Monaco ទិញ Jovetic ជា​ផ្លូវ​ការ​ហើយ

  • 2017-08-30 01:37:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ជើង​ឯក​លីគ​បារាំង​កាល​ពី​រដូវ​កាល​មុន Monaco ទើប​តែ​ប្រកាស​ជា​ផ្លូវ​ការ​នូវ​ការ​ទិញ​កីឡាករ​ខ្សែ​បម្រើ​ប្រយុទ្ធ Stevan Jovetic ​របស់​ក្លឹប​យក្ស​អ៊ីតាលី Inter Milan ដើម្បី​មក​ជំនួស​កន្លែង​កីឡាករ​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង Kylian Mbappe ដែល​បម្រុង​នឹង​ចេញ​ទៅ​ក្លឹប​មហា​សេដ្ឋី PSG។

កីឡាករ​វ័យ ២៧​ឆ្នាំ​រូប​នេះ​បាន​ចុះ​កុង​ត្រា ៤​ឆ្នាំ ​ជា​ផ្លូវ​ការ​ជាមួយ​ក្លឹប Monaco ដែល​បាន​ទិញ​ខ្សែ​បម្រើ​ប្រយុទ្ធ​សញ្ជាតិ​ម៉ុងតេណេក្រូ​នេះ​ពី​ក្លឹប Inter Milan ក្នុង​តម្លៃ ១១​លាន អឺរ៉ូ។

Jovetic

កីឡាករ​រូប​នេះ​លេង​មិន​សូវ​បាន​ល្អ​ប៉ុន្មាន​ទេ​នៅ​ក្នុង​ក្លឹប​យក្ស​អ៊ីតាលី​មួយ​នេះ​កាល​ពី​រដូវ​កាល​មុន ហើយ​ក៏​ត្រូវ​បាន​ក្លឹប​អេស្ប៉ាញ Sevilla ខ្ចី​ជើង​កាល​ពី​ខែ​មករា ដែល​កីឡាករ​រូប​នេះ​បាន​បង្ហាញ​ខ្លួន ២៦​ដង ហើយ​ស៊ុត​ចូល​បាន​៥ គ្រាប់។ ការ​ទិញ​កីឡាករ​រូប​នេះ បាន​បញ្ជាក់​ពី​ការ​ជិត​ចាក​ចេញ​របស់​កីឡាករ​វ័យ​ក្មេង​ឆ្នើម​របស់​ក្លឹប​ជើង​ឯក​លីគ​បារាំង​មួយ​នេះ ទៅ​ក្លឹប​មហាសេដ្ឋី​ PSG ដែល​ទើប​តែ​បំបែក​កំណត់​ត្រា​ពិភព​បាល់​ទាត់​ក្នុង​ការ​ទិញ​កីឡាករ​ Neymar ពី​ក្លឹប​អ្នក​មាន​បុណ្យ Barcelona ក្នុង​តម្លៃ​ថ្លៃ​បំផុត។

Mbappe

បើ​តាម​ពាក្យ​ច​ចាម​អារាម Jovetic នឹង​ពាក់​អាវ​លេខ ១០ ដែល​ជា​អាវ​ដែល Mbappe ត្រូវ​ពាក់​នា​រដូវ​កាល​នេះ។ កីឡាករ​ Mbappe ទើប​ឡើង​ជើង​ខ្លាំង​កាល​ពី​រដូវ​កាល​មុន បន្ទាប់​ពី​បង្ហាញ​ទម្រង់​លេង​បាន​យ៉ាង​ល្អ ដោយ​ចំណុច​នេះ​ហើយ​បាន​ទាក់ទាញ​ក្លឹប​នៅ​អឺរ៉ុប​ជា​ច្រើន​ដែល​ក្នុង​នោះ​មាន​ដូច​ជា ក្លឹប​យក្ស​អេស្ប៉ាញ Real Madrid និង​ក្លឹប​មហា​សេដ្ឋី PSG នៅ​បារាំង​ផង​ដែរ។

លោក Didier Deschamps

បញ្ជាក់​ផង​ដែរ​ថា កាល​ពី​ថ្មីៗ គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​បារាំង លោក Didier Deschamps បាន​ថ្លែង​ទៅ​អ្នក​សារព័ត៌មាន​ថា Mbappe បាន​ដូរ​ក្លឹប​ហើយ ហើយ​ក្លឹប​ដែល​ខ្សែ​ប្រយុទ្ធ​វ័យ ១៨​ឆ្នាំ​រូប​នេះ​ដូរ​ទៅ​គឺ​ក្លឹប​មួយ​ក្នុង​លីគ​កំពូល​បារាំង (ដែល​មិន​មាន​ក្លឹប​ណា​ក្រៅ​ពី PSG នោះ​ទេ​ដែល​ហ៊ាន​បោះ​លុយ​រាប់​រយ​លាន​លើ​ការ​ទិញ​កីឡាករ)៕

ចុច​អាន​៖

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី