យុវជន​កម្ពុជា​៧​រូប​ ​​​ទៅ​​ប្រកួត​ពាន​រង្វាន់​បាល់ទាត់​ពិភព​លោក​ជន​អនាថា

  • 2017-08-22 09:48:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យុវជន​តំណាង​ឲ្យ​កម្ពុជា​​ចំនួន៧​រូប​ នឹង​ទៅ​ចូល​រួម​ប្រកួត​ពាន​រង្វាន់​បាល់ទាត់​ពិភព​លោក​ជន​អនាថា​នៅ​ប្រទេស ន័រវែស នា​ចុង​សប្ដាហ៍​នេះ​ ដែល​មាន​ការ​រៀប​ចំ​ដោយ​អង្គការ​បាល់ទាត់​រីករាយ​កម្ពុជា​អូស្ត្រាលី ( HFGA) ។

ក្នុង​សន្និសីទ​កាសែត​កាល​ពី​ព្រឹកមិញ​នេះ​លោក Paraic Grogan ស្ថាបនិក​របស់​អង្គការ​​បាល់ទាត់​រីករាយ​កម្ពុជា​អូស្ត្រាលី​បាន​ឲ្យ​ដឹង​ថា ​នេះ​ជា​លើក​ទី​១០ ​ហើយ​ដែល​អង្គការ​រៀប​ចំ​បញ្ជូន​កីឡាករ​កម្ពុជា​ទៅ​ចូល​រួម​ប្រកួត​ព្រឹត្តិការណ៍​ដ៏​ធំ​​មួយ​នេះ។ លោក​សង្ឃឹម​​ឆ្នាំ​​នេះ​យុវជន​កម្ពុជា នឹង​នាំ​យក​ស្នាដៃ​ល្អ​​ជូន​ជាតិ​។

លោក Paraic Grogan

ជា​មួយ​គ្នា​​នេះ លោក Scott Neeson ស្ថាបនិក​អង្គការ​មូលនិធិ​កុមារ​កម្ពុជា​​បាន​លើក​ឡើង​ថា ពាន​រង្វាន់​បាល់ទាត់​ពិភព​លោក​ជន​អនាថា ​គឺ​ជា​ឱកាស​ពិសេស​សម្រាប់​យុវជន​កម្ពុជា​បោះ​ជំហាន​ឆ្ពោះ​ទៅ​មុខ​ ដើម្បី​ចូល​រួម​​ចំណែក​អភិវឌ្ឍន៍​វិស័យ​បាល់ទាត់។ យុវជន​ដែល​​​ទៅ​ចូល​រួម​ប្រកួត​​បាល់ទាត់​តំណាង​ឲ្យ​កម្ពុជា​ទាំង​​នេះ​​មិន​អាច​​សិក្សា​ទៅ​ដល់​ថ្នាក់​សាកល​វិទ្យាល័យ​បាន​​ទេ ប៉ុន្តែ​ពួក​គេ​បាន​សម្រេច​ក្ដី​ស្រមៃ​ដ៏​ធំ​​ ដោយ​បាន​ទៅ​ប្រកួត​បាល់ទាត់​តំណាង​ឲ្យ​កម្ពុជា​នៅ​លើ​​ឆាក​អន្តរជាតិ។

​ពាន​រង្វាន់​​បាល់ទាត់​ពិភព​លោក​ជន​អនាថា​​ឆ្នាំ​២០១៧​​នេះ​មាន ៧២ ​ក្រុម​មក​ពី​៤៨​ប្រទេស​ចូល​រួម។ ​​របៀប​នៃ​ការ​ប្រកួត​គឺ​មាន​កីឡាករ ៤​នាក់​លើ​ទីលាន​អាច​ធ្វើ​ការ​ផ្លាស់ប្ដូរ​បាន​ចំនួន៣​លើក​ រយៈ​ពេល​​ប្រកួត​មាន​ចំនួន ២​វគ្គ​ដោយ​មួយ​វគ្គ​មាន៧​នាទី៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​