ថ្មី​បំផុត! ស្រ្តីមាន​របរ​រកស៊ី​ លែងពិបាក​ចុះ​បញ្ជី​ពាណិជ្ជកម្ម​ទៀត​ហើយ

  • 2017-08-31 07:37:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាប់​ពី​ថ្ងៃ​នេះ​ទៅ សហគ្រិន​ជា​ស្ត្រី​ក្នុង​ប្រទេស​កម្ពុជា​ទាំង​អស់ ដែល​មាន​របរ​រកស៊ី មិន​ថា​ជា​លក្ខណៈ​គ្រួសារ លក្ខណៈ​ខ្នាត​តូច​ ខ្នាត​មធ្យម​នឹង​លែង​ពិបាក​ទៀត​ហើយ​ នៅ​ក្នុង​ការ​ចុះ​បញ្ជី​ពាណិជ្ជកម្ម។ បច្ចុប្បន្ន​នេះ​ក្រុមហ៊ុន SHE Investments រួម​សហការ​ជាមួយ​ក្រសួង​ពាណិជ្ជកម្ម បាន​ធ្វើ​ការ​បង្កើត​គេហទំព័រ​មួយ​ឈ្មោះ​ថា (ងាយៗ) ឫ​សរសេរ​ជា​ភាសា​អង់គ្លេស (NGEAY NGEAY) ដើម្បី​ជួយ​សម្រប​សម្រួល​ដល់​សហគ្រិន​ជា​ស្ត្រី​ ក្នុង​ការ​ចុះ​បញ្ជី​ពាណិជ្ជកម្ម ការ​គាំទ្រ​ជំរុញ​លើក​ទឹក និង​ជា​ពិសេស​នោះ​ប្រមូល​ផ្ដុំ​ព័ត៌មាន​ល្អៗ​ជុំវិញ​ការ​ប្រកប​អាជីវកម្ម​ដល់​ស្ត្រី​។

បើ​តាម​ការ​លើក​ឡើង​របស់​អ្នក​ស្រី Celia Boyd ម្ចាស់​ក្រុមហ៊ុនSHE Investments ​បាន​ឱ្យ​ដឹង​ថា គេហទំព័រ​ងាយៗ​នឹង​ផ្ដល់​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​សហគ្រិន​ជា​ស្ត្រី​ដូចជា៖ ម្ចាស់​អាជីវកម្ម​ទាំង​អស់​ អាច​ស្វែង​រក​ព័ត៌មាន​ជុំ​វិញ​ការ​ចុះ​បញ្ជី​ពាណិជ្ជកម្ម ក្នុង​នោះ​រួមមាន ដំណាក់​កាល និង​ព័ត៌មាន​លម្អិត​ទាក់ទង​នឹង​ការ​ចុះ​បញ្ជី​អាជីវកម្ម។ កាន់​តែ​ពិសេស​នៅ​ក្នុង​គេហទំព័រ​នេះ ប្រមូល​ផ្ដុំ​វិធីសាស្ត្រ​ល្អៗ​ នៅ​ក្នុង​ការ​អភិវឌ្ឍ​អាជីវកម្ម​ឱ្យ​កាន់​តែ​រីក​ចម្រើន​ទៀត​ផង។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​សហគ្រិន​ជា​ស្ត្រី​ទាំង​អស់ អាច​មាន​ការ​ឱកាស​ក្នុង​ការ​ធ្វើ​អាជីវកម្ម​ធំៗ ការ​ការ​ពារ​ស្លាក​យីហោ​របស់​ខ្លួន ក៏​ដូចជា​ងាយ​ស្រួល​ក្នុង​ការ​ស្វែង​រក​ទុន ​ដើម្បី​ពង្រីក​អាជីវកម្ម​។

អ្នក​ស្រី​ក៏​បាន​ឱ្យ​ដឹង​ដែរ​ថា បច្ចុប្បន្ន​នេះ​ក្នុង​ប្រទេស​កម្ពុជា មិន​ខ្វះ​ទេ​សហគ្រិន​ជា​ស្ត្រី​ ប៉ុន្តែ​អ្វី​ដែល​ជា​ខ្វះ​ខាត​នោះ​គឺ​ការ​ជំរុញ​លើក​ទឹក​ចិត្ត។ ដូច​នេះ​គេហទំព័រ​ងាយៗ ​បង្កើត​ឡើង​ដើម្បី​ជួយ​គាំទ្រ​ដល់​សហគ្រិន​ជា​ស្ត្រី​ទាំង​អស់ ក្នុង​ការ​ប្រឡូក​ឱ្យ​ស៊ី​ជម្រៅ​នៅ​ក្នុង​ការ​ធ្វើ​អាជីវកម្ម ដើម្បី​ចូលរួម​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ។

គួរ​ជម្រាប​ជូន​ថា គេហទំព័រ​ (ងាយៗ) ទើប​តែ​ដាក់​សម្ពោធ​កាល​ពី​ព្រឹក​ថ្ងៃ​ទី ៣១ ខែ​សីហា នៅ​សណ្ឋាគារ​ Le Royal នេះ​ត្រូវ​បាន​គាំទ្រ​ដោយ​ ក្រសួង​ពាណិជ្ជកម្ម​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា អង្គការ​ USAID និង​ក្រុមហ៊ុន Ezecom។

ដើម្បី​ចូល​ទៅ​កាន់​គេហទំព័រ​(ងាយៗ) សហគ្រិន​ជា​ស្ត្រី ឬ​អ្នក​ធ្វើ​អាជីវកម្ម​ទាំង​អស់​គ្រាន់​តែ​វាយ​ពាក្យ WWW.ngeayngeay.co ជា​ការ​ស្រេច៕​

​​

អត្ថបទ៖ វឌ្ឍនៈ