រដ្ឋបាល​ ដូណាល់ ត្រាំ ត្រៀមរឹតបន្តឹង​ទិដ្ឋាការលើ​កម្ពុជា និងប្រទេស ៣ ផ្សេងទៀត

  • 2017-08-24 07:28:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋបាល​ប្រធានាធិបតី​ដូណាល់ ត្រាំ ​នឹង​រឹត​បន្តឹង​​ប្រទេស​ចំនួន​ ៤​ ដែល​​ធ្លាប់​បដិសេធ​មិន​ទទួល​យក​ជនជាតិ​ខ្លួន​​រស់​​នៅ​លើ​ទឹក​ដី​អាមេរិក​ខុស​ច្បាប់​ត្រលប់​មក​វិញ​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នក​នាំ​ពាក្យ​ក្រសួង​សន្តិសុខ​មាតុភូមិ​​អាមរិក លោក Dave Lapan។

​ប្រទេស​ទាំង ៤ មាន​កម្ពុជា អេរីទ្រី ហ្គីណេ និង​​សេរ៉ាឡេអូន។ ប្រទេស​​ទាំង​នេះ​ត្រូវ​បាន​រដ្ឋបាល​ ដូណាល់ ត្រាំ ចាត់​ទុក​ថា​ជា​ «ប្រទេស​​រឹងរូស» មិន​ព្រម​ទទួល​យក ឬ​ពន្យារពេល​ធ្វើ​មាតុភូមិ​និវត្តន៍​ពលរដ្ឋ​ខ្លួន បន្ទាប់​ពី​សហរដ្ឋ​អាមេរិក​និរទេស​​ពួក​គេ។

គួរ​រំលឹក​ថា ​ក្នុង​អំឡុង​ពេល​​ឃោសនា​រក​សំឡេង​ឆ្នោត​កន្លង​ទៅ​ បេក្ខជន​ប្រធានាធិបតី​ដូណាល់ ត្រាំ ​ធ្លាប់​រិះ​គន់​ប្រឆាំង​​រដ្ឋបាល​អូបាម៉ា ​និង​លោក​ស្រី​ ហ៊ីលឡារី គ្លីនតុន​ ថា​​ មិន​បាន​អើពើ​ទណ្ឌកម្ម​លើ​​ប្រទេស​មិន​សហប្រតិបត្តិការ​​ទាំង​នោះ។

យ៉ាងហោចណាស់ មាន ២៣ប្រទេស​​​ដែល​​បដិសេធ​​មិន​ទទួល​​យក​​ជនជាតិ​ខ្លួន​​ខុស​ច្បាប់​រស់​នៅ​​លើ​ទឹក​ដី​អាមេរិក​ ត្រលប់​ទៅ​​ប្រទេស​កំណើត​វិញ ទោះ​ជា​អាមេរិក​បញ្ជា​ឲ្យ​ចាកចេញ​ក៏​ដោយ​ រួម​ទាំង​ឧក្រិដ្ឋជន​ប្រើប្រាស់​ហិង្សា​ផង។

លោក ដូណាល់ ត្រាំ ​ធ្លាប់​មាន​ប្រសាសន៍​​នៅ​ខែ​សីហា ឆ្នាំ ២០១៦​ថា "យល់​ព្រម​, យើង​ទុក​​ពួក​គេ ​ប៉ុន្តែ​មិន​អាច​​កើត​មាន​ឡើង​ទៀត​ទេ​នៅ​អាណត្តិ​ខ្ញុំ"។ ពលរដ្ឋ​ប្រទេស​​ទាំង ៤​ ខាង​លើ ត្រូវ​បាន​ចាត់​ក្នុង​បញ្ជី​​របស់​រដ្ឋបាល​​ដូណាល​ត្រាំ រួច​ហើយ។ ​ពួក​គេ​​​ប្រឈម​នឹង​ការ​រឹត​បន្តឹង​សុំ​ទិដ្ឋាការ ដែល​អាច​​រារាំង​​ពួក​គេ​មិន​អោយ​ចូល​ទឹក​ដី​អាមេរិក​ទៀត​ផង៕

ប្រភព៖ CNN   ប្រែ​សម្រួល៖ ឡេង ភារុណ