អឺរ៉ុបទទួលស្គាល់ ”ខេត្តព្រះវិហារ” ជាតំបន់ផលិតកសិកម្មសរីរាង្គល្អបំផុតរបស់កម្ពុជា

  • 2017-08-18 02:20:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខេត្តព្រះវិហារដែលបច្ចុប្បន្នត្រូវបានប្រទេសធំៗនៅក្នុងសហគមអឺរ៉ុប ទទួលស្គាល់ថាជាតំបន់ដាំដុះផលិតផលកសិកម្មគ្មានជាតិគីមី ឬហៅថាកសិកម្មសរីរាង្គល្អបំផុតរបស់កម្ពុជា។ នេះបើតាមការអះអាងរបស់មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម។

(រូបភាព៖ ហ្វេសប៊ុកឯឧត្តម វ៉េង សាខុន)

នៅក្នុងសិក្ខាសាលាពិគ្រោះយោបល់រវាង អ្នកផលិត និងអ្នកផ្គត់ផ្គង់ផលិតផលខ្មែរ ជាមួយអ្នកប្រើប្រាស់ និងចែកចាយបន្តនាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ ឯកឧត្តម វ៉េងសាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម បានលើកពីក្រុមហ៊ុននាំចេញអង្ករសរីរាង្គ Amru Rice ដែលបានបង្កើតសហគមន៍ផលិតស្រូវសរីរាង្គក្នុងខេត្តព្រះវិហារ រហូតក្លាយជា តំបន់ផលិតនូវផលិតផលកសិកម្មសរីរាង្គ។

ឯឧត្តមបន្តថាៈ « ជាដំណឹងល្អបំផុតសម្រាប់ខេត្តព្រះវិហាររបស់យើងនេះ គឺឥឡូវកំពុងពេញនិយមដែលឈានទៅដល់ការផលិតបន្លែនាំចេញទៅក្រៅប្រទេសទៀត...ដែលសហគមអឺរ៉ុបបានផ្ដល់ភ្លើងខៀវថាជាតំបន់ផលិតនូវផលិតផលកសិកម្មសរីរាង្គ»។

«នេះជាចំណុចពិសេសមួយជាការចាប់ផ្ដើមរបស់កម្ពុជា ដែលពិភពលោកបច្ចុប្បន្នគឺគេចង់បាននូវផលិតផលមួយដែលគ្មានឥទ្ធិពលនៃជាតិគីមីនិងថ្នាំពុល»។ ឯឧត្តម វ៉េង សាខុន បន្ត។

ឯឧត្តមរដ្ឋមន្ត្រីក៏បានបង្គាប់ឲ្យអគ្គនាយកដ្ឋានកសិកម្ម ធ្វើការឲ្យជិតស្និទ្ធជាមួយមន្ទីរកសិកម្មទប់ស្កាត់ការនាំចូលថ្នាំពុលផ្សេងៗនៅខេត្តព្រះវិហារ ដើយថាដើម្បីការពារសុវត្ថិភាពនិងស្ដង់ដារផលិតផលកសិកម្មនៅតំបន់នោះផងដែរ។

ជាមួយគ្នានេះ លោកស្រី ឃី មុនី នាយិកាក្រុមហ៊ុននាំចេញអង្ករសរីរាង្គបានឲ្យដឹងថាៈ «បច្ចុប្បន្នយើងបានបង្កើតសហគមន៍ដាំដុះស្រូវសរីរាង្គចំនូន២ខេត្ត មានខេត្តបាត់ដំបង និងព្រះវិហារ សរុបចំនួន ២៤ សហគមន៍ មានសមាជិកជាង ៥ពាន់គ្រួសារ និងនាំចេញទៅក្រៅប្រទេសជាង ៤០»។ លោកស្រីរំពឹងថា សម្រាប់រដូវប្រមូលផលឆ្នាំនេះ នឹងទទួលបានស្រូវសរីរាង្គប្រមាណ ២ម៉ឺនតោន៕

អត្ថបទ​៖ ស៊ិន សាវ៉េត

រូបភាព Feature៖ Amru Rice