Leonardo ​ថា​កីឡាករ​កម្ពុជា​នៅ​ក្មេង​ខ្លាំង​ណាស់ ក្នុង​ការ​ក្លាយ​ជា Idol

  • 2017-08-23 23:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូ​បង្វឹក​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​លោក​ Leonardo Vitorino ​បាន​បញ្ជាក់​ថា​កីឡាករ U22 ​កម្ពុជា​​ខ្លះ​ពិត​ជា​នៅ​ក្មេង​ៗ​ខ្លាំង​ណាស់ ក្នុង​ការ​ក្លាយ​ជា Idol ​របស់​អ្នក​គាំទ្រ​គ្រប់​គ្នា ដោយ​ការ​ក្លាយ​ជា Idol ​នេះ​បាន​ជះ​ឥទ្ធិពល​ដល់​ពួកគេ។

នៅ​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​លើក​ទី​២៩​នៅ​ប្រទេស​ម៉ាឡេស៊ី​នេះ ​ក្រុម U22 ​កម្ពុជា​ធ្វើ​មិន​ទាន់​បាន​ល្អ​នោះ​ទេ ​ដោយ​៤​ប្រកួត​កន្លង​មក​មិន​ទាន់​ស្គាល់​ជ័យជម្នះ​ឡើយ ​ទោះ​ជា​ប៉ះ​ជាមួយ​ក្រុម​ដែល​រំពឹង​ថា​ឈ្នះ​ខ្ពស់​ក៏​ដោយ។ ទាក់ទិន​នឹង​បញ្ហា​នេះ​ដែរ ​លោក Leo ​ធ្លាប់​បាន​បញ្ជាក់​ថា​កីឡាករ​ដដែល​ៗ តែងតែ​បង្ក​កំហុស​ដដែល​ៗ ​ទើប​បាន​ជា​លទ្ធផល​មិន​ដូច​អ្វី​ដែល​លោក​ចង់​បាន ​ក៏​ដូចជា​អ្នក​គាំទ្រ។

បន្ថែម​ពី​លើ​នេះ​ទៀត ក្នុង​ក្រុម​ U22 ​នេះ គ្រូ​បង្វឹក​សញ្ជាតិ​ប្រេស៊ីល​មិន​សប្បាយ​ចិត្ត​នោះ​ទេ ​នៅ​ពេល​ដឹក​ថា​ពួកគេ​ខ្លះ​បាន​ក្លាយ​ខ្លួន​ទៅ​ជា Idol ​ម្នាក់​ទៅ​ហើយ​ក្នុង​ប្រទេស​កម្ពុជា។ ខណៈ​ដែល​អាយុ​របស់​ពួកគេ​នឹង​ក្មេង​ខ្ចី​ណាស់ ​ក្នុង​ការ​ទទួល​បាន​ងារ​មួយ​នេះ។ មួយ​វិញ​ទៀត ​វា​អាច​នឹង​ផ្ដល់​ផល​មិន​ល្អ​ទេ សម្រាប់​ពួកគេ​នៅ​ពេល​ក្លាយ​ខ្លួន​ជា Idol ​អ្នក​ដទៃ ​ត្រឹម​អាយុ​នៅ​ក្មេង​យ៉ាង​នេះ។

សូម​បញ្ជាក់​កាល​ពី​យប់មិញ​នេះ ​គ្រូ​បង្វឹក​ដែល​ចូល​ដឹក​នាំ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​នៅ​ដើម​ឆ្នាំ​នេះ ​បាន​ប្រកាស​ដក​កីឡាករ​២​នាក់​ចេញ​ពី​បញ្ជី U22 ​កម្ពុជា​ទៅ​ហើយ គឺ​ច្រឹង ពលរដ្ឋ ​និង​សំអឿន ពិដោរ ក្រោម​ហេតុផល​ថា​ពួកគេ​មិន​គោរព​វិន័យ​ដែល​បាន​ដាក់​ទៅ។ ​ដោយ​ការ​ដក​នេះ​គឺ​ជា​សេចក្ដី​សម្រេច​ចិត្ត​របស់​សហព័ន្ធ​បាល់ទាត់​កម្ពុជា​ផ្ទាល់ ​និង​គ្រូ​បង្វឹក​ផ្ទាល់​តែ​ម្ដង។

ការ​បាត់បង់​កីឡាករ​២​នាក់​នេះ គឺ​មាន​ន័យ​ថា​កម្ពុជា​នៅ​សល់​គ្នា​កាន់​តែ​តិច​ហើយ​ក្នុង​ការ​ប្រកួត​ចុង​ក្រោយ​ប៉ះ​ជាមួយ​ក្រុម​ឥណ្ឌូនេស៊ី ​នៅ​ម៉ោង​៣​រសៀល​នេះ(ម៉ោង​នៅ​កម្ពុជា) ​ព្រោះ​ថា​កីឡាករ​២​នាក់​គឺ អ៊ិន សូដេវីដ ​និង​សឿត បារាំង ក៏​គ្មាន​វត្តមាន​ដែរ ក្រោយ​ពី​ត្រលប់​ទៅ​ប្រលង​បាក់ឌុប​នៅ​កម្ពុជា​វិញ​តាំង​ពី​ថ្ងៃ​ទី​២០៕

អត្ថបទ៖ មុន្នីរម្យ

អត្ថបទពេញនិយម