Ford ផ្ដល់​ជំនួយ​​​អត់​សំណង សង់​អណ្ដូង​ទឹក ១៧កន្លែង នៅ​ព្រះវិហារ

  • 2017-08-29 04:08:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Ford និង RMA Cambodia ដែល​ជា​តំណាង​នាំ​ចូល ចែក​ចាយ​ផ្ដាច់​មុខ Ford ប្រចាំ​កម្ពុជា​បាន​ផ្ដល់​មូលនិធិ​មាន​ទឹកប្រាក់ ២៥ ០០០ដុល្លារ ដល់​សភា​យុវពាណិជ្ជករ​អន្តរជាតិ​កម្ពុជា (JCI) ដើម្បី​អនុវត្ត​គម្រោង "ការ​ផ្ដល់​អណ្ដូង​ទឹក​ស្អាត​ដល់​សហគមន៍​នៅ​កម្ពុជា" ដោយ​គម្រោង​នេះ​ជា​ផ្នែក​មួយ​នៃ​កម្មវិធី​មូលនិធិ​អភិរក្ស និង​ការពារ​បរិស្ថាន​ជា​សកល​របស់ Ford (Ford Conservation and Environmental Grants Initiative)។

ជំនួយ​នេះ​អាច​ឲ្យ​ក្រុម JCI សាង​សង់​អណ្ដូង​ទឹក ១៧ កន្លែង​នៅ​ព្រះវិហារ ដោយ​ក្នុង​នោះ​អណ្ដូង ៦ ធ្វើ​នៅ​ភូមិ​សំរោង ឃុំ​តស៊ូ ស្រុក​ជ័យ​សែន អណ្ដូង ៨ នៅ​ក្នុង​ឃុំ​រក្សា​ស្រុក​រវៀង និង​អណ្ដូង ៣ទៀត ក្នុង​ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត។

គម្រោង​នេះ​បាន​បន្ត​ពី​ការ​ផ្ដួចផ្ដើម​របស់​អនុប្រធាន Ford លោកស្រី Elena Ford ពេល​ដែល​អ្នកស្រី​មក​ទស្សនា​កម្ពុជា​ក្នុង​ឆ្នាំ ២០១២ ហើយ​បាន​សន្យា​ថា Ford នឹង​ជួយ​ដោះស្រាយ​កង្វះ​ខាត​ធនធាន​ទឹក​ស្អាត​សម្រាប់​សហគមន៍​ជន​បទ​នៅ​កម្ពុជា។

លោក សេង វឹង នាយក​គ្រប់​គ្រង Ford នៃ​ក្រុមហ៊ុន RMA Cambodia បាន​និយាយ​ថា៖ "ការ​ផ្ដល់​អណ្ដូង​ទឹក​ស្អាត និង​ការ​ចូលរួម​ចំណែក​ជាមួយ​សហគមន៍ ដែល​យើង​កំពុង​រស់នៅ និង​ធ្វើការ​ជាមួយ គឺ​ជា​កាតព្វកិច្ច​ចាំបាច់ និង​មាន​សារៈសំខាន់​បំផុត​សម្រាប់ Ford និង RMA Cambodia"។

លោក​ស្រី ជា សុផល្លា ប្រធាន JCI Cambodia បាន​ឲ្យ​ដឹង​ថា៖ "មូលនិធិ​នេះ​នឹង​ជួយ​ដល់​គោលបំណង​យើង​ ក្នុង​ការ​កែ​លំអ​ជីវិត​រស់នៅ​របស់​គ្រួសារ​នៅ​សហគមន៍​ជនបទ​ទូទាំង​កម្ពុជា ហើយ​កាល​ពី ២០១៥ Ford និង RMA Cambodia ធ្លាប់​ផ្ដល់​ជំនួយ​ឥត​សំណង ២០ ០០០ដុល្លារ ដើម្បី​សង់​អណ្ដូង​ទឹក​ ៨ នៅ​ខេត្ត​កំពត​ម្ដង​មក​ហើយ"៕

ដោយ៖ វិទូ