បើករថយន្ត​ជ្រុលចង្កូត​ធ្លាក់​ទឹក​ហើយ ប៉ូលិស​ចាប់ខ្លួន​ទៀត

  • 2017-08-26 02:09:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​សិង្ហបុរី​​អាយុ ៣៦​ឆ្នាំ​ម្នាក់​ បាន​បើក​រថយន្ត​ធ្លាក់​ទឹក​​ត្រង់​ចំណុច Sentosa Cove ​​នៅ​ថ្ងៃ​សុក្រ​ម្សិលមិញ ត្រូវ​បាន​ប៉ូលិស​ចាប់​ខ្លួន​បន្ទាប់​ពី​ជួយ​សង្គ្រោះ​ចេញ​ពី​រថយន្ត។

ប៉ូលិស​និយាយ​ថា ​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ​បាន​កើត​ឡើង​នៅ​ម៉ោង ២៖ ១០​នាទី​​រសៀល​ ពាក់​ព័ន្ធ​នឹង​រថយន្ត​ Toyota ​មួយ​គ្រឿង និង​អ្នក​យាម​ល្បាត​ Sentosa ម្នាក់ ដែល​ចុង​ក្រោយ​រថយន្ត​បើក​ធ្លាក់​សមុទ្រ។ អ្នក​ដំណើរ​ក្បែរ​នោះ​បាន​ឃើញ​​ហេតុ​ការណ៍​ក៏​បាន​ទៅ​ជួយ​សង្គ្រោះ​អ្នក​បើក​បរ​នេះ​​ផង​ដែរ។

​អ្នក​បើក និង​អ្នក​យាម​ល្បាត​ ត្រូវ​បាន​គេ​​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ទាំង​ពីរ​នាក់​ដោយ​អ្នក​បើក​បរ​សន្លប់​បាត់​បង់​ស្មារតី និង​អ្នក​យាម​ល្បាត​រង​​របួស​ស្រាល។ បើ​យោង​ទៅ​តាម​សាក្សី​ប្រាប់​ថា អ្នក​យាម​ល្បាត​បាន​ដេញ​តាម​ពីក្រោយ​អ្នក​បើកបរ ​តែ​មិន​ទាន់​ដឹង​មូល​ហេតុ​អ្វី ហើយ​គាត់​ក៏​បាន​គេច​ទៅ​ធ្លាក់​ទឹក​តែ​ម្ដង។

បន្តិច​ក្រោយ​មក មាន​បុរស​ ២​នាក់​បាន​បោះ​ពោង​​ទៅ​ក្នុង​ទឹក តែ​មិន​អាច​​ជួយ​បាន​ ទើប​មាន​​​អូប័រ​នៅ​ក្បែរ​ចេញ​ទៅ​ជួយ​យក​អ្នក​បើក​បរ​ចេញ​តែ​ម្ដង។ ក្រោយ​ស្រង់​រួច​ ប៉ូលិស​​បាន​ចាប់​ខ្លួន​​អ្នក​បើកបរ​ពី​សកម្ម​ភាព​ប្រញាប់​ជ្រុល​បង្ក​ឲ្យ​មាន​គ្រោះ​ថ្នាក់​ ចាត់​ទុក​ជា​បទ​ល្មើស​ព្រហ្មទណ្ឌ៕

ប្រភព៖ Channelnewsasia   ប្រែ​សម្រួល៖ ឡេង ភារុណ

អត្ថបទថ្មី