី ២៤ ខែ​មករា ឆ្នាំ ២០១១ ក្រោម​អធិបតីភាព​សម្តេចនាយក​រដ្ឋ​ម​ន្ត្រី ហ៊ុន សែន នាយក​រដ្ឋ​ម​ន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ​

​៧) ស្ពាន​កោះធំ ឆ្លង​ទ​ន្លេ​បាសាក់ ​ ​ស្ពាន​កោះធំ ត្រូវ​បាន​បើក​ការដ្ឋាន​សាងសង់​កាលពី​ថ្ងៃទី ​២៥ មីនា ២០១៣ ក្រោម​អធិបតីភាព​សម្ដេច​តេ​ជោ នាយក​រដ្ឋ​ម​ន្ត្រី និង​ត្រូវ​បាន​ចាក់​បេតុង​ត​ភ្ជាប់​នៅ​ថ្ងៃទី​ ០៨ សីហា ឆ្នាំ​២០១៦ ដោយ​សម្ដេច​តេជោ ហ៊ុន សែន ផងដែរ​។ ស្ពាន​កោះធំ​នេះ​មាន​ប្រវែង​សរុប ៨២៤​ម៉ែត្រ ចំណាយ​ថវិកា​សាងសង់​សរុប ១៩.៣៩ លាន​ដុល្លារ​អាមេរិក ជា​ថវិកា​កម្ចី​ឥណទាន​ពី​រដ្ឋាភិបាល​ចិន និង​ថវិកា​បដិភាគ​របស់​រាជ​រដ្ឋាភិបាល​ក​ម្ពុ​ជាប្រ​មាណជា ២.៨​លាន​ដុល្លារ​អាមេរិក​។ ស្ពាន​នេះ​មាន​ទីតាំង​ចាប់ពី​ត្រង់​គីឡូម៉ែត្រ​លេខ ៥៨+២០០ ស្ថិត​លើ​ផ្លូវជាតិ​លេខ​២១ ត្រង់​ចំណុច​ភូមិ​ព្រែក​ធន់ ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​២១ ពី​ត្រើយ​ខាង​លិច​ទន្លេបាសាក់ ឆ្លង​ទៅ​ផ្លូវជាតិ​លេខ​១១០ ដែល​ជា​ផ្លូវ​ប្រប​មាត់​ទ​ន្លេ​នៅ​ត្រើយ​ខាងកើត​ទន្លេ​បាសាក់ ស្ថិត​នៅ​ក្នុង​ភូមិ​ព្រែក​ថ្មី ឃុំ​ជ្រោយ​តាកែវ ស្រុក​កោះធំ ។ ស្ពាន​នេះ​បាន​ដាក់​សម្ពោធ​ឱ្យ​ប្រើប្រាស់​កាលពី​ថ្ងៃទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០១៧៕

អត្ថបទ៖ សុផល