ចាប់​ពី​ឆ្នាំ២០១៩ កម្មករ​នឹង​ទទួល​បាន​ប្រាក់​ចូលនិវត្តន៍ ដូច​មន្ត្រី​រាជការ

  • 2017-08-20 04:24:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​ដំណឹង​ពិសេស​ថ្មី​មួយ​ទៀត សម្រាប់​កម្មករ-កម្មការិនី​ទាំង​អស់ ដោយ​សម្ដេច​តេជោ ហ៊ុន សែន បាន​ប្រកាស​ព្រឹក​មិញ​នេះ​ថា ពួក​គេ​នឹង​ទទួល​បាន​ប្រាក់​ចូល​និវត្ត ដូច​គ្នា​នឹង​មន្ត្រី​រាជការ ដោយ​មិន​ចាំ​បាច់​​ធ្វើការ​ក្របខ័ណ្ឌ​រដ្ឋ​ឡើយ។

សម្ដេច​តេជោ ហ៊ុន សែន បាន​មាន​ប្រសាសន៍​​ថា៖ "ចាប់ពីឆ្នាំ ២០១៩ទៅ​ ក្មួយៗ​កម្មករ​នឹង​ទទួល​បាន​ប្រាក់​ចូល​និវត្តន៍​ (ប្រាក់រឺត្រែត)​ ដូចគ្នា​នឹង​មន្ត្រី​រាជការ គឺ​មិន​ចាំបាច់​ធ្វើការ​មាន​ក្រប​ខ័ណ្ឌ​ដូច​មន្រ្តី​រាជការ​ទេ។​ សូម​ក្មួយៗយកចិត្តទុកដាក់ធ្វើការអោយបានល្អ។"

​ការ​ប្រកាស​នេះ ធ្វើ​ឡើង​ដោយ​សម្ដេច​តេជោ ហ៊ុន សែន ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​កម្មករ-កម្មការិនី ៤២៧០​នាក់​នៅ​មជ្ឈមណ្ឌល​កោះពេជ្រ​ព្រឹក​មិញ។ យ៉ាង​ណា​ក្ដី ទំហំ​នៃ​ប្រាក់​ចូល​និវត្តន៍ និង​លក្ខខណ្ឌ​ដើម្បី​ទទួល​បាន​បែប​ណា​នោះ នៅ​មិន​ទាន់​មាន​ការ​បញ្ជាក់​ច្បាស់​នៅ​ឡើយ ដោយ​ស្ថិត​នៅ​ក្នុង​ការ​រៀប​ចំ​នៅ​ឡើយ។

ចំណែក​ដំណឹង​ល្អ​មួយ​ផ្សេង​ទៀត គឺ​ចាប់​ពី​ខែ​ មករា ឆ្នាំ២០១៨ ទៅ និយោជក( ម្ចាស់ក្រុមហ៊ុន) នឹង​ទទួល​ខុស​ត្រូវ​បង់​ថ្លៃ​សេវា​គាំពារ​ធានា​សុខភាព​កម្មករ ១០០%​។​ កម្មករ-កម្មការិនី​នឹង​បាន​សន្សំ​ប្រាក់​យ៉ាង​តិច​ពី ៨០០០៛- ១២០០០៛​ ក្នុង១ខែ៕

អត្ថបទ៖ គង់ វិសាល