កម្ពុជា​ផ្ដល់​សិទ្ធិ​ឲ្យ​ក្រុមហ៊ុន​បរទេស​ផលិត​ប្រេងឆៅ​លើកដំបូង​លើសពី​ ៣០លានបារែល​

  • 2017-08-23 07:59:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

  • កម្ពុជា រំពឹងផលិតប្រេងឆៅលើកដំបូង បានលើស ៣០លានបារែល
  • កិច្ចព្រមព្រៀងផ្ដល់ផលចំណេញពីរយ៉ាងសម្រាប់កម្ពុជា
  • ច្បាប់គ្រប់គ្រងលើវិស័យរ៉ែ និងថាមពល កំពុងត្រៀមអនុម័ត

រាជ​រដ្ឋាភិបាល​កម្ពុជា ​បានផ្ដល់​សិទ្ធិ​ឲ្យក្រុមហ៊ុន​សិង្ហបុរី​ អភិវឌ្ឍ​អណ្ដូង​ប្រេង​កាត​​ ​ដែល​រំពឹងថា​ នៅឆ្នាំ ២០២០ កម្ពុជា នឹង​ផលិត​បាន​ប្រេងឆៅ​លើក​ដំបូងក្នុង​រវត្តិសាស្ត្រ​ ក្នុងបរិមាណ​ ៣០លានបារែល ដែល​ក្នុងមួយ​បារ៉ែល​មាន​ចំណុះ​ជិត​១៦០​លីត្រ។ ផែនការ​អភិវឌ្ឍ​នឹងចែក​ជាបី​ណាក់កាល​ ដែលដំណាក់​ដំបូង​អាចនឹង​ទទួលបាន​ពីអណ្ដូង​ទីមួយ​ក្នុងរយៈពេល​ ​២៤ខែ ក្រោយ​ពីធី​សម្ពោធ​ចាប់ផ្ដើម​ជាផ្លូវការ​។

នៅថ្ងៃទី​២៣ ខែសីហា ឆ្នាំ២០១៧ ​ ឯកឧត្តម​ អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តី​ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និងឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តី​ក្រសួងរ៉ែ និង​ថាមពល តំណាងរដ្ឋាភិបាលកម្ពុជា បានចុះ​កិច្ច​ព្រមព្រៀង​ជាមួយក្រុមហ៊ុន KrisEnergy ក្នុងការ​អភិវឌ្ឍ​ប្រេង​នៅប្លុក A ក្នុង​ដែន​សមុទ្រ​ខ្មែរ​។

ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តី​ក្រសួងរ៉ែ និង​ថាមពល ថ្លែងក្នុងពិធីថា «​ជាការ​ចាប់​ផ្ដើមថ្មី​ដ៏​សំខាន់​ នៃ​ណើរ​ការឆ្ពោះ​ទៅ​ការផលិត​ប្រេងឆៅ​លើក​ទីមួយ​ ​ចេញ​ពីដែន​សមុទ្រ​របស់កម្ពុជា»។ ​លោកថាៈ « បរិមាណ​យកចេញ​ប្រេងកា​ត​ដែល​ត្រូវបាន​សិក្សា​កឃើញ​ផ្ទុក​ទុកសម្រាប់​ដំណាក់កាល​ត្រូវ​បាន​ប៉ាន់ស្មាន​ថា មានលើសពី ​៣០លានបារែល ដែល​អាច​មានលទ្ធភាព​ ​ក៏​ដូចជា​គ្រប់គ្រាន់​ ជម្រុញ​ឲ្យកម្ពុជាឲ្យ​ក្លាយជា​ប្រទេស​ផលិត​ប្រេងឆៅ​មួយ​នាពេលអនាគត​»។

នៅ​ក្រោម​កិច្ច​ព្រមព្រៀងនេះ​ ភាគហ៊ុន ៥% ​នៃប្រតិបតិករក្នុងប្លុក A​ នឹងត្រូវ​ផ្ទេរទៅ​ឲ្យរាជរ​ដ្ឋាភិបាល​កម្ពុជា​ ដែល​នឹង​ត្រូវគ្រប់គ្រង​ដោយ​អគ្គនាយកដ្ឋានទ្រព្យ​សម្បត្តិរដ្ឋ​ ​និង​ចំណូល​មិនមែន​សារ​ពើពន្ធ នៃ​ក្រសួងសេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ។ ​ចំណែក​ក្រុមហ៊ុន ​គ្រីសអេនើជី ​កាន់កាន់​ភាគហ៊ុន ​៩៥% ​ដែលនៅ​សល់​។

លោក Kelvin Tang ​ប្រធាន​ក្រុមហ៊ុន KrisEnergy ​បានមាន​ប្រសាសន៍ថា ​អត្រា​ភាគហ៊ុន ៥%​គឺខ្ពស់​សម្រាប់​រដ្ឋាភិបាល​កម្ពុជា​ ​ក្រៅពីនេះ​កម្ពុជា​ក៏​នឹង​ទទួល​បានផលប្រយោជន៍​ពីរ ​បន្ទាប់​ពី​ការចុះ​កិច្ច​ព្រមព្រៀង​ជា​មួយ​ក្រុមហ៊ុន​រួចនេះ។ ​លោកបន្តថាៈ « ​ចំណេញទីមួយ ​គឺ​ទាញបានពន្ធដារពីខាងក្រុមហ៊ុន តម្លៃ​សួយសារ​ដែលរដ្ឋាភិបាល​ប្រមូលបា​ន ​និង​ទីពីរ​នោះ​គឺ​ អត្រា ៥% ​គឺ​ខ្ពស់ជា​ស្រេច​ ហើយយើងអ​នុញ្ញាត​ឲ្យរដ្ឋាភិបាល​ ធ្វើការ​ដៃគូ​ជាមួយ​ក្រុម​ហ៊ុន​ ជាពិសេស​គឺធ្វើការ​ជាមួយគ្នា​ ដើម្បី​​ធ្វើការ​អភិវឌ្ឍ​វិស័យនេះ ​ក៏ដូចជា​ប្រើប្រាស់​ និង​ទាញយក​ផល​ចំណេញ​បច្ចេកវិទ្យា​រួមគ្នា»។

លោក Kelvin Tang ​ប្រធាន​ក្រុមហ៊ុន KrisEnergy

លោក ​ប្រធាន​ក្រុមហ៊ុន KrisEnergy​ សង្ឃឹមថា ​នាពេលខាងមុខ​ រដ្ឋាភិបាល នឹង​អាចបង្កើត​ក្រុមហ៊ុនជាតិ​មួយផង​ដែរ ក្នុងការ​ចម្រាញ់​ប្រេង​នោះ​។

ជាមួយគ្នានេះ ឯកឧត្តម​ អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តី​ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ មានប្រសាសន៍ថាៈ « កម្ពុជានឹងមិនប្រើប្រាស់ចំណូលពីការផលិតប្រេងនេះ ជាដង្ហើមសេដ្ឋកិច្ចនោះឡើយ»។

​ដោយឡែក​គ្នានេះ​​វិញ លោក ជៀប សួរ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាត បានឲ្យដឹងដែរថា ​រដ្ឋាភិបាល​កម្ពុជា​ ក៏​កំពុងត្រៀម​អនុម័តច្បាប់​ពាណិជ្ជកម្ម​លើវិស័យរ៉ែ​ និង​ថាមពល​ក្នុងពេលឆាប់ៗ​ខាងមុខនេះ​ផងដែរ​។

គួរ​ជម្រាប​ដែរថា​ ​ក្រុមហ៊ុន KrisEnergy ​ប្រតិបត្តិករ​ទី២ ​ដែល​ទិញ​ពីក្រុមហ៊ុន​ប្រេង ​Cheveron ​ធ្លាប់​មក​កម្ពុជា​ តែ​មិនទាន់​សម្រេច​នៅឡើយ៕

អត្ថបទ៖ ស៊ិន សាវ៉េត