ចូលរួម​ត្រេក​អរ ជំងឺមហារីក តា ហ្វុយហ្សូ អាច​មាន​សង្ឃឹម (វីដេអូ)

  • 2017-08-22 04:44:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ស៊ូ សាវ៉ាង ហៅ​ តា ហ៊្វុយហ្សូ អតីត​តារា​​ប្លែង ​និង​ជា​ប្រធាន​សមាគម​ចលនា​វប្បធម៌​ជាតិ ដើម្បី​​ជួយ​ដល់​កុមារ​កំព្រា ​កុមារ​ក្រីក្រ បាន​ថ្លែង​ឲ្យ​ដឹង​ថា ​ជំងឺ​មហារីក​ថ្លើម របស់​លោក​​បាន​​​ប្រសើរ​ជា​មុខ​ជា​ខ្លាំង ហើយ​លោក​រំពឹង​ថា នឹង​ជា​សះស្បើយ​១០០% នា​ពេល​ដ៏​ខ្លី​ខាង​មុន​នេះ។

តា ហ៊្វុយហ្សូ បាន​លើក​ឡើង​ថា បច្ចុប្បន្ន​សុខភាព​របស់​លោក​ល្អ​ប្រសើរ​ខ្លាំង បន្ទាប់​ពី​ទទួល​ការ​ព្យាបាល​ពី​គ្រូពេទ្យ​នៅ​ប្រទេស​ថៃ​ជា​​ច្រើន​លើក​មក។ «វេជ្ជបណ្ឌិត​បាន​ឲ្យ​ពិសា​ថ្នាំ​ជា​ប្រចាំ និង​​ហាមមិន​​ឲ្យ​ខ្ញុំពិសាគ្រឿង​ស្រវឹង និង​អាហារ​ផ្អាប់ ដូច​ជា ផ្អក​ ប្រហុក គេង​ឲ្យ​បាន​គ្រប់​គ្រាន់ ហាត់​ប្រាណ​ ជា​ដើម»តា ហ៊្វុយហ្សូ»។

តា ហ៊្វុយហ្សូ បាន​ទៅ​ព្យាបាល​នៅ​ប្រទេស​ថៃ​ចំនួន​៣​លើក​មក​ហើយ បន្ទាប់​ពី​ជំងឺ​របស់​លោក​ធ្វើ​ទុក្ខ​ ហើយ​បាន​ចូល​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ក្នុង​ស្រុក​មួយ។ លោក​ថា ថ្លៃ​ព្យាបាល​របស់​លោក​កន្លង​មក​នេះ គឺ​ចំណាយ​ប្រហែល​ជា​២ម៉ឺន​ដុល្លារ ដោយ​ថវិកា​ទាំង​នោះ គឺ​ជា​​អំណោយ​ពី​សប្បុរស​ជន​ស្ទើរ​តែ​ទាំង​អស់។

អតីត​តារា​​​បំប្លែង​រូប​នេះ នឹង​ចេញ​ទៅ​​តាមដាន​សុខភាព​​តាម​​ការ​ណាត់​របស់​វេជ្ជបណ្ឌិត​ម្ដង​ទៀត​នៅ​​ថ្ងៃ​ទី៤ កញ្ញា ឆ្នាំ ២០១៧ ខាង​មុខ ដោយ​ការ​ទៅ​ប្រទេស​ថៃ​ជា​លើក​ទី៤​នេះ តា ហ៊្វុយហ្សូ បញ្ជាក់​ថា គឺ​ទៅ​ជា​លើក​ចុង​ក្រោយ​ហើយ។

លោក ស៊ូ សាវ៉ាង ហៅ​ តា ហ៊្វុយហ្សូ មិន​នឹក​ស្មាន​​​ថា ជំងឺ​របស់​ខ្លួន​អាច​ជា​សះស្បើយ​ឡើយ ហើយ​លោក​ពិត​ជា​សប្បាយ​ចិត្ត​ជា​ខ្លាំង។ ជាង​នេះ​ទៅ​ទៀត អ្វី​ដែល​ធ្វើ​ឲ្យ​លោក​មាន​កម្លាំង​ចិត្ត​ ហើយ​ចង​ចាំ​មិន​ភ្លេច​នោះ លោក​ថា គ្រប់​សប្បុរសជន​ទាំង​អស់​ដែល​បាន​ជួយ​លោក តែង​តែ​ជូន​ពរ​ឲ្យ​លោក​ចាប់​ជា​សះ​ស្បើយ ដើម្បី​មក​​បង្រៀន​ចំណេះ​ជំនាញ​សិល្បៈ​ដល់​ក្មេងៗ​​បន្ត​ទៀត ដែល​ចំណុច​នេះ​ហើយ​​បាន​ចាក់​ដោត​បេះដូង​​លោក​តែ​ម្ដង។

សូម​​ស្ដាប់​ការ​រៀបរាប់​​របស់ លោក ស៊ូ សាវ៉ាង ហៅ​ តា ហ៊្វុយហ្សូ ពី​សុខភាព​របស់​លោក៕

អត្ថបទៈ ស៊ុនហួត