ទឹក​ជំនន់​អាក្រក់​បំផុត​នៅ​អាស៊ី​ខាង​ត្បូង ផ្ដាច់​ជីវិត​មនុស្ស ១២០០​នាក់​ហើយ

  • 2017-08-31 02:57:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

  • ប៉ះពាល់ខ្លាំង ឥណ្ឌា បង់ក្លាដេស និង​នេប៉ាល់
  • ខូចខាត​សាលា ១៨០០០
  • ប៉ះ​ពាល់​មនុស្ស ១៧​លាន​នាក់​ក្នុង​ប្រទេស​ឥណ្ឌា

យ៉ាង​ហោច​ណាស់ មនុស្ស ១២០០​នាក់​បាន​បាត់​បង់​ជីវិត និង​រាប់​លាន​នាក់​ត្រូវ​ចាក​ចោល​ផ្ទះ​សម្បែង បន្ទាប់​ពី​ទឹក​ជំនន់​ដ៏​អាក្រក់ វាយ​ប្រហារ​ប្រទេស​ឥណ្ឌា បង់ក្លាដេស និង​នេប៉ាល់ នៅ​អាស៊ី​បែក​ត្បូង។

ភ្នាក់ងារ​ផ្ដល់​ជំនួយ​អន្តរជាតិ បាន​និយាយ​ថា អ្នក​ភូមិ​រាប់​ពាន់​នាក់ ត្រូវ​បាន​កាត់​ផ្ដាច់​ដោយ​ទឹកជំនន់ ដោយ​គ្មាន​ស្បៀង​អាហារ និង​ទឹក​ស្អាត​ប្រើ​ប្រាស់​អស់​ជា​ច្រើន​ថ្ងៃ។ អាស៊ី​ខាង​ត្បូង តែង​រង​គ្រោះ​ដោយ​ទឹក​ជំនន់ អំឡុង​រដូវ​ភ្លៀង​ធ្លាក់​មូសុង ចាប់​ពី​ខែ​មិថុនា​ដល់​ខែ​កញ្ញា ប៉ុន្តែ​ឆ្នាំ​នេះ ជា​គ្រោះ​អាក្រក់​បំផុត​ប្រចាំ​ទសវត្ស។

តាម​របាយការណ៍​បាន​បង្ហាញ​ថា រហូត​មក​ដល់​ពេល​នេះ ជំនន់​បាន​ប៉ះ​ពាល់​មនុស្ស ១៧​លាន​នាក់​ក្នុង​ប្រទេស​ឥណ្ឌា ហើយ​មនុស្ស​រាប់​ពាន់​នាក់ ត្រូវ​រស់​នៅ​ក្នុង​តង់​បណ្ដោះ​អាសន្ន។ មន្ត្រី​ឧតុនិយម​បាន​ព្យាករ​ថា ភ្លៀង​ខ្លាំង​នឹង​បន្ត​ធ្លាក់​ក្នុង​រយៈ​ពេល ២៤​ម៉ោង​ទៀត ដែល​បង្ខំ​ឲ្យ​ប្រជាជន​ទាំង​អស់​ត្រូវ​ស្នាក់​ក្នុង​ផ្ទះ មិន​អាច​ចេញ​ទៅ​ណា​រួច។

ក្រៅ​ពី​ឆក់​យក​ជីវិត​មនុស្ស ជំនន់​ដ៏​អាក្រក់​នេះ បាន​បំផ្លាញ​ដំណាំ​កសិកម្ម​ជា​ច្រើន​ទៀត។ រដ្ឋមន្ត្រី​គ្រប់គ្រង​គ្រោះ​មហន្តរាយ​របស់​ឥណ្ឌា បាន​និយាយ​ថា ដំណាំ​ជាង ៦៩​ម៉ឺន​ហិកតារ រង​ការ​ខូច​ខាត ហើយ​ក្នុង​នោះ​មាន ១​ម៉ឺន​ហិកតារ ត្រូវ​បំផ្លាញ​ទាំង​ស្រុង​តែ​ម្ដង។

លើស​ពី​នេះ ជំនន់​នៅ​អាស៊ី​ខាង​ត្បូង ក៏​បាន​បំផ្លាញ និង​ប៉ះ​ពាល់​ដល់​សាលា ១៨០០០ ដែល​ធ្វើ​ឲ្យ​ក្មេង ១,៨​លាន​នាក់ មិន​អាច​ទៅ​សាលា​បាន៕

ចុចអានអត្ថបទ៖

ប្រភព៖ theguardian | Independent   ប្រែ​សម្រួល៖ គង់ វិសាល