គ្រូ​​ U22 ថៃ​ថា បើ​ទម្រង់​លេង​កូន​ក្រុម​នៅ​បែប​នេះ ប្រហែល​មិន​បាន​ឡើង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ

  • 2017-08-20 07:47:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Worrawoot Srimaka គ្រូ​បង្វឹក​ក្រុម​បាល់ទាត់​ U-22 ថៃ និយាយ​ដោយ​មិន​លាក់លៀម​ថា​លោក​ខកចិត្ត​ចំពោះ​ក្រុម​​ក្នុង​ជ័យជម្នះ​ប្រផុតប្រផើយ​ ១-០ លើ​ក្រុម​ទីម័រ​ខាង​កើត​។

លោក Worrawoot Srimakha

គ្រូ​បង្វឹក​ម្ចាស់​គ្រង​ដំណែង​មេដាយ​មាស​២០១៥ ថា​ការ​បាន​៣​ពិន្ទុ​លើ​ក្រុម​ទីម័រ​ជា​សំណាង ព្រោះ​ក្រុម​លោក​លេង​មិន​សូវ​​បាន​ល្អ។ ​​​"កីឡាករ​យើង​ភាគ​ច្រើន ​លេង​ដូច​ជា​ពួក​គេ​​អត់​ចង់​ឈ្នះ​សោះ។ កុំ​សួរ​ខ្ញុំ ព្រោះ​ខ្ញុំ​ក៏​មិន​ដឹង​ពី​មូល​ហេតុ​ដែរ​ "។ គ្រូ​បង្វឹក​វ័យ​ ៤៥ឆ្នាំ​បាន​និយាយ។

គ្រូ​បង្វឹក​ថែម​ទាំង​ថា​ឲ្យ​ចំៗ ឲ្យ​ក្រុម​កីឡាករ​លោក​​ទៅ​​មើល​អតីត​ជម្រើស​ជាតិ​ថៃ​ ថា​​ពួកគេ​ប្រឹង​យ៉ាង​ណា​ ដើម្បី​មុខ​មាត់​ប្រទេស។ "បើ​ពួក​គេ​បន្ត​លេង​របៀប​នេះ​ ខ្ញុំ​មាន​អារម្មណ៍​ថា​យើង​នឹង​ឈាន​មិន​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ផង​»។ លោក​បន្ថែម។

U22 ថៃ

​ពាក្យ​ស្តី​បន្ទោស​របស់​គ្រូ​​បង្វឹក​ធ្វើ​ឡើង​មុន​ពេល​ ថៃ​ត្រូវ​​ប៉ះ​កម្ពុជា​​ថ្ងៃ​ទី២០ ខែ​សីហា​នេះ​ វេលា​ម៉ោង​ ៧:៤៥ នាទី​យប់ ដែល​សង្ឃឹម​ថា​ក្រុម​លោក​នឹង​ពង្រឹង​ស្មារតី​លេង​ឡើង​វិញ។

ក្រុម​បាល់ទាត់​ថៃ​ គ្រង​​ដំណែង​ជើង​ឯក​​មេដាយ​មាស​ច្រើន​ជាងគេ​ចំនួន​ ១៥ដង ក្នុង​ការ​បង្ហាញ​វត្តមាន​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​​​ចំនួន​២៩លើក គិត​តាំង​ពី​ឆ្នាំ​​១៩៥៩មក និង តាម​ពីក្រោយ​ដោយ ម៉ាឡេស៊ី មេដាយ​មាស​៦ដង និង មីយ៉ាន់ម៉ា ៥ដង សម្រាប់​រយៈពេល​ដូច​គ្នា៕

ប្រភព៖ Football Tribe   ប្រែ​សម្រួល​៖ សុខ លាងហ៊ត​​​