កូនខ្មែរ​មិន​គួរ​រំលង! ទស្សនា​ផ្ទាំង​ទស្សនីយភាព​ដ៏​អស្ចារ្យ​ពី​ល្ខោន​ខោល ៣​តំបន់ (វីដេអូ)

  • 2017-09-05 03:03:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្ទាំង​ទស្សនីយភាព​ល្ខោន​ខោល​៣​តំបន់​បញ្ចូល​គ្នា​ ដែល​បាន​សម្ដែង​ក្នុងកម្មវិធី «ស្នាដៃ និងអនាគត» លើកទី៥ ​យប់​មិញ​នេះ​ ធ្វើ​ឱ្យ​អ្នក​ទស្សនា​ប្លែក​អារម្មណ៍​ជា​ខ្លាំង​ ដោយសារ​តែ​ទេពកោសល្យ​ដ៏​អស្ចារ្យ​របស់​សិល្បករ​ដែល​មក​ពី​តាម​តំបន់​រៀង​ៗ​ខ្លួន។

លោក ហង់ ភូមរ៉ា គ្រូ​ដឹក​នាំ​ក្រុម​ល្ខោន​ភ្នំពេញ បាន​ប្រាប់ Sabay ថា លោក​សប្បាយ​ចិត្ត​ណាស់​ដោយសារ​តែ​ការ​សម្ដែង​លើក​នេះ​ទទួល​បាន​ជោគ​ជ័យ​ខ្លាំង​ទាំង​ការ​សម្ដែង និង​ទាំង​ការ​គាំទ្រ​ច្រើន​ពី​ភ្ញៀវ​ចូល​ទស្សនា។ លោក​ថា​ការ​ខិត​ខំ​ប្រឹងប្រែង​របស់​លោក​ និង​សិល្បករ​ទាំង​អស់​មិន​អស់​សង្ឃឹម​ឡើយ។

“ក្រុម​របស់​បង​មក​នេះ​អ្នក​ខ្លះ​អត់​បាន​រៀន​ល្ខោន​ទេ ​គឺ​រៀន​ជំនាញ​ផ្សេង​ៗ តែ​ពួក​គេ​អាច​សម្ដែង​បាន​យ៉ាង​ល្អ​ហើយ​ជោគ​ជ័យ​ទៀត បង​សប្បាយ​ចិត្ត​ខ្លាំង​ណាស់”។

ចំណែក លោក ប៉ូច ផៃ តំណាង​ក្រុម​ល្ខោន​មក​ពី​វត្តស្វាយ​អណ្ដែត​បាន​ឱ្យ​ដឹង​ថា​ ការ​សម្ដែង​នេះ ក្រុម​សិល្បករ​ខាង​លោក​មិន​សូវ​មាន​ពេល​វេលា​គ្រប់គ្រាន់​ហាត់​សម​ទេ ដោយសារ​តែ​ពួក​គេ​ភាគ​ច្រើន​ជា​សិស្ស​ ហើយ​អ្នក​ខ្លះ​ត្រូវ​ត្រៀម​ប្រឡង​ផង។ តែ​ជា​លទ្ធផល​ពួក​គេ​សម្ដែង​បាន​ល្អ គ្រាន់​តែ​មាន​ការ​ហត់​បន្តិច។

រីឯ​លោក ញឹក កុសល គ្រូ​ដឹក​នាំ​ក្រុម​ល្ខោន​មក​ពី​ខេត្ត​កំពង់​ធំ​វិញ បាន​ឱ្យ​ដឹង​ថា ក្រុម​ល្ខោន​នៅ​ខេត្ត​លោក​កើត​មាន​ក្នុង​អំឡុង​ឆ្នាំ​១៩៨៤។ លោក​ថា​កាល​ពី​មុន​ល្ខោន​ក្នុង​ខេត្ត​នេះ​មាន​ប្រុស​តែ​តួ​យក្ស​និង​តួ​ស្វា​តែ​ប៉ុណ្ណោះ សល់​ប៉ុន្មាន​សុទ្ធ​តែ​ស្រី តែ​មក​ដល់​បច្ចុប្បន្ន​បង្កើត​ឱ្យ​មាន​តួ​ប្រុស​ទាំង​អស់។ លោក​បញ្ជាក់​ថា រាល់​ការ​ប្រឡង​ជា​លក្ខណៈ​ជាតិ​ក្ដី និង​អន្តរជាតិ​ក្ដី​តាំង​ឆ្នាំ១៩៩០មក​ ក្រុម​លោក​តែង​ទទួល​បាន​​ជ័យ​លាភី​ពាន​មាស លេខ​១​ លេខ២ និង​បាន​ជាប់​ជា​ល្ខោន​ខោល​ស្នា​ដៃ​ឆ្នើម ថែម​ទៀត​ផង។

ការ​សម្ដែង​ល្ខោន​ខោល​កាល​ពី​យប់​មិញ​នេះ​ត្រូវ​បាន​បែងចែក​ជា​៣​វគ្គ ក្នុង​វគ្គ​ទី​១ ល្ខោន​មក​ពី​ខេត្ត​កំពង់​ធំ ត្រង់​ឈុត​បុប្ផការ​តាំង​សិល្ប៍ស្នាដៃ​នេះ​ជា​ស្នាដៃ​ឆ្នើម​ទទួល​បាន​ជ័យ​លាភី២ ទូទាំង​ប្រទេស​ឆ្នាំ​២០១៧។ វគ្គ​ទី២ ល្ខោន​វត្ត​ស្វាយ​អណ្ដែត​ ត្រង់​ឈុត​ពល​ព្រះរាម ពល​យក្ស និង​ទី៣ល្ខោនខោល​ភ្នំពេញ​ ត្រង់​ឈុត​កំណើត​រាម​លក្ខណ៍​ ជប់​លក្ខណ៍។

ស្ថាបនិក​រីក​សាយ​ជា​ក្រុម​រៀប​ចំ​ការ​សម្ដែង​នេះ លោក ឡោ វុឌ្ឍី បាន​ឱ្យ​ដឹង​ថា ការ​សម្ដែង​ថ្ងៃ​នេះ​ទទួល​បាន​ជោគជ័យ​ខ្លាំង​គួរ​ឱ្យ​កត់​សម្គាល់​ ដោយ​អ្នក​ចូល​រួម​ទស្សនា​មាន​ប្រមាណ​ជា​ជាង​៥០០នាក់។ លោក​បញ្ជាក់​ថា ​ការ​សម្ដែង​ទស្សនីយភាព​ស្នាដៃ ​និង​អនាគត ​ធ្វើ​រយៈ​ពេល​ប្រាំ​ឆ្នាំ​មក​នេះ​ ឆ្នាំ​ដែល​ទទួល​បាន​ជោគ​ជ័យ​ខ្លាំង​ជាង​គេ​ គឺ​ឆ្នាំ​ទី៣​ដោយ​ធ្វើ​រយៈ​ពេល​២ថ្ងៃ ទទួល​បាន​ភ្ញៀវ​ប្រមាណ​១ពាន់​នាក់ ហើយ​និង​ឆ្នាំ​ទី៥​នេះ​ធ្វើ​១ថ្ងៃ ទទួល​បាន​ភ្ញៀវ​ជាង​៥០០នាក់។

លោក​បញ្ជាក់​ថា​ឆ្នាំ​ក្រោយ​អាច​នឹង​មាន​កម្ម​វិធី​ «ស្នាដៃ​ និង​អនាគត» ​លើក​ទី៦​បន្ត​ទៀត ហើយ​ទម្រង់​សិល្បៈ​ដែល​អាច​នឹង​មាន​វត្តមាន​នៅ​ពេល​នោះ អាច​មាន​ទម្រង់​ "ល្ខោន​ខោល” "ល្ខោន​ពោល​ស្រី" និង​ទម្រង់ "យីកេ"។

អត្ថបទៈ ប៉ូ សាគុន