មិនធ្លាប់ដឹងសោះ! ភ្លើង​ស្តុប​ថ្មី​នៅ​រាជធានី​ភ្នំពេញ​ មាន​លក្ខណៈ​ពិសេស​មិន​ធម្មតា

  • 2017-08-17 07:49:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភ្លើង​ស្តុប​ថ្មី​នៅ​រាជធានី​ភ្នំពេញ​ កំពុង​ដាក់​​ដំណើរការ​ជា​បន្ត​បន្ទាប់​នោះ​មាន​លក្ខណៈ​ពិសេស​ដែល​អ្នក​ទាំង​អស់​គ្នា​មិន​ធ្លាប់​បាន​ដឹង។ នេះបើ​តាម​ការ​រៀបរាប់របស់ ឯកឧត្ដម ហ៊ីដេហ៊ីសា ហូរីណូអុជិ ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​ប្រទេស​កម្ពុជា ក្នុងវីដេអូខ្លីមួយបង្ហោះនៅលើទំព័រហ្វេសប៊ុកផ្លូវការស្ថានទូតជប៉ុន។

ឯកអគ្គរាជទូត​ជប៉ុន បាន​ប្រាប់​ថា ភ្លើង​ស្តុប​ចរាចរណ៍​ថ្មី​នេះ មាន​ភ្ជាប់​​ប្រព័ន្ធ​ Sensor ដែល​អាច​ដឹង​ថា​នៅ​លើ​ផ្លូវ​យានយន្ត​តិច​ ឬ​ច្រើន និង​អាច​កំណត់​នាទី​ដោយ​ស្វ័យ​ប្រវត្តិ ដើម្បី​សម្រួល​ដល់​បញ្ហា​កកស្ទះ។ ឧទាហរណ៍ ប្រសិន​បើ​នៅ​លើ​ផ្លូវ​រត់​ត្រង់ ឬ​បត់​ស្ដាំ និង​បត់​ឆ្វេង មាន​យានយន្ត​ច្រើន​ នោះ​ភ្លើង​ពណ៌​បៃតង នឹង​ពន្យារ​ពេល​កាន់​តែ​យូរ តែ​បើ​សិន​ជា​មាន​យានយន្ត​តិច​ភ្លើង​ពណ៌​បៃតងនឹង​លោត​តាម​ធម្មតា។

​បន្ថែម​លើ​ពី​នេះ​ទៀត ប្រសិន​បើ​អ្នក​បើកបរ​ទាំង​ឡាយ​ មិន​គោរព​ភ្លើង​សញ្ញា​ចរាចរណ៍​ ឈប់​ខុស​គន្លង នោះ​ភ្លើង​ស្តុប​ថ្មី​នឹង​លោត​ពណ៌​ខុស​ប្រក្រតី។ ឧទាហរណ៍​ថា អ្នក​បើកបរ​ណា​ម្នាក់​ចង់​ទៅ​ត្រង់​ តែ​បែរ​ជា​មក​ឈប់​គន្លង​បត់​ឆ្វេង ហើយ​​ស្រាប់​តែ​កាច់​ចង្កូត​ទៅ​ត្រង់​វិញ នោះ​ភ្លើង​ស្តុប​នឹង​យល់​ថា គន្លង​បត់​ឆ្វេង​កំពុង​កកស្ទះ​ខ្លាំង។ ដូច្នេះ​ភ្លើង​ស្តុប​នឹង​បញ្ឈប់​អ្នក​ដំណើរ​តាម​ផ្លូវ​ត្រង់ ហើយ​មក​ពន្យារ​ពេល​ឱ្យ​គន្លង​បត់​ឆ្វេង​វិញ។

ដូចនេះ​មាន​ន័យ​ថា បើ​អ្នក​បើកបរ​មិន​គោរព​ភ្លើង​សញ្ញា បត់​ខុស ឬ​ឈប់​ខុស​គន្លង​ នឹង​ធ្វើ​ឱ្យ​ភ្លើង​ស្តុប​ថ្មី ដំណើរការ​ខុស​ប្រក្រតី និង​បង្ក​ឱ្យ​មាន​បញ្ហា​កកស្ទះ​កាន់​តែ​ខ្លាំង​ឡើង។ ហេតុនេះ​ហើយ​ទាមទារ​ឱ្យ​អ្នក​បញ្ជា​ចង្កូត​ទាំង​អស់​គោរព​ភ្លើង​សញ្ញា​ឱ្យ​បាន​ត្រឹម​ត្រូវ​ ទើប​មិន​ខាត​ពេល​វេលា និង​មិន​កក​ស្ទះ​ចរាចរណ៍៕​​

ទស្សនាវីដេអូការពន្យល់របស់ ឯកឧត្ដម ហ៊ីដេហ៊ីសា ហូរីណូអុជិ៖

អត្ថបទ៖ វឌ្ឍនៈ

អត្ថបទពេញនិយម