មក​ស្គាល់​ប្រទេស​ទាំង ៩​ ដែល​មាន​អាវុធ​នុយក្លេអ៊ែរ

  • 2017-09-04 13:51:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាវុធ​នុយក្លេអ៊ែរ ជា​អាវុធ​ដែល​សាហាវ​ដែល​តែងតែ​គំរាម​កំហែង​ដល់​សន្តិសុខ​ពិភពលោក និង​មនុស្សជាតិ​ទាំង​មូល ដោយសារ​តែ​ឥទ្ធិពល​នៃ​ការ​បំផ្លាញ​របស់​វា​មាន​ទំហំ​ធំ​ធេង​ណាស់​ ធំ​រហូត​ដល់​មិន​អាច​នឹក​ស្មាន​ដល់។ ប្រទេស​កូរ៉េ​ខាង​ជើង​កាល​ពី​ម្សិល​មិញ បាន​សម្រេច​ការ​សាកល្បង​ប្រកប​ដោយ​ភាព​ជោគ​ជ័យ​នូវ​គ្រាប់​បែក​នុយក្លេអ៊ែរ ប្រភេទ​អ៊ីដ្រូហ្សែន (H-Bomb) នៅ​ភាគ​ឦសាន​ប្រទេស​ខ្លួន​ ហើយ​គ្រាប់​បែក​ប្រភេទ​នេះ អាច​បំពាក់​លើ​ក្បាល​កាំជ្រួច​អន្តរទ្វីប មាន​អានុភាព​ខ្លាំង​ជាង​គ្រាប់​បរមាណូ​ទម្លាក់​នៅ​ទី​ក្រុង​ Hiroshima ប្រទេស​ជប៉ុន ក្នុង​ជំនាន់​សង្គ្រាម​លោក​លើក​ទី២ រហូត​ដល់ ៨​ដង​ឯណោះ។ ដូច្នេះ អត្ថបទ​នេះ​នឹង​រៀប​រាប់​ប្រាប់​ប្រិយ​មិត្ត​ពី​ប្រទេស​ទាំង ៩​ ដែល​មាន​អាវុធ​នុយក្លេអ៊ែរ មាន​ដូច​ត​ទៅ៖

១.កូរ៉េ​ខាង​ជើង៖ ប្រទេស​អាស៊ី​មួយ​នេះ​ដែល​ទើប​តែ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​កាល​ពី​ម្សិល​មិញ មាន​អាវុធ​ប្រភេទ​នេះ​ចន្លោះ​ពី ១០​ទៅ ២០ បើ​ទោះ​ជា​របាយ​ការណ៍​របស់​សហរដ្ឋអាមេរិក​ថា​ប្រទេស​ឯកោ​មួយ​នេះ អាច​មាន​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​រហូត​ដល់ ៦០ ឯណោះ។ ប្រទេស​មួយ​នេះ​ធ្វើ​ការ​បាញ់​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​ដំបូង​របស់​ខ្លួន​កាល​ពី​ឆ្នាំ ២០០៦។

២.អ៊ីស្រាអែល៖ បើ​តាម Arms Control Association ប្រទេស​នៅ​មជ្ឈិមបូព៌ា​មួយ​នេះ មាន​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ចំនួន ៨០ គ្រាប់។

៣.ឥណ្ឌា៖ មាន​ចំនួន​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ចំនួន ១២០ ទៅ ១៣០​គ្រាប់ ហើយ​ការ​បាញ់​ល្បង​លើក​ដំបូង​ប្រព្រឹត្ត​ទៅ​កាល​ពី​ជាង ៤០​ឆ្នាំ​មុន។

៤. ប៉ាគីស្ថាន៖ មាន​ក្បាល​គ្រាប់​លើស​ឥណ្ឌា​បន្តិចបន្តួច ដែល​មាន​ចន្លោះ​ពី ១៣០ ទៅ ១៤០​គ្រាប់។

៥.ចក្រភព​អង់គ្លេស៖ មាន​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ចំនួន ២១៥​គ្រាប់។

៦.ចិន៖ មាន​ក្បាល​គ្រាប់​ប្រភេទ​នេះ​ចំនួន ៥៥គ្រាប់​លើស​ចក្រភព​អង់គ្លេស ពោល​គឺ ២៧០គ្រាប់។

៧.បារាំង៖ មាន​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ចំនួន ៣០០គ្រាប់ ហើយ​បាន​សាកល្បង​លើក​ដំបូង​កាល​ពី​ឆ្នាំ ១៩៦០។

៨. សហរដ្ឋអាមេរិក៖ មាន​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ច្រើន​ជាង​ប្រទេស​ទាំង ៧​ខាង​លើ​បូក​បញ្ចូល​គ្នា​ទៅ​ទៀត ដែល​មាន​រហូត​ដល់​ទៅ ៦៨០០គ្រាប់។

៩.រុស្ស៊ី៖ ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ក្នុង​ប្រទេស​ធំ​ជាង​គេ​លើ​លោក​មួយ​នេះ មាន​ចំនួន ៧០០០គ្រាប់ ខណៈ ២០០០​គ្រាប់​ត្រូវ​បាន​ដាក់​ពង្រាយ។

គួរ​បញ្ជាក់​ផង​ដែរ នៅ​ក្នុង​សម័យ​សង្គ្រាម​ត្រជាក់ អាវុធ​នុយក្លេអ៊ែរ​មាន​រហូត​ទៅ​ដល់ ៧០០០០ ក្នុង​អំឡុង​ទសវត្ស​ឆ្នាំ ១៩៨០ ប៉ុន្តែ​ចំនួន​នេះ​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​បន្ទាប់​ពី​ការ​ដួល​រលំ​នៃ​សហភាព​សូវៀត​ក្នុង​ឆ្នាំ ១៩៩១៕

ប្រភព៖ theguardian | We Forum   ប្រែសម្រួល៖ ហ៊ីម រស្មី