តារា​ស្រី​ណា​ខ្លះ​មាន​ស្វាមី និង​គូ​ស្នេហ៍​ជាបុរស​​បរទេស?

  • 2017-08-26 23:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​សង្គម​សិល្បៈ​ខ្មែរ​មិន​មាន​តារា​ច្រើន​ប៉ុន្មាន​ទេ​ដែល​មាន​និស្ស័យ​ស្នេហា​ជាមួយ​បុរស​​បរទេស ពោល​គឺមាន​តែ​តារា​ចម្រៀង សម្តែង និង​ពិធីការិនី​ប៉ុន្មាន​នាក់​ប៉ុណ្ណោះ។ ក្រោយ​​​ស្វែង​​យល់​ចិត្ត​ថ្លើមគ្នា ​ពួកគេ​ទាំង​នោះ​បាន​ដឹក​ដៃ​គ្នាចូលរោងការ មាន​កូនប្រុសស្រី និងអ្នកខ្លះទៀតកំពុងតែទាក់ទងគ្នារបៀបគូស្នេហ៍។

ចង់ដឹងថា តើតារាស្រីដែលមានគូស្នេហ៍ និងស្វាមីជាជនជាតិបរទេសទាំងនោះមានតារាណាខ្លះ តាមដានជាមួយ Sabay ទាំងអស់គ្នា។

១. ទូច ស្រីល័ក្ខ៖ តារា​ចម្រៀង​សិចស៊ី​សម្បុរ​ខ្មៅ​ស្រស់​រូប​នេះ​មាន​ស្វាមី​សញ្ជាតិហុល្លង់ ដើម​កំណើត ​អង់គ្លេស គឺ​លោក ម័រថេន ក្វាមេន។ អ្នក​ទាំងពីរ​បាន​រៀបការ​ជាមួយ​គ្នា​នៅឆ្នាំ២០១១ បច្ចុប្បន្ន​មាន​កូន​ប្រុស​ម្នាក់អាយុជិត៣ឆ្នាំ។

២. ខៀវ សានសាណា៖ ក្រោយ​ចែក​ផ្លូវ​ជាមួយ​ស្វាមី​ទី១​ ជា​ជន​ជាតិ​កាណាដា ពិធី​ការិនី​រាង​តូច​ច្រឡឹង​មាន​វោហារស័ព្ទ​និយាយ​ភាសា​អង់គ្លេស​បាន​ល្អ​ ខៀវ សានសាណា បាន​រៀបការ​ជាមួយ​ស្វាមី​ទី ២ កាលពី​ថ្ងៃទី៨ ខែ​តុលា ឆ្នាំ​២០១៦។ ស្វាមី សាណា ​ឈ្មោះ Seraj Sutton សញ្ជាតិអាមេរិក ជា​អ្នកគ្រប់គ្រង​ជាន់ខ្ពស់​នៃក្រុម​ហ៊ុន Herbalife Cambodia។

៣. ផូ មុន្នីពៅ៖ ​​អតីត​ពិធីការិនីទូរទស្សន៍​​ CTN ​ធ្មេញ​ច្រពើស ផូ មុន្នី ពៅ បានរៀបការ​​កាលពីថ្ងៃទី​​១៩ កុម្ភៈ ឆ្នាំ​២០១១ ​ជាមួយលោកអេរិច ជន​ជាតិ​បារាំង​ ជា​មន្ត្រី​​​នៅ​ស្ថានទូត​បារាំង​។ កាលពីថ្ងៃទី២៥ ខែ សីហា កន្លងទៅ នាង​បាន​សម្រាល​កូនប្រុស​ នៅ​លើទឹកដី​ប្រទេស​បារាំង ក្រោយ​ពី​ចាក​ចេញ​ទៅ​រស់​នៅ​ទីនោះបាន​ជាង​១ឆ្នាំ។

៤. ទឹម រដ្ឋា៖ តារា​ល្បី​​​មាន​និស្ស័យ​ជាមួយ​បុរស​បរទេស​ ​ ទឹម រដ្ឋា បាន​ប្រកាស​បែក​មិត្តប្រុស Zarckie ​ជនជាតិ​ប៉ាគីស្ថាន ក្រោយស្គាល់គ្នាបានប្រមាណ៥ឆ្នាំ​ ។ បច្ចុប្បន្ន ​តារាសម្ដែង​កម្ពស់​បាន ទឹម រដ្ឋា ​ កំពុង​ទាក់ទង​ជាមួយ​លោក​ Jovany Antonio ​ជន​ជាតិ​អាមេរិក ថែមទាំង​ត្រូវ​បាន​សាច់​ញាតិ​ទាំង​សង​ខាង​ដឹង​​ឮ​​ទៀតផង។

៥. កែវ ស្រីនាង៖ តារាសម្តែងស្រី​រូប​ស្រស់ មុខ​ស្រទន់ កែវ ស្រីនាង បាន​រៀបការ​ជាមួយ​ស្វាមី​ជា​អ្នក​ជំនួញ​ជនជាតិ​អង់គ្លេស​ ប្រមាណ​១០ឆ្នាំ​មក​ហើយ ដោយ​មាន​ចំណង​ដៃ​កូន​ស្រី​វ័យជំទង់ម្នាក់៕

អត្ថបទ៖ ដេត ធន្នី

អត្ថបទពេញនិយម