តិចនិក​ទាំង ៥ អាច​ជួយ​ឲ្យ​អ្នក​រើស​ជំនាញ​សិក្សា​ថ្នាក់​មហាវិទ្យាល័យ​បាន​ត្រឹមត្រូវ

  • 2017-08-29 12:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​រើស​មុខ​ជំនាញ​សិក្សា​ថ្នាក់​មហាវិទ្យាល័យ​ជា​របត់​ថ្មី និង​សំខាន់​មួយ​ក្នុង​ជីវិត​ ជា​ពិសេស​សម្រាប់​សិស្សានុសិស្ស​ដែល​ទើប​តែ​រៀន​ចប់​ថ្នាក់​ទី ១២​តែ​ម្ដង ព្រោះ​ការ​រើស​នេះ​បាន​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​ដល់​ដំណាក់កាល​ក្រោយ​ៗ​ទៀត​នៃ​ជីវិត​របស់​អ្នក​ទាក់ទង​នឹង​ការ​រៀប​ចំ​ផែន​ការ​ជីវិត​នា​ថ្ងៃ​អនាគត ក៏​ដូច​ជា​ក្នុង​ផ្លូវ​មុខរបរ ឬ​ជំនួញ​ផ្សេងៗ​ជា​ដើម។

បណ្ណាល័យ​វិទ្យាស្ថានភាសាបរទេស IFL | រូបភាព៖vietholidaytravel

ដូច្នេះ​ការ​ជ្រើស​រើស​មុខ​ជំនាញ​ឲ្យ​បាន​ត្រឹម​ត្រូវ​គឺ​ជា​រឿង​សំខាន់​ណាស់ សម្រាប់​អ្នក ព្រោះ​បើ​រើស​បាន​ត្រឹម​ត្រូវ​ អ្នក​នឹង​ប្រើ​មុខ​ជំនាញ​អ្នក​បាន​ត្រឹម​ត្រូវ​សម​ស្រប​ទៅ​នឹង​គោល​ដៅ​របស់​អ្នក ហើយ​អ្នក​បាន​សន្សំ​សំចៃ​ពេល​វេលា​របស់​អ្នក​បាន​ច្រើន​ទៀត​ផង។ ហេតុ​នេះ​ហើយ អត្ថបទ​នេះ​នឹង​លើក​ឡើង​ពី​តិចនិក​ទាំង ៥ ដែល​អាច​ជួយ​អ្នក​ក្នុង​ការ​រើស​មុខ​ជំនាញ​ថ្នាក់​សិក្សា​ថ្នាក់​មហា​វិទ្យាល័យ​ឲ្យ​បាន​ត្រឹម​ត្រូវ មាន​ដូច​ត​ទៅ៖

១.ស្វែង​រក​ព័ត៌មាន​ទាក់​ទង​នឹង​មុខ​ជំនាញ​ឲ្យ​បាន​ច្រើន៖

ព័ត៌មាន​ទាក់​ទង​នឹង​មុខ​ជំនាញ​គឺ​ពិត​ជា​សំខាន់ ព្រោះ​វា​ធ្វើ​ឲ្យ​អ្នក​យល់​កាន់​តែ​ច្បាស់​ពី​មុខ​ជំនាញ​ទាំង​នោះ។ ដូច្នេះ​អ្នក​គួរ​ទៅ​សួរ​ព័ត៌មាន​ទាំង​នេះ​ពី​សាកល​វិទ្យាល័យ​មួយ​ចំនួន​ដែល​មាន​ជំនាញ​ដែល​អ្នក​ចាប់​អារម្មណ៍ ឬ​ចូល​តាម​គេហទំព័រ​ផ្លូវ​ការ​របស់​សាកលវិទ្យាល័យ​ទាំង​នោះ (បើ​មាន) ឬ​បើ​សិន​ជា​អ្នក​ស្គាល់​សិស្ស​ច្បង​ជំនាន់​មុន អ្នក​អាច​សួរ​ពួក​គាត់​បាន​ទាក់​ទង​ជំនាញ​ទាំង​នោះ។

២.ពិគ្រោះ​ជាមួយ​អ្នក​ជំនាញ អ្នក​ដែល​មាន​បទពិសោធន៍ ឬ​អ្នក​ដែល​ស្គាល់​អ្នក​ច្បាស់​ឲ្យ​បាន​ច្រើន៖

អ្នក​គួរ​ធ្វើ​ការ​ពិភាក្សា​ជាមួយ​អ្នក​ជំនាញ​នៅ​តាម​សិក្ខាសាលា​ផ្សេងៗ​ដែល​ទាក់​ទង​នឹង​ការ​រើស​ជំនាញ​សិក្សា។ អ្នក​ក៏​គួរ​តែ​ប្រឹក្សា​ជាមួយ​សិស្ស​ច្បង​មាន​បទ​ពិសោធន៍​ ហើយ​ជា​ពិសេស​អ្នក​គួរ​តែ​ពិគ្រោះ​ជាមួយ​អ្នក​ដែល​ស្គាល់​អ្នក​ច្បាស់ ដូច​ជា​ឪពុក​ម្ដាយ​អ្នក​ជាដើម ដើម្បី​ជា​ជំនួយ​ដល់​ការ​សម្រេច​ចិត្ត។

៣.ចាត់​ទុក​ការ​រើស​ជំនាញ​សិក្សា​ជា​ការងារ​មួយ​ដែល​យើង​ត្រូវ​សម្រេច៖

ធម្មតា​រាល់​ការ​បំពេញ​កិច្ច​ការងារ​អ្វី​មួយ អ្នក​ត្រូវ​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន ការ​គិត​មុខ​គិត​ក្រោយ ការ​ប្ដេជ្ញា​ចិត្ត​ និង​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​ណាស់​ ដើម្បី​សម្រេច​កិច្ចការ​បាន​ផ្លែ​ផ្កា​គួរ​ជា​ទី​គាប់​ចិត្ត។ ដូច្នេះ​ អ្នក​ត្រូវ​ចាត់​ទុក​ការ​រើស​ជំនាញ​សិក្សា​នេះ ឲ្យ​ដូច​ទៅ​នឹង​ពេល​បំពេញ​ការងារ​សំខាន់​អ៊ីចឹង​ដែរ ព្រោះ​ការ​រើស​នេះ​តម្រូវ​ឲ្យ​អ្នក​ប្រើ​ពេល​វេលា​គិត​ពិចារណា​ច្រើន ហើយ​មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់​ចំពោះ​លទ្ធផល​ដែល​កើត​ឡើង​ក្រោយ​សេចក្ដី​សម្រេច​ចិត្ត​របស់​អ្នក​មួយ​នេះ​។ ពេល​ដែល​មាន​ផ្នត់​គំនិត​បែប​នេះ វា​អាច​ធ្វើ​ឲ្យ​អ្នក​មាន​ភាព​យក​ចិត្ត​ដាក់​ក្នុង​ការ​រើស ដែល​នេះ​អាច​ជួយ​ឲ្យ​អ្នក​រើស​មុខ​ជំនាញ​ត្រូវ។

៤.ស្វែង​យល់​ពី​ខ្លួន​ឯង៖

អ្នក​គួរ​​ចំណាយ​ពេល​ឲ្យ​បាន​ច្រើន​បន្តិច​ក្នុង​ការ​ស្វែង​យល់​ពី​ខ្លួន​អ្នក​ឲ្យ​បាន​ច្រើន តាម​រយៈ​ការ​សួរ​ខ្លួន​ឯង​នូវ​សំណួរ​ងាយ​តែ​ពិបាក​ឆ្លើយ​មួយ​ចំនួន​ដូចជា ខ្លួន​ចូល​ចិត្ត​អ្វី​ឲ្យ​ពិត​ប្រាកដ ចង់​រៀន​មុខ​ជំនាញ​របៀប​ណា ចង់​ប្រកប​មុខរបរ ឬ​មុខ​ជំនាញ​អ្វី​នា​ពេល​ខាង​មុខ​ជាដើម។ សំណួរ​ទាំង​នេះ​មិន​មែន​តែ​មួយ​ថ្ងៃ​ឆ្លើយ​បាន​នោះ​ទេ ពោល​គឺ​ត្រូវ​ពេល​ចំណាយ​ពេល​ច្រើន​ក្នុង​ការ​ឆ្លើយ រហូត​ដល់​អ្នក​អាច​រក​ឃើញ​ពី​អ្វី​ជា​ខ្លួន​អ្នក​ពិត​ប្រាកដ រួច​អ្នក​អាច​សន្និដ្ឋាន​បាន​ថា​ត្រូវ​រៀន​ជំនាញ​អ្វី​តាម​រយៈ​ចម្លើយ​នៃ​សំណួរ​ទាំង​នោះ។

៥.ដាក់​គោល​ដៅ​ឲ្យ​បាន​ច្បាស់​លាស់៖

ពេល​ដែល​អ្នក​ព្យាយាម​យល់​ពី​ខ្លួន​ឯង​ហើយ អ្នក​អាច​ដាក់​ចេញ​នូវ​គោល​ដៅ​មួយ​ចំនួន​សម្រាប់​ជា​ផែន​ការ​របស់​អ្នក​ទៅ​ថ្ងៃ​ខាង​មុខ​ទាក់​ទង​នឹង​ជំនាញ​ដែល​អ្នក​បាន​រើស។ អ្នក​គួរ​ដាក់​ផែន​ការ​រយៈ​ពេល​ខ្លី ឬ​វែង​ដូចជា​ អ្នក​ត្រូវ​សម្រេច​អ្វី​បាន​ខ្លះ​ក្នុង​រយៈ​ពេល​ ១​ខែ ៣​ខែ ៦ខែ ឬ​១ឆ្នាំ​ដំបូង​នៃ​ការ​រៀន​ជំនាញ​ដែល​អ្នក​រើស ហើយ​អ្នក​ត្រូវ​អភិវឌ្ឍ​ខ្លួន​យ៉ាង​ណា​ដើម្បី​ឲ្យ​រៀន​មុខ​ជំនាញ​ដែល​អ្នក​រើស​ឲ្យ​បាន​លទ្ធផល​ល្អ​ ហើយ​អ្នក​រំពឹង​អ្វី​ខ្លះ​ពី​មុខ​ជំនាញ​នេះ​ជាដើម។ ចូរ​ចង​ចាំ​ថា អ្នក​គួរ​ដាក់​ផែន​ការ​ណា​ដែល​ខ្លួន​អ្នក​អាច​ធ្វើ​បាន មិន​មែន​ផែន​ការ​បែប​ស្រមើ​ស្រមៃ​ហួស​ហេតុ​ដែល​មិន​អាច​សម្រេច​បាន ឬ​ផែន​ការ​ដែល​ធ្ងន់ធ្ងរ​ពេក​ដែល​ដាក់​សម្ពាធ​លើ​អ្នក​ខ្លាំង​នោះ​ទេ។ បើ​អ្នក​អាច​ចេញ​គោល​ដៅ​ច្បាស់​លាស់​បាន​ នោះ​មាន​ន័យ​ថា​អ្នក​ពេញ​ចិត្ត​ជំនាញ​នោះ​ហើយ។

សរុប​មក​ ការ​ជ្រើស​រើស​មុខ​ជំនាញ​សិក្សា​គឺ​ពិត​ជា​សំខាន់​ខ្លាំង​ណាស់ ព្រោះ​វា​មាន​ទំនាក់​ទំនង​យ៉ាង​ជិត​ស្និទ្ធ​ទៅ​នឹង​ដំណើរ​ជីវិត​របស់​អ្នក​ក្នុង​ពេល​នេះ ក៏​ដូច​ជា​ពេល​អនាគត។ ដូច្នេះ​សូម​ពិចារណា​ឲ្យ​បាន​ច្បាស់​លាស់ ដើម្បី​រើស​ឲ្យ​បាន​ត្រឹម​ត្រូវ។ សូម​ជូន​ពរ​ឲ្យ​មាន​សំណាង​ល្អ​ក្នុង​ការ​ជ្រើស​រើស​ដ៏​សំខាន់​មួយ​នេះ៕

http://www.huffingtonpost.com/gianna-sengupta/7-tips-for-choosing-a-col_b_5993994.html https://www.washington.edu/uaa/advising/academic-planning/majors-and-minors/choosing-a-major/ https://admissions.carleton.ca/programs-of-study/how-to-choose-a-major/factors-to-consider/

ប្រភព៖ Huffingtonpost | Washingtonpost | usanews   ប្រែ​សម្រួល៖ ហ៊ីម រស្មី