ពី​ក្មេង​ពិការ​ភ្នែក​ដើរ​សុំ​ទាន​គេ ក្លាយ​ជា​គ្រូ​ភ្លេង​ដ៏​ជំនាញ​

  • 2017-08-18 06:19:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​ជន​ពិការ​ភ្នែក​ទាំង​សងខាង​តាំង​ពី​កំណើត​លោក​ ណូន សុខ ធ្លាប់​ជា​អតីត​ក្មេង​សុំ​ទាន​នៅ​តាម​ផ្សារ​ តាម​វត្ត និង​នៅ​ប្រាសាទ​អង្គរ​វត្ត តែ​ពេល​នេះ​ប្រែ​ក្លាយ​ជា​គ្រូ​ភ្លេង​ដ៏​​ជំនាញ​ម្នាក់ ចេះ​ឧបករណ៍​ភ្លេង​ខ្មែរ​ស្ទើរ​គ្រប់​ប្រភេទ។

មាន​ស្រុក​កំណើត​នៅ​ខេត្ត​សៀម​រាប គ្រូ​ភ្លេងវ័យ៣៥ឆ្នាំ​​រូប​នេះ​បាន​រៀប​រាប់​ពី​ដំណើរ​ជីវិត​របស់​ខ្លួន​​ប្រាប់​ Sabay ថា ក្នុង​ចំណោម​បង​ប្អូន​៥នាក់​ លោក​ជា​កូន​ទី២ ​ក្នុង​ត្រកូល​កសិករ ម្ដាយ​ជា​អ្នក​ចាប់​សរសៃ​ ​ហើយ​ឪពុក​ចុង​ជា​កសិករ។

កាល​ពី​តូច​លោក​ត្រូវ​ទទួល​បន្ទុក​រក​ប្រាក់​ដើម្បី​ផ្គត់ផ្គង់​គ្រួសារ​ និង​មើល​ប្អូន​តូច​ដែល​ត្រូវ​ជា​កូន​ឪពុក​ចុង​ជា​មួយ​ម្ដាយ​របស់​ខ្លួន​។ លោក​ថា​ ធម្មតា​ក្មេង​រពឹស​ណាស់ ​ម្យ៉ាង​ខ្លួន​ពិការ​ភ្នែក​ផង​ ពេល​ខ្លះ​ប្អូន​ដើរ​លេង​បាត់​មិន​ដឹង​ទៅ​រក​ឯណា ឪពុក​ចុង​​មក​ពី​ស្រែ​មិន​ឃើញ​ប្អូន​នៅ​ផ្ទះ​ គាត់​តែ​ង​តែ​វាយ​ធ្វើ​បាប​​គ្រប់​ពេល។

លោក​បញ្ជាក់​ថា​ ក្រោយ​ពី​បាន​ដើរ​សុំទាន​គេ​បាន​ជា​អង្ករ​និង​ប្រាក់ ម្ដាយ​និង​ឪពុក​មិន​សូវ​ធ្វើ​បាប​ខ្លួន​ទេ។ «ការ​សុំ​មិន​ចេះ​តែ​បាន​រាល់ថ្ងៃ​ទេ ថ្ងៃ​ណា​ដែល​សុំ​បាន​ ម៉ែ​សរសើរ​ ប្រើ​ពាក្យ​ល្អ​ៗ​ជា​មួយ តែ​បើ​សុំ​មិន​បាន​វិញ នោះ​នឹ​ត្រូវ​រំពាត់​ ឬ​ត្រូវ​បង្អត់​បាយ​ក៏​មាន»។

រំលឹក​ដល់​មូលហេតុ​ដែល​នាំ​ឲ្យ​​លោក​មាន​ថ្ងៃនេះ គឺ​ថ្ងៃ​មួយ​ពេល​ទៅ​សុំ​ទាន​នៅ​ប្រាសាទ​អង្គរ​វត្ត​ ក្មេង​ពិការ​រូប​នេះ​ក៏​បាន​ជួប​នឹង​ប្រធាន​អង្គការ​គ្រួសារ​ថ្មី ពេល​នោះ​ហើយ​ដែល​ពន្លឺ​ក្ដី​សង្ឃឹម​នៃ​ចំណេះ​ដឹង​បាន​ចាប់​ពន្លក​ឡើង។

មក​រៀន​នៅ​អង្គការ​គ្រួសារ​ថ្មី​នៅ​ភ្នំពេញ​ កុមារ​សុខ​រៀន​បាន​ថ្នាក់​ទី​៨ តែ​អ្វី​ដែល​គួរ​ឱ្យ​កត់​សម្គាល់​នោះ​ គឺ​ការ​រៀន​ឧបករណ៍​ភ្លេង កុមារ​រូប​នេះ​មាន​ភាព​លេច​ធ្លោ​ជាង​គេ រហូត​ធ្វើ​ឱ្យ​គ្រូ​ និង​អ្នក​ភូមិ​ជិត​នោះ​សរសើរ​ពី​ទេពកោសល្យ។ បន្ទាប់​ពី​បញ្ចប់​ការ​សិក្សា​លោក​សុខ​បាន​ធ្វើ​ជា​គ្រូ​បង្ហាត់​ភ្លេង​នៅ​ក្នុង​អង្គការ​នេះ រយៈពេល​​៧ឆ្នាំ។

«ខ្ញុំ​មក​រៀន​ក្នុង​ឆ្នាំ១៩៩៥ រៀន​បាន​ត្រឹម​ថ្នាក់​ទី​៨ ភាសា​ខ្មែរ​អត់​អី​ទេ តែ​អត់​ចេះ​គណិតវិទ្យា រូប​អី​ហ្នឹង​ អ៊ីចឹង​ក៏​ឈប់​ទៅ​ តែ​បើ​ភ្លេង​ហ្នឹង​ចាប់​បាន​ច្រើន។ ពេល​ដែល​ហាត់​ច្រៀង​អាយ៉ៃ ស្មូត ឬ រៀន​ភ្លេង​ម្នាក់​ឯង​​គេ​ថា​ថ្លង់​ណាស់ ជួន​ទៅ​គេ​ថា​អ្ហែង​ស្មូត​អាណា​ងាប់ ពេល​ខ្លះ​ចង់​ឈប់​ម្ដងៗ​ដែរ​តែ​ចេះ​តែ​ទ្រាំ​ដោយ​ចាំ​ពាក្យ​ថា​ អ្នក​ដែល​ថា​នោះ​មិន​មែន​មក​ឱ្យ​បាយ​មួយ​គ្រាប់​ឱ្យ​ខ្ញុំ​ហូប​ទេ»។ លោក​ថា ចំណេះ​ទាំង​ប៉ុន្មាន លោក​បាន​មក​ពី​ការ​ស្ដាប់​ច្រើន​ ដូចជា​ស្ដាប់​វិទ្យុ ស្ដាប់​ឯកសារ​ពី ​youtube​ ដែល​កូន​សិស្ស​ទាញ​ឱ្យ ជួន​ទៅទិញ​សៀវភៅ​ចំណេះ​ដឹង​ផ្សេងៗ​ឱ្យ​កូន​សិស្ស​អាន​ឱ្យ​ស្ដាប់។

លោក​ក៏​បាន​លើក​ទឹក​ចិត្ត​ទៅ​ដល់​មនុស្ស​គ្រប់​គ្នា​ថា មិន​ថា​ជា​ជន​ពិការ​ឬ​មិន​ពិការ​ក៏​មាន​សមត្ថភាព​ផ្ទាល់​ខ្លួន​ដែរ ខ្លួន​ជា​អ្នក​កំណត់​វាសនា​ខ្លួន​ឯង​គ្មាន​អ្វី​ដែល​មិន​ពិបាក​ទេ​ សំខាន់​យើង​យល់​តម្លៃ​វា​និង​ខំ​ចាប់​វា​ឱ្យ​បាន។

បច្ចុប្បន្ន​នេះ​លោក ណូន សុខ មិន​មាន​ប្រពន្ធកូន​ទេ ​រស់​នៅ​ក្នុង​វត្ត​ឧណ្ណាលោម ដោយ​បង្ហាត់​ភ្លេង​បុរាណ​ខ្មែរ​ដល់​សិស្ស​មួយ​ចំនួន និង​លេង​ភ្លេង​នៅ​ក្នុង​ហាង​អាហារ​ជប៉ុន​មួយ​កន្លែង។ ពេល​ទំនេរ​លោក​ទៅ​លេង​ភ្លេង​តាម​ពិធី​បុណ្យ អាពាហ៍ពិពាហ៍​ និង​កម្ម​វិធី​មួយ​ចំនួន​ទៀត។

យ៉ាងណាក៏ដោយលោកថា ​ចំណូល​​រក​បាន​សមរម្យ​ តែ​មិន​ទៀង​ទាត់​ទេ។ ឧបករណ៍ភ្លេង​ដែល​លោក​ចេះ​មាន រនាត គង ស្គរ សម្ភោរ ស្រឡៃ ខ្លុយ ប៉ីពក ចាប៉ី ទ្រ ឃឹម គែន និង​មាន​ឧបករណ៍​ភ្លេង​មួយ​ចំនួន​ទៀត ព្រម​ទាំង​ស្មូត​កំណាព្យ​ និង​ច្រៀង​អាយ៉ៃ​ផង​ដែរ៕

អត្ថបទៈ ប៉ូ សាគុន