ឌីមសាំ​ លេច​មុខ​ស្ទើរ​គ្រប់​មីនុយ​​ម្ហូប​នៅហាង​​អាហារ​ចិន​

  • 2017-08-19 04:14:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឌីមសាំ​ជា​ម្ហូប​ប្រចាំ​ត្រកូល​របស់​ជនជាតិ​ចិន។ ស្ទើរ​តែ​គ្រប់​ភោជនីយដ្ឋាន​ដែល​បើក​ដោយ​ជនជាតិ​ចិន តែងតែ​មាន​បម្រើ​ម្ហូប​ប្រពៃណី​នេះ​សម្រាប់​ភ្ញៀវ​ដែល​មក​ទទួល​ទាន។

មេ​ចុងភៅ​ម្ហូប​ចិន​មួយ​រូប​នៅ​ទីក្រុង​ភ្នំពេញ លោក Liu Fu Sing បាន​ប្រាប់ Sabay ថា ឌីមសាំ​ស្ថិត​នៅ​ក្នុង​បញ្ជី​មុខ​ម្ហូប​ចិន​​ដែល​មាន​ប្រជាប្រិយភាព​បំផុត។ ប្រជាជន​ចិន​ក៏​ដូចជា​ពលរដ្ឋ​នៅ​លើ​ពិភពលោក​ដែល​ចង់​សាក​រសជាតិ​ម្ហូប​ចិន កម្រ​ចោល​មុខ​ម្ហូប​អាយុ​កាល​រាប់​ពាន់​ឆ្នាំ​នេះ​ណាស់។

​មាន​ស្រុក​កំណើត​មក​ពី​ខេត្ត​គ័ងស៊ី​​ និង​​បទ​ពិសោធន៍​ជាង​ ១០ ឆ្នាំផ្នែក​ចុងភៅ​ម្ហូប​ចិន​​លោក​​ប្រាប់ថា ការ​ធ្វើ​ឌីមសាំ​មាន​រសជាតិ​ឆ្ងាញ់ ទាល់​តែ​ធ្វើ​និង​ចំហុយ​​ភ្លាមៗ​។ ​ការ​ធ្វើ​ឌីមសាំ​នេះ​ដែរ ត្រូវ​ប្រើ​ពេល​យូរ ដើម្បីវ៉ៃ​ម្សៅធ្វើ​ស្នូល និង​​ចម្អិន​ម្ដង​មួយ​មុខៗ​ដាក់​ចំហុយក្នុង​​​ប្រអប់​ឫស្សី​ជា​ច្រើន​ជាន់​​។

លោក​ថា ឌីមសាំ​មាន​ច្រើន​រសជាតិ​​ដូចជា​ប្រភេទ​ស្នូល​បង្គា ស្នូល​ក្តាម សាច់​ជ្រូក សាច់​គោ​ជា​ដើមតាម​ចំណូល​ចិត្ត​របស់​អតិថិជន។ ​

កំណើន​ភ្ញៀវ​ទេសចរ​ចិន​មក​កម្ពុជា នាំ​ឲ្យ​ហាង​អាហារ​ចិន​ជាច្រើន​បាន​បើក​​រីក​ស្គុសស្គាយ​។

លោក Liu Fu Sing ដែល​​បច្ចុប្បន្ន​ជា​មេ​ចុងភៅ​ប្រចាំ​ហាង​ឌីមសាំ​អែមភើរើ​​ដែល​មាន​ទីតាំង​នៅ​ម្តុំ​ផ្សារ​ច្បារ​អំពៅ​បាន​​ឲ្យ​ដឹង​ថា ពលរដ្ឋ​កម្ពុជា​កាន់​តែ​ច្រើន​កំពុង​ទំនោរ​ចូលចិត្ត​ម្ហូប​ចិន​ដោយសារ​រសជាតិ និង​ភាព​សំបូរ​បែប​នៃ​មុខ​ម្ហូប​ប្លែកៗ​ដែល​ត្រូវ​ចំណូលចិត្ត​របស់​ពួកគេ។

លោកបញ្ជាក់​ថា នៅ​ថ្ងៃ​អនាគត​នៅ​ពេល​ទំនាក់ទំនង​រកស៊ី​រវាង​ប្រទេស​ចិន​និង​កម្ពុជា​កាន់​តែ​រីក​ធំ​ឡើង​ដែល​នាំ​ឲ្យ​លំហូរ​អ្នក​វិនិយោគ​និងភ្ញៀវ​​ទេសចរ​ចិន នឹង​មាន​ការ​បើក​ដំណើរការ​ហាង​បម្រើ​ម្ហូប​អាហារ​ចិន​កាន់​តែ​ច្រើន ហើយ​ពេល​នោះ​ពលរដ្ឋ​ខ្មែរ​ក៏​អាច​សាក​រសជាតិ​ម្ហូប​ចិន​មក​ពី​គ្រប់តំបន់​នៅ​ក្នុង​ប្រទេស​ចិន៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

អត្ថបទពេញនិយម