អែនឌី ត្រៀម​ពញ្ញាក់​អារម្មណ៍​អ្នក​គាំទ្រ​ជា​មួយ​ចម្រៀង​ចាស់​ដ៏​ល្បី​របស់​ខ្លួន

  • 2017-08-31 09:10:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង និង​សម្ដែង​ អែនឌី បាន​ប្រាប់​ Sabay នា​ពេល​ថ្មីៗ​នេះ ថា​លោក​ត្រៀម​ផលិត​ចម្រៀង​ចាស់​របស់​ខ្លួន​មួយ​បទ​ឡើង​​វិញ​ ដែល​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​។

លោក​បាន ឲ្យ​ដឹង​ថា​ចម្រៀង​​ដែល​លោក​ត្រៀម​យក​មក​ផលិត​ឡើង​វិញ​គឺ​បទ "នឹក​បង​៥០%​ផង" ដែល​និពន្ធ​ទំនុក​ភ្លេង​ និង​ទំនុក​ដោយ​លោក​ផ្ទាល់​តែ​ម្ដង​។ ជា​មួយ​ការ​ត្រឡប់​មក​វិញ​នេះ អែនឌី​ បញ្ជាក់​ថា Version ថ្មី​​នេះ​នឹង​មាន​ការ​កែ​កុន​ខ្លះ​ទៅ​លើ​ ទំនុក​ភ្លេង ដែល​ធ្វើ​ឲ្យ​ស្ដាប់​ទៅ​កាន់​តែ​ជក់​ចិត្ត។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ លោក​នឹង​មាន​ត្រៀម​ចេញ​ជា​ MV ទៀត​ផង។

តួ​សម្ដែង​សិច​ស៊ី​រូប​នេះ លោក​ឡើង​ពី​មូល​ហេតុ​ថា​ ដោយ​សារ​តែ​បទ​នេះ​ធ្លាប់​​ទទួល​បាន​ការ​គាំទ្រ​ច្រើន​នា​ពេល​កន្លង​មក​ ដោយ​មាន​អ្នក​គាំទ្រ​មួយ​ចំនួន​​យក​ទៅ​ Cover ហើយ​ខ្លះ​ទៀត​យក​ទៅ​ធ្វើ​ជា​​វីដេអូ​​។

"ណា​មួយ​បង​នឹក​ស្ដាយ​ដែរ ដែល​​តាំង​ពី​នោះ​មកបង​មិន​ដែល​មាន​ចេញ​ MV ទេ ទើប​លើក​នេះ​បង​ត្រៀម​ចេញ​មក​ជា​មួយ​ MV តែ​ម្ដង ហើយ​ក៏​ចង់​ឲ្យ​ក្មេងៗ​ជំនាន់​ក្រោយ​បាន​ស្គាល់​បទ​នេះ​ដែរ"។ អែនឌី បន្ថែម។

តារា​ប្រុស​​ខាង​លើ​រំលឹក​ថា​បទ​នេះ "នឹក​បង​៥០%​ផង" គឺ​ជា​សំនៀង​ផ្ទាល់​របស់​លោក​ដែល​ច្រៀង​នៅ​ក្នុង​ផលិតកម្ម​ "អង្គរវត្ត" កាល​ពី​ប្រមាណ​ជាង​១០​ឆ្នាំ​មុន តែ​សម្រាប់​ការ​ផលិត​ចម្រៀង​ និង​MVថ្មី​នេះ គឺ​មិន​នៅ​ក្រោម​ផលិតកម្ម​ណា​ឡើយ។​ "​ពេល​នេះ​ខ្ញុំ​ជា​តារា​ឯក​រាជ្យ ​មិន​មាន​កុងត្រា​នឹង​​ផលិតកម្ម​ណា​ទេ អាច​ថត​ភាពយន្ត​ ឬMV ឲ្យ​ផលិតកម្ម​​ផ្សេងៗ​បាន​ទាំង​អស់"។ លាវ ពិសិដ្ឋ ហៅ​ អែន​ឌី បញ្ជាក់​។

លោក​បាន​បន្ត​ទៀត​ថា មុន​នឹង​ចេញ​ MV លោក​ក៏​ត្រៀម​បង្ហាញ​ជូន​ប្រិយមិត្ត​នូវ​ Trailer ពិសេស​មួយ​ជា​មួយ​បទ​ដដែល​នេះ លើស​ពី​នោះ​លោក​ក៏​នឹង​ត្រៀម​ផលិត​ចម្រៀង​ថ្មីៗ​ជា​បន្ត​បន្ទាប់​ដែរ៕

អត្ថបទ៖ សុខណា