ក្រ​សួង​ពីរ​សហការគ្នា​ចុះ​បញ្ជី​តំបន់​ការពារ​ធម្មជាតិ

  • 2017-09-04 07:47:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រ​សួង​បរិស្ថាន និង​ក្រ​សួង​ដែន​ដី​កំពុង​សហការគ្នា​ចុះ​បញ្ជី​តំបន់​ការពារ​ធម្មជាតិ​ចំនួន​ពីរ​កន្លែង​លើ​ផ្ទៃ​ដី​ជាង​ពីរ​សែន​ហិកតា ដោយ​ថា​ដើម្បី​ធានា​ប្រ​សិទ្ធិភាព​គ្រប់​គ្រង​ដែល​ជម្រក​សត្វព្រៃ និង​តំបន់​ការពារ​ធម្មជាតិ។

(ផែន​ទី​បង្ហាញពី​តំបន់​ពាមក្រ​សោប)

នៅ​ថ្ងៃ​នេះ​ក្រ​សួង​បរិស្ថាន​ចេញ​សេចក្តីប្រ​កាស​ព័ត៌មាន​មួយ​ដោយ​បាន​បញ្ជាក់ថា​ក្រ​សួង​ទាំងពី​កំពុង​សហការគ្នា​ចុះ​បញ្ជី​ដែនជម្រក​សត្វ​ព្រៃពាម​ក្រ​សោប នៅ​ក្នុង​ខេត្ត​កោះ​កុង និងដែនជម្រក​សត្វព្រៃ​ភ្នំព្រេច​ក្នុង​ខេត្ត​មណ្ឌលគិរី។ បើ​តាម​ក្រ​សួង​បរិស្ថាន​ផ្ទៃ​ដី​ដែន​ជម្រក​សត្វព្រៃ​ទាំងពីរ​មាន​ទំហំ​២៦៤ ២៥០ ហិកតា ហើយ​ការ​ចុះ​បញ្ជី​នេះ​ស្ថិត​ក្រោម​ការ​គាំទ្រ​ផ្នែក​ថវិកា​ដោយ​ធនាគារ​អភិវឌ្ឍ​ន៍អាស៊ី(ADB) ចំនួន​ ១,២៥​លាន​ដុល្លារ​។

(ផែនទី​បង្ហាញពី​តំបន់​ភ្នំព្រេច)

ក្រ​សួង​សរសេរ​ថាៈ «ការ​ចុះ​បញ្ជី​ដី​រដ្ឋសម្រាប់​តំបន់​ការ​ពារ​ធម្មជាតិ​គឺ​ជា​យុទ្ធសាស្រ្ត​ថ្មី​មួយ​ ដើម្បី​ប្រ​សិទ្ធិ​ភាព​គ្រប់​គ្រង​ប្រ​ព័ន្ធ​ការ​ពារ​ធម្មជាតិ​នៅ​កម្ពុជា​ ដែលមាន​វិសាល​ភាព​គ្របដណ្តប់​លើ​ផ្ទៃសរុប​ប្រមាណ​ជា​៧,៥លាន​ហិកតា ស្មើ​នឹង​៤១​ភាគរយ​នៃផ្ទៃ​ដីប្រទេស​​កម្ពុជា​​...និង​ឈានទៅ​ដល់​ការ​លុប​បំបាត់​ទាំង​ស្រុង​នូវ​ករណី​ទំនាស់​ដីធ្លី​ក្នុង​តំបន់​ការពារ​ធម្មជាតិ»។

បើ​តាម​ក្រ​សួង​បរិស្ថាន គម្រោងនេះ​នឹងចាប់​ផ្តើម​នៅពេល​ឆាបៗខាងមុខនេះ៕​​​

អត្ថបទ៖ ទូច សុខា

រូបភាព៖ ក្រ​សួង​បរិស្ថាន