សិល្បករខ្មែរ​​៣​ជំនាន់​សរុប​ជាង​១០០​នាក់​រួម​គ្នា​បង្កើត​កម្មវិធីដ៏​​អស្ចារ្យ​១​

  • 2017-09-05 07:04:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​សម្ដែង​ផ្ទាំង​ទស្សនីយភាព​ដ៏​ធំ​មួយ​រឿង "មហាវេស្សន្ដរជាតក" ដែល​មាន​សិល្បករ​៣ជំនាន់​និង​ជាង​១០០នាក់​ចូល​រួម ហើយ​សិល្បករ​ខ្លះ​មាន​វ័យ​ជា​ង​៧០ឆ្នាំ​​​ទៅ​ហើយ។

ការ​រៀប​ចំ​កម្មវិធី​​ដ៏​ធំ​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ជា​លើក​ទី​២​ហើយ ដោយ​លើក​ទី១ ធ្វើ​ឡើង​ក្នុង​អំឡុង​ទសវត្ស​ទី​៦០ ឈាន​ចូល​ទសវត្សទី៧០។ គ្រា​នោះ​ការ​សម្ដែង​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​ពិធី​បុណ្យ​ព្រះ​សព​សម្ដេច​ព្រះ​សង្ឃរាជ ជួន ណាត។

សិល្បករ​ផ្ដួច​ផ្ដើម​បង្កើត​ស្នាដៃ​រឿង​មហាវេស្សន្ដរជាតក អ្នក​ស្រី សុខ សុមាលី បាន​ប្រាប់​ Sabay ថា​ការ​សម្ដែង​រឿង​ "មហាវេស្សន្ដរជាតក" ក្នុង​គោល​បំណងធំ៣ ទី១​៖ រម្លឹក​ដល់​គុណ​បុព្វបុរស​ខ្មែរ​ដែល​ជា​ស្ថាបនិក​សិល្បៈ​ខ្មែរ ទី២៖ ទុក​ជា​ការ​រម្លឹក​ឡើង​វិញ​នៃ​ការ​សម្ដែង​រឿង​នេះ ក្នុង​ពិធី​បុណ្យ​ព្រះ​សព សម្ដេច​ព្រះ​សង្ឃរាជ ជួន ណាត និង​ទី៣៖ ទុក​ជា​ស្នាដៃ​មួយ​ដើម្បី​ផ្សព្វ​ផ្សាយ​ពី​វប្បធម៌​ខ្មែរ​ទុក​ឱ្យ​កូន​ចៅ​ជំនាន់​ក្រោយ​បាន​ថែរក្សា​និង​យក​គំរូ​តាម។

អ្នក​ស្រី សុខ សុមាលី

“យើង​ចាស់ៗ​ហើយ ការ​សម្ដែង​មិន​បាន​ល្អ​ដូច​កាល​ពី​នៅ​ក្មេង​ទេ អ្នក​ខ្លះ​អាយុ៧០ជាង​ហើយ តែ​ពួក​គាត់​សប្បាយ​ចិត្ត​ចូល​រួម ហើយ​យ៉ាង​ណា​យើង​មាន​ក្បាច់​បាត​នៅ​សល់​ច្រើន។ ការ​សម្ដែង​នេះ​ជា​ចំណង​ដៃ​ចុង​ក្រោយ​របស់​សិល្បករ​ចាស់ៗ ក្នុង​ជីវិត​ចុង​ក្រោយ​របស់​ពួក​គាត់។" អ្នក​ស្រី​បន្ថែម។

ទីប្រឹក្សា​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ និង​ជា​អតីត​នាយក​សាលា​របាំ លោក ព្រឿង ឈៀង បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​លោក​គ្រូ​ពិភាក្សា​ជាមួយ​អ្នក​គ្រូ សុខ សុមាលី រួច​មក​ ក៏​បាន​សម្រេច​ថា​នឹង​បង្កើត​ស្នាដៃ​មួយ​នេះ​ឡើង។ សិល្បករ​ជំនាន់​សង្គមរាស្ត្រនិយម​រូប​នេះ​បញ្ជាក់​​ទៀត​ថា​ការ​ប្រមូល​ផ្ដុំ​សិល្បករ​ដើម្បី​ហាត់​សម​​មាន​ការ​ពិបាក​ ព្រោះ​តែ​សិល្បករ​ទាំង​អស់​សុទ្ធ​តែ​រវល់​ការ​ងារ​រៀងៗ​ខ្លួន តែ​ទោះ​ជា​យ៉ាង​ណា​សិល្បករ​ទាំងអស់​រីក​រាយ​និង​សប្បាយ​ចិត្ត​ក្នុង​ការ​ចូល​រួម​សម្ដែង។ លោក​គ្រូ​បន្ថែម​ថា ការសម្ដែង​មាន​ការ​លក់​សំបុត្រ ព្រោះ​ប្រាក់​ទាំង​នេះ​ទុក​សម្រាប់​ជា​វិភាគ​ទាន​ក្នុង​ការ​រៀប​ចំ​ការ​សម្ដែង​តែ​ប៉ុណ្ណោះ។

លោក ព្រឿង ឈៀង

"ថវិកា​ដែល​បាន​ពី​លក់​សំបុត្រ​នេះ​យើង​យក​ទៅ​ផ្គត់​ផ្គង់​ក្នុង​ការ​រៀប​ចំ​ការ​សម្ដែង យើង​អត់​យក​ទៅ​ណា​ទេ សូម្បី​តែ​សិល្បករ​ទាំង​អស់​ដែល​ចូល​រួម​សម្ដែង​នេះ ក៏​យើង​អត់​បាន​ជូន​ប្រាក់​គាត់​ច្រើន​ដែរ គឺ​យើង​បាន​តែ​ជូន​ពួក​គាត់​អាច​ទិញ​បាយ​ហូប​ខ្លះ​ៗ និង​ទិញ​ទឹក​អី​ហ្នឹង​ទេ ហ្នឹង​បាន​អ្នក​ជួយ​ឧបត្ថម្ភ​ខ្លះ​ផង បើ​ពឹង​តែ​ទៅ​លើ​ការ​លក់​សំបុត្រ​នេះ​អត់​គ្រប់​ទេ"។ មក​ដល់​ពេល​នេះ​យើង​ឃើញ​មាន​សន្ទុះ​នៃ​ការ​គាំទ្រ​ច្រើន ដោយ​ពួក​គាត់​ឮ​ថា​សិល្បករ​ចាស់ៗ​មក​សម្ដែង​គាត់​ចង់​មក​មើល​និង​គាំទ្រ”។

រឿង "មហាវេស្សន្ដរជាតក" នឹង​ត្រូវ​សម្ដែង​នៅ​ថ្ងៃ​ទី​១០ ១១ ១២ ខែ កញ្ញា ខាង​មុខ​នេះ ដោយ​មាន​សិល្បករ​៣ជំនាន់​ចូល​រួម។ តម្លៃ​សំបុត្រ ១០ម៉ឺន ​៦ម៉ឺន ៤ម៉ឺន និង​មាន​តម្លៃ​ពិសេស​សម្រាប់​ព្រះសង្ឃ និង​សិស្ស​និស្សិត៕ ​​

អត្ថបទ៖ ប៉ូ សាគុន