Matic ថា Man Utd ជា​ក្លឹប​ធំ​បង្អស់ ក្នុង​ចំណោម​ក្លឹប​ដែល​ខ្លួន​ធ្លាប់​លេង​ឲ្យ

  • 2017-08-18 12:12:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​​ថ្ងៃ​នេះ ខ្សែ​បម្រើ Nemanja Maticដែល​ជា​កីឡាករ​ចំណូល​​ថ្មី​របស់​ក្លឹប​បិសាច​ក្រហម Manchester United បាន​និយាយ​សរសើរ​ពី​ក្លឹប​ថ្មី​របស់​ខ្លួន​ដោយ​អះអាង​វា​ជា​ក្លឹប​ធំ​បង្អស់​ ក្នុង​ចំណោម​ក្លឹប​ដែល​ខ្លួន​ធ្លាប់​លេង​ឲ្យ និង​បាន​បង្ហើប​ថា អ្នក​ចាត់​ការ​ទូទៅ Jose Mourinho គឺ​ជា​កត្តា​ដែល​ជំរុញ​ឲ្យ​រូប​គេ​ចាក​ចេញ​ពី​តោ​ខៀវ​ Chelsea មក​ចូល​រួម​ក្នុង​ក្លឹប​ជើង​ឯក​លីគ​កំពូល​អង់គ្លេស ២០​សម័យ​មួយ​នេះ។

នៅ​ពេល​សួរ​ថា តើ​ក្លឹប​បិសាច​ក្រហម​ជា​ក្លឹប​ធំ​បង្អស់​សម្រាប់​រូប​គេ តាំង​ពី​ចូល​​លេង​បាល់​អាជីព​មក​ឬ​? កីឡាករ​សញ្ជាតិ​ស៊ែប​វ័យ​ ២៩​ឆ្នាំ​រូប​នេះ បាន​ឆ្លើយ​តប​ថា៖ "ពិត​ប្រាកដ​ណាស់! អ្នកណា​ក៏​ដឹង​រឿង​ហ្នឹង​ដែរ"។ ខ្សែ​បម្រើ​រូប​នេះ​បាន​បន្ត​ទៀត​ថា៖ "នៅ​ពេល​និយាយ​ពី​ក្លឹប Manchester United គឺ​វា​ខុស​ពី​គេ។ ក្លឹប Chelsea ជា​ក្លឹប​ធំ ឯក្លឹប Benfica ជា​ក្លឹប​បាល់ទាត់​ធំ​បង្អស់​ក្នុង​ប្រទេស​ព័រទុយហ្គាល់ ក៏​ប៉ុន្តែ​ Manchester គឺ Manchester"។ កីឡាករ​រូប​នេះ​ចង់​បញ្ជាក់​ពី ភាព​ធំ​ខុស​ពី​ក្លឹប​ដទៃ របស់​ក្លឹប​បិសាច​ក្រហម។

ក្នុង​ការ​សម្ភាសន៍​ជាមួយ​គ្នា​នេះ​ដែរ Matic ក៏​បាន​បង្ហាញ​ថា លោក Mourinho (អ្នក​ចាត់​ការ​ទូទៅ​របស់​ក្លឹប​បិសាច​ក្រហម) ជា​មនុស្ស​សំខាន់​សម្រាប់​ខ្លួន ហើយ​អ្នក​ចាត់​ការ​សញ្ជាតិ​ព័រទុយហ្គាល់​រូប​នេះ​ក៏​ជា​កត្តា​មួយ​ដែល​ធ្វើ​ឲ្យ​រូប​គេ សម្រេច​ចិត្ត​ចូល​រួម​ជាមួយ​ក្លឹប​ជើង​ឯក​កំពូល​អឺរ៉ុប ៣សម័យ​តែ​ម្ដង។

សូម​បញ្ជាក់​ផង​ដែរ ខ្សែ​បម្រើ Matic ទើប​តែ​ត្រូវ​បាន​ក្លឹប​បិសាច​ក្រហម​ទិញ​ពី​ក្លឹប Chelsea កាល​ពី​ដើម​ខែ​នេះ ក្នុង​តម្លៃ ៤០​លាន​ផោន។ ក្នុង​ការ​បង្ហាញ​ខ្លួន​លើក​ទី​មួយ សម្រាប់​ក្លឹប​ថ្មី​របស់​ខ្លួន​ក្នុង​ក្រប​ខណ្ឌ​លីគ​កំពូល​អង់គ្លេស​រដូវ​កាល​ថ្មី កាល​ពី​សប្ដាហ៍​មុន កីឡាករ​រូប​នេះ​បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ ដែល​ជួយ​ឲ្យ​ក្រុម​ឈ្នះ​រហូត​ដល់ ៤-០ ទៅ​លើ​ក្លឹប​ញញួរ​យក្ស West Ham United៕

ប្រភព៖ Sky Sports   ប្រែសម្រួល៖ ហ៊ីម រស្មី

អត្ថបទថ្មី