ស្រ្តី​វ័យក្មេង​រួច​ផុត​ជីវិត​ការ​វាយប្រហារ​ផ្ទួនៗ​គ្នា​ពី​ភេវរករ​នៅ​ទីក្រុង​ បាសេឡូណា ប៉ារីស និង ទីក្រុង​ឡុងដ៍

  • 2017-08-19 09:00:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ត្រី​ជនជាតិ​អូស្ត្រាលី​ម្នាក់​ ដែល​បាន​ភៀស​ខ្លួន​ចេញ​ពី​ការ​ភ័យខ្លាច​ពី​ការ​វាយ​ប្រហារ​​ ​ពី​ក្រុម​ភេរវកម្ម​នៅ​ទីក្រុង​ Barcelona បាន​រៀបរាប់​រាប់​ថា​ នាង​បាន​គេច​ផុត​ពី​​​ឧបទ្ទវហេតុ​ភេរវកម្ម​២​លើក​ផ្សេង​ទៀត​នៅ​ទីក្រុង​ប៉ារីស​ និង​ ទីក្រុង​ឡុងដ៍​ ក្នុង​អំឡុង​ពេល​ធ្វើ​ដំណើរ​របស់នាង​មក​​អឺរ៉ុប។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​របស់ Channel News Asia នៅ​ថ្ងៃ​សៅរ៍​នេះ។

Julia Monaco វ័យ​២៦ឆ្នាំ​បាន​រំលឹក​ទៅ​ដល់​ថ្ងៃ​កើត​ហេតុ​ថា នាង​និង​មិត្តភ័ក្ដិ​​កំពុង​ស្ថិត​នៅ​ក្នុង​ហាង​លក់​ទំនិញ​មួយ​ ខណៈ​ពេល​​ឃើញ​ហ្វូង​មនុស្ស​បាន​រត់​ប្រសាច​គេច​ចេញ​ពី​ការ​ដេញ​បុក​រះ​នៅ​លើ​មហា​វិថី​ដ៏​មមាញឹក​មួយ​ឈ្មោះ​ថា Las Ramblas  ​នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ក្នុង​ទី​ក្រុង​បាសេឡូណា​។

“១​នាទី​ដំបូង​​គ្មាន​អី​កើត​ឡើង​នោះ​ទេ​ តែ​បន្តិច​ក្រោយ​មក​ស្រាប់​តែ​​ផ្ទុះ​សម្រែក​ឡើង។ គ្រប់​គ្នា​ចាប់​ផ្តើម​ស្រែក​ឆោឡោ មនុស្ស​រត់​ប្រសេចប្រសាច ហើយ​គេ​ស្រែក​ប្រាប់​ថា ចេញ​ឲ្យ​ឆ្ងាយ​ពី​បង្អួច​កញ្ចក់"។ Monaco បាន​និយាយ។

នាង​និង​មិត្តភ័ក្ដិ​បាន​ក្រាប​ចុះ​នៅ​ទីនោះ ដោយ​មិន​បាន​ដឹង​ថា​មាន​អ្វី​បាន​កើត​ឡើង​ទៀត​ទេ គឺ​រហូត​ដល់​ស្ថាន​ភាព​ស្ងប់ស្ងាត់​ ហើយ​ពួក​គេ​បាន​ត្រលប់​ទៅ​ផ្ទះសំណាក់​វិញ​។

នេះ​ជា​លើក​ទី​៣​ហើយ​ ដែល​ស្ត្រី​វ័យ​ក្មេង​ជនជាតិ​អូស្ត្រាលី​​រូប​នេះ​រង​ការ​វាយប្រហារ​ដោយ​អំពើ​ ភេរវកម្ម ក្នុង​អំឡុង​ធ្វើ​ដំណើរ​ជុំវិញ​អឺរ៉ុប​នា​រដូវ​ក្ដៅ​នេះ។ នាង​បាន​និយាយ​ថា នាង​បាន​ជាប់​​នៅ​​នឹង​បំពង់​បង្កាន់​ដៃ​ស្ពាន​ ក្នុង​អំឡុង​ការ​វាយ​ប្រហារ​ ដោយ​បើក​ឡាន​បុក​រះ និង កាប់​សម្លាប់​ដោយ​កាំបិត​ដ៏​សាហារ​នៅ​លើ​ស្ពាន​ទីក្រុង​ឡុងដ៏ កាល​ពី​ដើម​ខែ​មិថុនា ដែល​បាន​បណ្ដាល​ឱ្យ​មនុស្ស ៨ នាក់​ស្លាប់។

៣ថ្ងៃ​ក្រោយ​មក​នាង​មាន​វត្ត​មាន​ម្ដង​ទៀត​ នៅ​ក្នុង​ការ​វាយ​ប្រហារ​នា​ទីក្រុង​ប៉ារីស ដោយ​​និស្សិត​ពេទ្យ​ ដែល​​ជាប់​ពាក់ព័ន្ធ​នឹង​ក្រុម IS ដែល​បាន​សម្លាប់​ប៉ូលិស​ម្នាក់។

នាង​និយាយ​ថា​​ នាង​មិន​ទាន់​ចង់​ត្រលប់​ទៅ​ផ្ទះ​វិញ​ទេ។ ឧបទ្ទវហេតុ​ទាំងនេះ​មិន​អាច​បញ្ឈប់​នាង ពី​​បំណង​ធ្វើ​ដំណើរ​ជុំវិញ​ពិភពលោក​បាន​ឡើយ​​៕ ប្រភព៖ Channel News Asia: http://www.channelnewsasia.com/news/asiapacific/australian-caught-up-in-barcelona--paris--london-attacks-9137308

ប្រភព៖ Channelnewsasia   ប្រែសសម្រួល៖ សុខ លាងហ៊ត