បាន​​​ត្រឹម​​ប្រាក់​មែន​ តែ​ម្ចាស់​មេដាយ​ប៉េតង់​គូ​ចម្រុះ​បង្កើត​កំណត់​ត្រា​ល្អ​បំផុត

  • 2017-08-29 01:46:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បរាជ័យ​ក្រោយ​ការ​វាយ​បក​របស់​ថៃ ជា​រឿង​គួរ​ឲ្យ​សោកស្ដាយ​សម្រាប់​ប៉េតង់​កម្ពុជា​ វិញ្ញាសា​គូ​ចម្រុះ​បុរស-​នារី​ បាន​ត្រឹម​គ្រង​មេដាយ​ប្រាក់​ តែ​​ក៏​ជា​កំណត់​ត្រា​ល្អ​បំផុត​មួយ​ក្នុង​អាជីព​របស់​កីឡាករ​ សៅ​ សុភារ៉ាន់​ ដ្បិត​ជា​ការ​ចូលរួម​ប្រជែង​​លើក​ដំបូង​បង្អស់​​ ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម។​

កីឡាករ សៅ​ សុភារ៉ាន់ និង​កីឡា​ការិនី​ ឌួង​ ឌីណា​

«តាម​ពិត​ទៅ​ខ្ញុំ​ធ្លាប់​ឈ្នះ​មេដាយ​មាស​ ជើងឯក​ប៉េតង់​អាស៊ាន​ មេដាយ​មាស​កីឡា​និស្សិត​អាស៊ាន​ តែ​សម្រាប់​ស៊ីហ្គេម​នេះ​វិញ​ ខ្ញុំ​អត់​ធ្លាប់​ចេញ​សោះ​។ នេះ​ជា​លើក​ដំបូង​បង្អស់​​ចូល​ប្រកួត​ស៊ីហ្គេម​ បាន​ឈ្នះ​មេដាយ​ប្រាក់​មួយ​គ្រឿង ខ្ញុំ​សប្បាយ​ និង​​រំភើប​ចិត្ត​ខ្លាំង​ណាស់​ ដែល​ធ្វើ​បាន​លទ្ធផល​បែប​នេះ»។ សម្ដី​របស់ សៅ​ សុភារ៉ាន់​

យ៉ាង​ណា​ក្ដី​ ភាព​សោកស្ដាយ​នៅ​តែ​វិលវល់​ក្នុង​អារម្មណ៍​កីឡាករ​រូប​នេះ​ ដោយ​​សាមី​ខ្លួន​ទទួល​ស្គាល់​ថា​ សមត្ថភាព​គូប្រជែង​ពិត​ជា​មិន​ធម្មតា​ ហើយ​ថា​ការ​ភ្លាត់​ស្នៀត​វាយ​ខុស​២គ្រាប់​ក្នុង​សេវា​ចុងក្រោយ​ បណ្ដាល​ឱ្យ​ថៃ​ឆក់​យក​មេដាយ​មាស​ទៅ​បាត់។

«ពេល​ហ្នឹង​ពិន្ទុ​យើង​៨​ស្មើ​ យើង​៨​គេ​៦​គេ​ស៊ី​២​តាម​ស្មើ​។​ គេ​បោះ​សឺវីស​ទៅ​ កូន​គេ​​ឱប​ប៊ី​ជាប់​ ខ្ញុំ​សម្រេច​ចិត្ត​វ៉ៃ​តែ​វ៉ៃ​អត់​បាន​ល្អ​ ផុត​ក្បាល​ប៊ូល​គេ​​​៣​គ្រាប់​ ហើយ​យើង​ចូល​បិទ​គេ​កុំ​ឱ្យ​ស៊ី​ច្រើន​ តែ​ចូល​ល្អ​បាន​តែ​១​គ្រាប់​ គេ​សល់​ប៊ូល​ច្រើន​ គេ​ចូល​ស៊ី​៥​ គេ​ឈ្នះ​តែ​ម្ដង»។​​ សៅ​ សុភារ៉ាន់ បន្ថែម

គួរ​បញ្ជាក់​ថា​ កីឡាករ​ សៅ​ សុភារ៉ាន់​ និង​កីឡា​ការិនី​ ឌួង​ ឌីណា​ ចាប់​ដៃ​គ្នា​យក​បាន​មេដាយ​ប្រាក់​ទី​១​សម្រាប់​កម្ពុជា​ ក្នុង​វិញ្ញាសា​វាយ​គូ​ចម្រុះ​បុរស​នារី​ ក្រោយ​ចាញ់​ការ​វាយ​បក​ពី​ក្រុម​ថៃ​ ដោយ​ពិន្ទុ​ ១៣​-៨ ដូច​កាល​កីឡា​ការិនី​ កែ​ ឡេង​ និង​ អ៊ុក​ ស្រី​មុំ​ ដណ្ដើម​បាន​មេដាយ​មាស​ពី​ថៃ​ វិញ្ញាសា​វាយ​គូ​នារី​ដែរ៕

ស្រាបៀរ​អង្គរ​មាន​មោទនភាព​គាំទ្រ​អត្តពលិក​ជាតិ​​ចូល​រួម​ប្រកួត​កីឡា​ស៊ីហ្គេម ២០១៧ #ឆន្ទៈ​យើងបេះ​ដូង​យើង៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​