Neymar ថា Coutinho កំពុង​ខូច​ចិត្ត​ជា​ទម្ងន់

  • 2017-09-01 13:26:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ស្លាប​ថ្លៃ​ជាង​គេ​ក្នុង​កំណត់​ត្រា​បាល់​ទាត់ Neymar Jr. ក្នុង​ថ្ងៃ​នេះ​បាន​បង្ហើប​ថា​កីឡាករ​រួម​សញ្ជាតិ​ប្រេស៊ីល​ជាមួយ​ខ្លួន ខ្សែ​បម្រើ​ប្រយុទ្ធ​ Philippe Coutinho កំពុង​ស្ថិត​ក្នុង​សភាព​ខូច​ចិត្ត​ អស់​សង្ឃឹម និង​ក្រៀម​ក្រំ បន្ទាប់​ពី​មិន​អាច​ផ្ទេរ​ទៅ​ក្លឹប​អ្នក​មាន​បុណ្យ​ Barcelona បាន​ដូច​បំណង។

អតីត​ខ្សែ​ប្រយុទ្ធ​ឆ្នើម​របស់​ក្លឹប​អ្នក​មាន​បុណ្យ Neymar បាន​ថ្លែង​ប្រាប់​សារ​ព័ត៌មាន​ប្រេស៊ីល esporte ថា៖ "វា​ជា​រឿង​គួរ​ឲ្យ​សោក​ស្ដាយ! ពេល​វេលា​នេះ (បើ​ផ្ទេរ​ទៅ Barca បាន​សម្រេច) ​គួរ​តែ​ជា​ពេល​ដែល​គេ (Coutinho) និង​ក្រុម​គ្រួសារ​របស់​គេ​សប្បាយ​ចិត្ត ប៉ុន្តែ​វា​បែរ​ជា​ក្លាយ​ជា​ពេល​នៃ​ភាព​ខូច​ចិត្ត អស់​សង្ឃឹម និង​ក្រៀម​ក្រំ​សម្រាប់​គេ​ទៅ​វិញ"។

កីឡាករ​វ័យ ២៥​ឆ្នាំ​រូប​នេះ​បាន​បន្ត​ទៀត​ថា៖ "ខ្ញុំ​ចង់​ឃើញ​គេ (Coutinho) ​សប្បាយ​ចិត្ត ពី​ព្រោះ​គេ​ជា​មិត្ត​រួម​ក្រុម និង​ជា​មិត្តភ័ក្ដិ​របស់​ខ្ញុំ​ជា​យូរ​ណាស់​មក​ហើយ"។ បើ​ទោះ​ជា​ត្រូវ​មិត្ត​រួម​ក្រុម​នៃ​ក្រុម​ជម្រើស​ជាតិ​ខ្លួន​ថា​បែប​នេះ​ក៏​ដោយ ក្នុង​ថ្ងៃ​នេះ Coutinho បាន​ស៊ុត​បញ្ចូល​ទី​បាន​មួយ​គ្រាប់​ ដែល​ជួយ​ឲ្យ​ប្រេស៊ីល យក​ឈ្នះ​ Ecuador​ ក្នុង​លទ្ធផល ២​ទល់​នឹង០។ ការ​បង្ហាញ​ខ្លួន​នេះ ជា​ការ​បង្ហាញ​ខ្លួន​ដំបូង​របស់​កីឡាករ​សញ្ជាតិ​ប្រេស៊ីល​រូប​នេះ បន្ទាប់​អវត្តមាន​អស់​ជា​ច្រើន​សប្ដាហ៍​ក្នុង​ការ​លេង​ឲ្យ​ក្លឹប​ហង្ស​ក្រហម​ Liverpool ដោយ​សារ​បញ្ហា​របួស​ខ្នង។

ក្លឹប​យក្ស​អេស្ប៉ាញ Barcelona មាន​រយៈ​ពេល​ប៉ុន្មាន​ម៉ោង​ទៀត​នា​យប់​នេះ ដើម្បី​ព្យាយាម​ធ្វើ​ឲ្យ​ការ​ផ្ទេរ​នេះ​ឲ្យ​ទទួល​បាន​ជោគ​ជ័យ ដោយសារ​ទីផ្សារ​ដោះដូរ​កីឡាករ​នៅ​ក្នុង​ប្រទេស​អេស្ប៉ាញ​នឹង​បិទ​នៅ​ម៉ោង ១១​យប់​នេះ (ម៉ោង​ប្រទេស​អេស្ប៉ាញ) ខណៈ​ទី​ផ្សារ​នេះ​ត្រូវ​បាន​បិទ​ស្ថាពរ​ហើយ​ក្នុង​ប្រទេស​អង់គ្លេស​កាល​ពី​ថ្ងៃ​ម្សិលមិញ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ការ​ផ្ទេរ​នេះ​ហាក់​មិន​អាច​ទៅ​រួច​ឡើយ ដោយសារ​ចំហ​រឹង​មាំ​របស់​ Liverpool ក្នុង​ការ​មិន​លក់​កីឡាករ​រូប​នេះ ហើយ​ណា​មួយ​ក្លឹប​អ្នក​មាន​បុណ្យ Barca ទើប​តែ​ទិញ​បាន​ខ្សែ​ប្រយុទ្ធ​ស្លាប​វ័យ​ក្មេង​សញ្ជាតិ​បារាំង Ousmane Dembele ពី Dortmund ក្នុង​តម្លៃ​រហូត​ដល់​ទៅ ១០៥​លាន​អឺរ៉ូ​កាល​ពី​ពេល​ថ្មីៗ​នេះ ដែល​ទាំង​នេះ​ជា​ហេតុ​ធ្វើ​ឲ្យ Coutinho អាច​នឹង​បន្ត​លេង​ឲ្យ​ក្លឹប​ហង្ស​ក្រហម​ទៀត​នា​រដូវ​កាល​នេះ៕

ប្រភព៖ Dailymail   ប្រែសម្រួល៖ ហ៊ីម រស្មី