៥ ចំណុច​​នាំ​ឲ្យ​ Arsenal ជួប​វិបត្តិ​លេង​វល់​ៗ​នៅ​ដើម​រដូវ​កាល​

  • 2017-08-29 09:25:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

៣​ប្រកួត​ដំបូង​ដើម​រដូវ​កាល​ Premier League ក្រុម​កាំ​ភ្លើង​ធំ Arsenal លេង​មិន​បាន​ល្អ​ទេ ក្នុង​នោះ​ឈ្នោះ Leicester City ទាំង​ប្រផឹតប្រផើយ ចាញ់​ Stoke City និង Liverpool ធ្ងន់​ក ៤-០។ តើ​កត្តា​អ្វី​ខ្លះ​នាំ​ឲ្យ ក្រុម​លោក Wenger ជួប​វិបត្តិ​ទាំង​ដើម​ទៅ​បែប​នេះ។

១. អារម្មណ៍​របស់​កីឡាករ​ចង់​ចេញ​ពី​ក្លឹប​

កាល​ពី​ប្រកួត​ជាមួយ Liverpool កីឡាករ​មួយ​ចំនួន​ធំ​របស់​កាំភ្លើង​ធំ​​ហាក់​លេង​មិន​មាន​ទំនុក​ចិត្ត​និង​ស៊ី​ចង្វាក់​គ្នា​ឡើយ។ Alexis Sanchez និង​ Alex-Oxlade Chamberlain សុទ្ធ​តែ​មាន​លេង​ជម្រើស​ដំបូង​កាល​ពី​ចុង​សប្ដាហ៍ ហើយ​ពួក​គេ​ជា​មុខ​សញ្ញា​ធុញ​ទ្រាន់​នឹង​ក្លឹប​ចង់​ដើរ​ចេញ ​ដូច្នេះ​ជាហេតុ​ផល​​មួយ​ធ្វើ​ឲ្យ​អារម្មណ៍​របស់​ពួក​គេ​ប្រមូល​ផ្ដុំ​មិន​បាន​ល្អ។​ ជាក់​ស្ដែង​​កាល​ពី​យប់​មិញ សារព័ត៌មាន​អង់គ្លេស​បាន​ចុះ​ផ្សាយ​ថា Chamberlain បាន​យល់​ព្រម​មក​លេង​ឲ្យ Chelsea​ ហើយ បន្ទាប់​ពី​គេ​មិន​ព្រម​ត​កុងត្រា​ជាមួយ Arsenal។ ខ្សែ​ការពារ Shkodran Mustafi ក៏​មាន​ដំណឹង​ចង់​ចេញ​ពី​ក្លឹប​ទី​កាន់​ទៅ​ដី​អ៊ីតាលី​ដែរ។ អ្វី​សំខាន់ Arsenal ឆ្នាំ​នេះ​មិន​បាន​លេង Champions League ទៀត។

២. ​ឆ្នាំ​ផុត​កំណត់​នៃ​កុង​ត្រា​របស់​កីឡាករ​​​សំខាន់​ៗ​​ដូច​គ្នា​ពេក

បញ្ហា​ទី​២​នៅ​តែ​ជា​រឿង​កីឡាករ ជា​ទូទៅ​​រាល់​កីឡាករ​​ទាំង​អស់​​ដែល​សមត្ថភាព​​នៅ​ល្អ ​ហើយ​​កុងត្រា​ជិត​អស់ ពួក​គេ​តែ​រំអុក​ជាមួយ​ក្លឹប​​ដើម្បី​ដំឡើង​ប្រាក់​ខែ​សម្រាប់​កុងត្រា​ថ្មី​ បើ​មិន​ដូច្នេះ​ពួក​គេ​នឹង​ចាកចេញ​រក​ទ្រនំ​ថ្មី។  Alexis Sanchez, Alex Oxlade-Chamberlain និងMesut Ozil ​កីឡាករ​ទាំង​នេះ​​កិច្ចសន្យា​របស់​ពួក​គេ​នឹង​អស់​នៅ​ឆ្នាំ​ក្រោយ​ដូច​គ្នា ហើយ​បញ្ហា​ចរចា​កុងត្រា​​ថ្មី​​​​នៅ​តែ​ជា​ចំណោទ​ចោទ​សួរ ស្រប​ពេល Chamberlain ចេញ​ទៅ​មួយ​ហើយ។ នេះ​ក៏​ជា​កត្តា​សំខាន់​ធ្វើ​ឲ្យ​កីឡាករ​លេង​មិន​អស់​លើ​ទីលាន ដើម្បី​បង្ខំ​ចិត្ត​ក្លឹប​ដែរ។

៣. ពាក់​នឹង​យុទ្ធសាស្ត្រ​ទម្រង់​លេង​​​ថ្មី

​​​ យុទ្ធសាស្ត្រ​ទម្រង់​ចាស់ ៤-២-៣-១ ត្រូវ​បាន​លុប​បាត់​ ​ដោយ​លោក Wengerជំនួស​ទម្រង់​​​ ៣-៤-២-១ វិញ​ដែល​លោក Antonio Conte ជោគជ័យ​កាល​ពី​រដូវ​កាល​មុន​។ ព្រោះ​តែ​ទម្រង់​នេះ​កីឡាករ​របស់ Arsenal ​មិន​ទាន់​ស៊ាំ​ ហើយ​មិន​ស្ដាប់​ការ​ណែនាំ​ពី​​អ្នក​ចាត់​ការ។ ដូច​លេង​ជាមួយ Liverpool កីឡាករ Granit Xhaka និង​ Aaron Ramsey មិន​មាន​ទំនួល​ខុស​ត្រូវ​ការ​ការពារ​ ស្របពេល​ខ្សែ​ការពារ​ទាំង​៣​នៅ​ទន់​ខ្សោយ​លេង​មិន​ស៊ី​គ្នា។​

៤. រាល់​ប្រកួត​​ជាមួយ​ក្រុម​ធំ​ៗ​ក្រៅ​ដី​ Arsenal លេង​មិន​សូវ​ឈ្នះ​គេ

​​​ យោង​តាម​លទ្ធផល ២៥​ប្រកួត​ចុងក្រោយ​នៅ​ក្រៅ​ដី​ជាមួយ Manchester United, Manchester City, Chelsea, Liverpool និង Tottenham ក្រុម Arsenal ឈ្នះ​​បាន​តែ​៣ ស្មើ​៧​ ចាញ់​១៦​។

៥. អ្នក​ចាត់ការ

​ ជា​យូរ​មក​ហើយ​​ អ្នក​គាំទ្រ​ក្លឹប​នៅ​ឡុងដុង​មួយ​នេះ​តែង​ចង់​ឲ្យ Arsene Wenger ចេញ​ ដោយ​សារ​លោក​ដឹក​នាំ​ក្រុម​មិន​បាន​លេចធ្លោ​ឲ្យ​ខ្លាំង​ក្លា ដូច​ក្លឹប​អង់គ្លេស​ដទៃ​ឡើយ​ គឺ​ត្រឹម​​​មួយ​រស់​ៗ​ប៉ុណ្ណោះ។ ក្នុង​រដូវកាល​ថ្មី​​ក៏​អាច​ជា​សម្ពាធ​​ថ្មី​របស់ Wenger ព្រោះ​លោក​ទើប​តែ​ចុះ​កុងត្រា​២​ឆ្នាំ។ ស្រប​ពេល​​មិន​មាន​ការ​នាំ​ចូល​កីឡាករ​ល្អ​ៗ​ចូល​ច្រើន និង Wenger អារម្មណ៍​មិន​ល្អ​តាំង​ពី​ចប់​រដូវ​មុន វា​អាច​ជា​បញ្ហា​ធ្វើ​ឲ្យ​លោក​ស្មុគស្មាញ​ដឹក​នាំ​ក្រុម​មិន​ល្អ​នៅ​​ដើម​រដូវ​កាល​នេះ៕ ​​​​​​

ចុចអាន៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ