រកឃើញចិញ្ចៀនពេជ្រវិញតម្លៃជាង​ ៤ម៉ឺនដុល្លារ ប៉ាវអ្នក​ស្រុកហូប​គុយទាវ ៥ពាន់ចាន

  • 2017-08-30 04:23:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​ក្វាងចូវ ខេត្ត​ក្វាងទុង ​ប្រទេស​ចិន ​ម្នាក់​មាន​ឈ្មោះ Wang បាន​ធ្វើ​ដំណើរ​​ទៅ​កាន់​ទីក្រុង​ឆុងឈីង ​ដើម្បី​សុំ​មិត្ត​ស្រី​រៀបការ​ដែល​ជា​អ្នក​ស្រុក​រស់​នៅ​ទី​នោះ។

ប៉ុន្តែ​ពេល​ទៅ​ជួប​មិត្ត​ស្រី គាត់​មិន​បាន​ដឹង​ថា ខ្លួន​បាន​ភ្លេច​កាបូប​​​មាន​ទុក​​ចិញ្ចៀន​ពេជ្រ​ទំហំ ៣​ការ៉ាត់​ តម្លៃ​ប្រមាណ ៤៤ ៩០០​ដុល្លារ នៅ​ខាង​ក្រៅ​ហាង​លក់​គុយទាវ ក្រោយ​ឈប់​​ហូប​អាហារ​នៅ​ទី​នោះ។

ជា​សំណាង​​ល្អ អ្នក​ស្រុក​ចិត្ត​ស្មោះ​ម្នាក់​​​រើស​​បាន ក៏​សុខ​ចិត្ត​ប្រគល់​កាបូប​​នោះ​ឲ្យ​ទៅ​ម្ចាស់​ភោជនីយដ្ឋាន។ បន្ទាប់​មក​គេ​បាន​ទាក់​ទង​ទៅ​លោក Wang ​​ម្ចាស់​ហាង​ក៏​ប្រគល់​កាបូប​​ឲ្យ​ម្ចាស់​​ដើម​វិញ​​ ដោយ​របស់​របរ​នៅ​​គ្រប់​ទាំង​អស់។លោក​ Wang បាន​ត្រលប់​ទៅ​សុំ​មិត្ត​ស្រី​​រៀបការ​​វិញ ហើយ​​ក៏​ទទួល​ចម្លើយ​យល់​ព្រម​ដែរ។

លោក​ Wang មាន​ជំនឿ​ចិត្ត​ថា ការ​ស្នើ​សុំ​មិត្ត​ស្រី​នឹង​មិន​ជោគជ័យ​​ទេ​ ប្រសិន​បើ​លោក​មិន​បាន​ជួប​​អ្នក​ស្រុក​ចិត្ត​ស្មោះ​ប្រគល់​ទ្រព្យ​សម្បត្តិ​ឲ្យ​វិញ​​នោះ។ ដូច្នេះ​ដើម្បី​អរគុណ​សន្តាន​ចិត្ត​អ្នក​ស្រុក​ និង​ភោជនីយដ្ឋាន​ លោក​សម្រេច​ចិត្ត​ប៉ាវ​គុយទាវ​ ៥ ០០០​ចាន ​ឲ្យ​ទៅ​អ្នក​ទិញ​នៅ​ទី​នោះ និង​ដើម្បី​អបអរ​​ពិធី​​ភ្ជាប់​ពាក្យ​​ផង​ដែរ។ លោក​ជ្រើស​រើស​យក ៥​ពាន់​ចាន ព្រោះ​វា​ចំនួន​ភោជនីយដ្ឋាន​លក់​បាន​​ជា​មធ្យម​ក្នុង​មួយ​ថ្ងៃ។

លោក​បាន​​សរសេរ​ក្នុង​សំបុត្រ​ថា​ "​ទីក្រុង​ឆុងឈីង ​មាន​នារី​ខ្ញុំ​ស្រលាញ់ និង​​ប្រជាជន​ចិត្ត​​ល្អ​ណាស់។ ខ្ញុំ​​មាន​ចិត្ត​សោមនស្ស និង​រីករាយ​បំផុត"។ ចំណែក​អ្នក​ស្រុក​ បាន​តម្រង់​​ជួរ​គ្នា​ជាង ១០០​ម៉ែត្រ​​នៅ​ខាង​ក្រៅ​ហាង​​ដើម្បី​ទទួល​បាន​គុយទាវ​មួយ​ចាន​​ដោយ​ឥត​គិត​ថ្លៃ៕

ចុចអាន៖

ប្រភព៖ Scmp   ប្រែ​សម្រួល៖ ឡេង ភារុណ