ពិសេស​មែន​! មរតក​ដើម ១១បទ​ កក្រើក​ឆាក​​តន្ត្រី​ឆ្លង​សតវត្ស

  • 2017-08-28 10:17:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

"តន្ត្រី​ឆ្លង​សតវត្ស" ​កាល​ពី​យប់​មិញ​​ ធ្វើ​ឱ្យ​អ្នក​ទស្សនា​មាន​ការ​ភ្ញាក់​ផ្អើល​ និង​ពេញ​ចិត្តយ៉ាង​ខ្លាំង​ព្រោះ​តែ​គំនិត​ច្នៃ​ប្រឌិត និង​ទេពកោសល្យ​របស់​សិល្បៈ​ករ។

ការ​សម្ដែង​សិល្បៈ​ជា​ច្រើន​ទម្រង់ ​មាន​ដូច​ជា របាំ​បុរាណ ល្ខោន​ខោល ក្បាច់​គុន​ល្បុក្កតោ ចម្រៀង​សម័យ​ដែល​យក​ទម្រង់​ដូច​ក្នុង​ទសវត្ស​រ៍ទី៦០ និង​សៀក​ជា​ដើម ត្រូវ​បាន​បង្ហាញ​ជូន​ភ្ញៀវ​កិត្តិយស​ជាតិ​និង​អន្តរជាតិ​យ៉ាង​កក្រើក​ឆាក។ ។

អ្នក​សម្រប​សម្រួល​ជាន់​ខ្ពស់​កម្ម​វិធី​អភិវឌ្ឍន៍​សិល្បៈ​អ្នក​នាង យ៉ុន សុខខន បាន​ឱ្យ​ដឹង​ថា ការ​សម្ដែង​តន្ត្រី​ឆ្លង​សតវត្ស​នេះ ​ធ្វើ​ឡើង​ក្នុង​គោល​បំណងបញ្ជ្រាប​បទ​ពិសោធន៍​សិល្បៈ​ទៅ​កាន់​អ្នក​ជំនាន់​ក្រោយ។ ម្យ៉ាង​វិញ​ទៀត​ធ្វើ​ឡើង​ដើម្បី​ជា​វេទិកា​បង្ហាញ​ស្នាដៃ ​និង​គំនិត​ច្នៃ​ប្រឌិត​របស់​សិល្បករ​ផង​ដែរ។ "ការ​សម្ដែង​នេះ​មិន​មែន​សម្ដែង​តែ​សិល្បៈ​បុរាណ​ទេ គឺ​មាន​ទាំង​សម័យ​ និង​ភាព​ច្នៃ​ប្រឌិត។ យើង​ចង់​ឱ្យ​កម្មវិធី​នេះ​ជា​វេទិកា​សិល្បៈ​សម្រាប់​អ្នក​សិល្បៈ​បញ្ចេញ​ស្នាដៃ​ និង​គំនិត​ច្នៃ​ប្រឌិត​របស់​ខ្លួន តាម​កម្មវិធី​យើង​នឹង​ធ្វើ​មួយ​ខែ​ម្ដង”។

ប្រធាន​ក្រុម​ដឹក​នាំ​សម្ដែង​ស្នាដៃ​នេះ​ លោក សួន សុភ័ក្ត្រ បាន​ប្រាប់​ថា ក្នុង​ការ​ដឹក​នាំ​រឿង​នេះ​គឺ​មាន​ការ​ពិបាក​៣ចំណុច ទី១គឺ​សរសេរ​រឿង​ពី​ដើម​រហូត​ដល់​ចប់ នៅ​ពេល​សរសេរ​ហើយ​ត្រូវ​ហាត់​មួយ​ផ្នែក​ម្ដង​ឱ្យ​ត្រូវ​ចង្វាក់។ ទី២​ពិបាក​ក្នុង​ការ​ហាត់​សម​ដោយ​សិល្បករ​ទាំង​អស់​សុទ្ធ​តែ​រវល់ និង​ទី៣​ត្រូវ​យក​ទម្រង់​ទាំង​អស់​មក​បញ្ចូល​គ្នា។ លោក​បញ្ជាក់​ថា ស្នាដៃ​មួយ​នេះ​មាន​ផល​លំបាក​ច្រើន​មែន​តែ​លោក​ពេញ​ចិត្ត​ ព្រោះ​វា​ជា​ការ​ថែរក្សា​មរតក​ដូនតា​រួម​នឹង​គំនិត​ច្នៃ​ប្រឌិត។ លោក​ក៏​បាន​អំពាវ​នាវ​ដល់​កូន​ខ្មែរ​គ្រប់​វ័យ​ចូល​រួម​អភិរក្ស​និង​អភិវឌ្ឍន៍​សិល្បៈ​របស់​ខ្លួន​មុន​នឹង​ជាតិ​សាសន៍​ដទៃ​យក​វា​ធ្វើ​ជា​របស់​គេ។

"តន្ត្រី​ឆ្លង​សតវត្ស" រៀប​ចំឡើង​ដោយ​អង្គការ​សិល្បៈ​ខ្មែរ​អមត រួម​សហការ​ជាមួយ​ក្រុម​រីក​សាយ៕

អត្ថបទៈ ប៉ូ សាគុន

អត្ថបទពេញនិយម