អេ​ យ៉ានុត​ ប៉ះ​កីឡា​ការិនី​ចិន​ថ្ងៃ​ទី២​នេះ​ អាច​នឹង​ប្រើ​គុន​ខ្មែរ​ច្រើន

  • 2017-08-30 07:19:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡា​ការិនី​របស់​កម្ពុជា​ អេ​ យ៉ានុត​ ថា​ការ​ប៉ះ​ចិន​នៅ​ក្នុង​កម្មវិធី​ប្រកួត​ក្នុង​ទ្រុង​ One Championship​ ដើម​ខែ​កញ្ញា​នេះ​ ខ្លួន​​នឹង​ខំប្រឹង​ប្រកួត​យក​ជ័យជម្នះ​ជូន​កម្ពុជា​ឲ្យ​បាន​ ទោះ​ជា​ដៃ​គូ​គេ​ខ្លាំង​ប៉ុណ្ណា​ក៏​ដោយ។​

អេ​ យ៉ានុត​

អេ​ យ៉ានុត​ បាន​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ​នេះ​ថា​ កីឡា​ការិនី​ដែល​ នឹង​ត្រូវ​ប៉ះ​គ្នា​នេះ​គេ​ជា​ជើង​ខ្លាំង​ខាង​ផ្នែក​​ប្រដាល់​សកល​ ប៉ុន្តែ​វ័យ​ចំណាស់​ជាង​ខ្លួន។​ បើ​ទោះ​ជា​ដៃ​គូ​ល្អ​ដៃ​ក៏​ដោយ​ តែ​កីឡា​ការិនី​របស់​កម្ពុជា​មិន​មាន​ការ​ខ្លាច​ញញើត​អ្វី​នោះ​ទេ​ ហើយ​សន្យា​ថា​នឹង​ខំប្រឹង​ឲ្យ​ខ្លាំង​ដើម្បី​ដណ្ដើម​ជ័យជម្នះ​នៅ​ថ្ងៃ​ទី២​នេះ។​ បច្ចុប្បន្ន​នេះ​ យ៉ានុត​ ធ្វើ​ការ​ហ្វឹកហាត់​ជា​រៀងរាល់​ថ្ងៃ​ ហើយ​ការ​ហាត់​នេះ​ដែរ​ ផ្ដោត​លើ​ប្រដាល់​គុន​ខ្មែរ​ សកល​ និង​តិចនិក​វ៉ៃ​ក្នុង​ទ្រុង​ជា​ដើម។​

លោក​ ហ៊ុន​ ចាន់រាជ​

លោក​ ហ៊ុន​ ចាន់រាជ​ គ្រូ​របស់​យ៉ានុត​ លើក​ឡើង​ដែរ​ថា​ សម្រាប់​សមត្ថភាព​ដៃ​គូ​របស់​ យ៉ានុត​ លោក​ថា​មិន​សូវ​ទទួល​បាន​ព័ត៌មាន​ពី​កីឡា​ការិនី​ចិន​រូប​នេះ​ទេ​ ព្រោះ​ពិបាក​រក​វីដេអូ​ប្រកួត​កន្លង​ទៅ​ណាស់​ ដូចនេះ​ហើយ​មាន​តែ​ឲ្យ​កូន​សិស្ស​ខិតខំ​ហាត់​តាម​ធម្មតា​ទៅ។​ អ្វី​ដែល​លោក​បាន​ដឹង​ខ្លះៗ​នោះ​ គឺ​កីឡា​ការិនី​ម្ចាស់​ផ្ទះ​រូប​នេះ​ជា​ម្ចាស់​ខ្សែក្រវាត់​ប្រដាល់​សកល។​ សម្រាប់​ការ​ប្រកួត​នេះ​ លោក​ក៏​បាន​បង្ហាត់​ យ៉ានុត​ បាន​៣សប្ដាហ៍​ផង​ដែរ​ ប៉ុន្តែ​ខ្លួន​គេ​ផ្ទាល់​ក៏​បាន​ហាត់​គុន​ខ្មែរ​ជា​មួយ​លោក​ អេ​ ភូថង​ ជា​យូរ​ណាស់​មក​ហើយ។​ ការ​ប្រកួត​នេះ​ដែរ​ លោក​គ្រូ​ ចាន់រាជ​ ប្រាប់​ឲ្យ​ យ៉ានុត​ ប្រើ​ក្បាច់​គុន​ខ្មែរ​ឲ្យ​ច្រើន​ និង​ទាត់​ជើង​​ក្រោម​ ហើយ​កុំ​ព្យាយាម​ដូរ​ដៃ​ជា​មួយ​គេ។​

អេ​ យ៉ានុត​

កីឡា​ការិនី​ អេ​ យ៉ានុត​ រួម​និង​ លោក​ ហ៊ុន​ ចាន់រាជ​ នឹង​ចេញ​ដំណើរ​ពី​កម្ពុជា​នៅ​វេលា​ម៉ោង​ ១២យប់​នេះ​ ដើម្បី​ត្រៀម​ខ្លួន​ចូលរួម​ប្រកួត​កម្មវិធី​ប្រដាល់​ក្នុង​ទ្រុង​ដ៏​ល្បី​ One Championship​ ជា​មួយ​ម្ចាស់​ផ្ទះ​ចិន​ Xu Chun Yan នា​​ថ្ងៃទី២​ ខែ​កញ្ញា​ ២០១៧​ ហើយ​កម្មវិធី​នេះ​ចាប់​ផ្ដើម​ឡើង​ពី​ម៉ាង​ ៥:៣០​នាទីល្ងាចតទៅ៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម
អត្ថបទថ្មី