តារា​ក្បាច់​គុន សុខ ដែន បាន​ស្រី​ស្អាត អាង សូនីតា ថត​ឈុត​ថើប​មិន​គិត​លុយ

  • 2017-08-25 04:07:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យ៉ាង​តិច​តារាៗ​ កីឡាករ ព្រម​ទាំង​ក្រុម​បច្ចេកទេស ជិត​១០នាក់ បាន​ចូល​រួម​ថត ​​MV ​បទ ​"មន្ត​អាគមន៍​ស្នេហ៍" ជា​បទ​ចម្រៀង​របស់​តារា​​ល្បី​ខាង​ក្បាច់​គុន លោក សុខ ដែន ដោយ​មិន​គិត​ប្រាក់។ អ្នកទាំង​នោះ​​មាន កញ្ញា អាង សូនីតា នាយ​ឆើត លោក អែល ចាន់តារា កីឡាករ​វង្ស ណយ ជា​ដើម ទោះ​បី​ជា​ថត​មិន​គិត​ប្រាក់​ពិត​មែន ប៉ុន្តែ​ប្លង់​វិញ​មាន​​​ទាំង​ឈុត​​ថើប​​មាត់​ទៀត​ផង។ ​

តាម​ការ​លើក​ឡើង​របស់​​លោក សុខ ដែន បទ​ "មន្ត​អាគមន៍​ស្នេហ៍" ខ្លួន​បាន​ធ្វើ​ជា​យូរ​ណាស់​មក​ហើយ ប៉ុន្តែ​មិន​មាន​ប្រាក់​ដើម្បី​ថត​ MVឡើយ ទើប​តែ​​សម្រេច​ចិត្ត​ថត​កាល​ពី​ពេល​ថ្មីៗ​នេះ ដោយ​មាន​ការ​ចូល​រួម​មិត្តភ័ក្ដិ​​​ដែល​ជា​អ្នក​សិល្បៈ​ដូច​គ្នា ក៏​ដូច​ជា​កីឡាករ ហើយ​អ្នក​ទាំង​​អស់​នោះ មក​ជួយ​ថត​មិន​គិត​ប្រាក់​ឡើយ។

ចំពោះ​មូលហេតុ​ដែល​នាំ​ឲ្យ​តារា​សម្ដែង​ខាង​លើ​មិន​គិត​ថ្លៃ​ខ្លួន​ពី​ការ​ថត​នោះ ត្រូវ​បាន​លោក​​​បញ្ជាក់​ថា ក៏​ព្រោះ​តែ​អ្នក​ទាំង​នោះ​ជា​មិត្ត​ជិត​ស្និទ្ធ​បំផុត ​ពិសេស​នោះ គឺ​ពួក​គេ​​អាណិត​លោក ត្បិត​អី​​បច្ចុប្បន្ន​លោក​កំពុងដុនដាបលើ​បញ្ហា​សេដ្ឋកិច្ច​ខ្លាំង​ណាស់។

តារា​សម្ដែង​ក្នុង​រឿង"ព្រះហ្លូង​ស្ដេច​កន"រូប​នេះ​បាន​បន្ត​ឲ្យ​ដឹង​ថា ទោះបី​ជា​​ខ្លួន​រាល់​ថ្ងៃ​ត្រូវ​បាន​មហាជន​​ស្គាល់​ថា ជា​តារា​ខាង​ក្បាច់​គុន​ពិតមែន ប៉ុន្តែ​បើ​និយាយ​ពី​ជវភាព គឺ​មាន​ការ​លំបាក​ខ្លាំង​ណាស់ ​​បច្ចុប្បន្ន​ស្នាក់​នៅ​ផ្ទះ​ជួល ទីផ្សារ​សិល្បៈ​មាន​ក៏​ពិត​មែន ប៉ុន្តែ​ម្ដង​មាន​ម្ដង​អត់ ហើយ​តម្លៃ​ខ្លួន​វិញ​ក៏មិន​សូវ​ជា​បាន​ថ្លៃ​​ឡើយ។ ដោយសារតែ​ទីផ្សារ​សម្ដែង មិន​សូវ​​ជាកាក់កប​អ៊ីចឹង​ហើយ​ទើប​លោកខំ​ធ្វើ​បទ​ចម្រៀង​ខ្លះៗ ក្រែង​មាន​ទីផ្សារ បច្ចុប្បន្ន​​លោក សុខ ដែន​ប្រាប់​ថា មាន​​បទ​ចម្រៀង​ផ្ទាល់​ខ្លួន​៤ ទៅ៥បទ​ហើយ។

បន្ថែមពីលើនោះ លោក​ក៏​បាន​ព្យាយាម​ផលិត​​រឿង​កំប្លែង​ខ្លីៗ​បាន​មួយ​ចំនួន​ផង​ដែរ។ តារា​វ័យ ៣៥ឆ្នាំ​រូប​នេះ បាន​ថ្លែង​ថា MV ១បទ​​​ខាង​លើ​នេះ ប្រសិន​បើ​ថត​​ឲ្យ​​មាន​គុណភាព​ដូច​ផលិតកម្ម​ក្នុង​ស្រុក ត្រូវ​ចំណាយ​ប្រាក់​​មិន​ក្រោម​១ពាន់​ដុល្លារ​ទេ ប៉ុន្តែ​​ដោយ​​មាន​​មិត្តភ័ក្ដិ​ជួយ​ទាំង​អស់​បែប​នេះ លោក​ចំណាយ​អស់​ត្រឹម​តែ​ជាង​១០០ ដុល្លារ​លើ​​អាហារ​ប៉ុណ្ណោះ។

ការ​ថត​ដោយ​មិន​គិត​ប្រាក់​​នេះ លោក​ថា មិនមែន​តែ​លើក​ទី១​ឡើយ បទ​ចម្រៀង​និង​រឿង​កំប្លែង​ខ្លីៗ​របស់​លោក​កន្លង​មក ក៏​ធ្លាប់​​អ៊ីចឹង​ដែរ ព្រោះ​ដូច​បាន​លើក​ឡើង តារាៗ​ទាំង​នោះ​រាប់​អាន​គ្នា ម្យ៉ាង​ ការ​ពឹង​គ្នា​បែប​នេះ​ គឺ​ម្ដង​គេ​ម្ដង​យើង​ប៉ុណ្ណោះ។ ទោះ​បី​​ជា​ការ​រៀបរាប់​ខាង​លើ​​​​ស្ដាប់​មើល​ទៅហាក់​ដូច​ជា​កម្សត់​វេទនា ដែល​ធ្វើ​ឲ្យ​អ្នក​ដែល​មាន​បំណង​ចង់​ចាប់​អាជីព​សិល្បៈ​អាច​បោះបង់​ចោល ប៉ុន្តែ​​សម្រាប់​លោក សុខ ដែន​វិញ ថ្លែង​ថា នៅតែ​ក្រាញននៀល​បន្ត​អាជីព​មួយ​នេះ​បន្ត​ទៀត ត្បិត​អី​មហាជន​បាន​ស្គាល់​​ខ្លួន​ហើយ នឹង​គួប​ផ្សំ​ចិត្ត​ខ្លួន​​ស្រលាញ់​ផង​៕

អត្ថបទៈ ស៊ុនហួត