តាម​ជំនឿ​របស់អ្នក​ស្រុក ​អ្នក​ទៅ​លេង​ទន្លេ​បាទី​មិន​ត្រូវ​ធ្វើ​អ្វីខ្លះ?

  • 2017-09-05 01:59:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​តំបន់​រមណីយដ្ឋាន​ទន្លេ​​បាទី​មាន​អ្ន​កតាមួយកន្លែង​ដែលអ្នកស្រុក​ថា​អ្នកតានោះ​ជា​អតីត​មេទ័ព​ខ្លាំង​ពូកែ​មួយ​រូបនៅ​ការ​ពារ​តំបន់​រមណីយដ្ឋាន​ទន្លេបាទី ហើយ​អ្នកស្រុក​ថា​អ្នក​ទៅ​លេង​តំបន់​នេះ​ត្រូវ​ចេះ​ប្រ​យ័ត្នមាត់-ក កុំ​និយាយ​លេង​ផ្តេសផ្តាស។​

បើតាម​អ្នក​ស្រុក​នៅ​ទី​នោះ​ពាក្យ​ពេចន៍​ទាំងឡាយ​ណា​ដែល​មានន័យ​ប្រមាថ ឬ​មើល​ងាយ​ដល់​អ្នកស្រុក​មិន​គួរ​និយាយ​នៅ​ពេល​ទៅ​លេង​រមណីយដ្ឋាន​ទន្លេបាទីនោះទេ ដោយ​ថា​ពាក្យ​ពេចន៍នេះ​អ្នក​តា​ដែល​អ្នក​ស្រុក​ថា​ជាមេទ័ព​នោះ​ប្រកាន់។​​

រមណីយដ្ឋាន​ទេសចរណ៍​ទន្លេ​បាទី​ ស្ថិត​ក្នុង​ស្រុក​បាទី​ ខេត្ត​តាកែវ​ អ្នកស្រុក​នៅ​តំបន់​នោះ​ជឿថា​មានអ្នក​តា​ជា​មេទ័ព​ខ្លាំង​ពូកែ​នៅ​ថែរក្សា​ពួកគាត់​រហូត​មក​ដល់​សព្វ​ថ្ងៃ​។

(​រោង​អ្នក​តាមេទ័ពដែលអ្នក​ស្រុក​ជឿ​ថា​ខ្លាំង​ពូកែ)

បើ​តាម​អាជីវករ​លក់​ដូរ​នៅ​ទី​នោះ​ លោក ណេត ឲ្យ​ដឹង​​ថា​ ​ប្រជាជន​នៅ​ក្នុង​តំបន់​នោះ​តែ​ង​គោរព​និង​ជឿលើ​អ្នក​តា​មេទ័ព​នេះ​​រហូត​មកដល់​សព្វ​ថ្ងៃ​។

លោក​ដំណាល​​ប្រាប់​ថា​ កន្លង​មក​ធ្លាប់​មាន​អ្នក​មក​មុជ​ទឹក​លេង​កម្សាន្ត​ ហើយ​និយាយ​លេង​សើច​ឥត​គិត​មុខ​ក្រោយ​ លុះ​ត្រឡប់​ទៅ​ផ្ទះ​នៅ​ឯ​ខេត្ត​ព្រៃវែង​វិញ​ ក៏​ចាប់​ផ្ដើម​ឈឺ​ដាក់​ថ្នាំ​មិន​ត្រូវ​ រហូត​ដល់​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់​ទើប​ក្រុម​គ្រួសា​រក​គ្រូហោរ​គន់​គូរ​មើល​​ដឹង​ថា​មាន​ខុស​មាត់​ខុស​ពាក្យ​ពេល​មក​លេង​នៅ​ទន្លេ​បាទី។ ក្រោយ​ដឹង​ដូច​នេះទើប​បងប្អូន​របស់​បុរស​នោះ​មក​បន់​ស្រន់​ហើយ​ក៏​បាន​ជា​សះ​ស្បើយ​​វិញ​ក្រោយ​មក​ទៀត​។

បើ​តាម​អ្នក​ស្រុក​នៅ​ទីនោះ​នៅ​មាន​ករណី​ជា​ច្រើន​ទៀត​ប្រហាក់​ប្រហែល​គ្នានេះ​ ប៉ុន្តែ​ពួក​គាត់​មិន​បាន​ចាំ​អស់​នោះ​ទេ។ អ្វី​ដែល​គួរ​ឲ្យ​​កត់​សម្គាល់​នោះ​ អ្នកស្រុក​ណែនាំ​ថា​ ​អ្នក​​ដែល​ទៅ​លេង​កម្សាន្ត​គួរ​គប្បី​កុំ​លេង​សើច​សម្តីផ្តេស​ផ្តាស​។ ក្រៅពី​ប្រុង​ប្រ​យ័ត្ន​ពាក្យ​សម្តីទៅ​តាម​ជំនឿ អ្នក​ទៅ​លេងទី​នោះ​ក៏​​ត្រូវ​ចេះ​ប្រុង​ប្រយ័ត្ន​ដោយ​ខ្លួន​ឯង​ កុំ​​ចុះ​ទឹក​ជ្រៅៗ​ពេក​ ជៀស​វាង​បញ្ហា​អាច​កើត​ឡើង​ដោយ​ចៃដន្យណា​មួយ​៕

អត្ថបទដោយ៖ សូទ្រី