អតីតសាស្ត្រាចារ្យ​ស្មូត​កំណាព្យ​ដ៏​ល្បីល្បាញ យ៉ាន់ បូរិន្ទ ​រម្លឹក​រឿង​ជូរចត់ស្ទើរដាច់បាយម្តងៗ ទម្រាំ​មាន​ថ្ងៃ​នេះ

  • 2017-09-07 04:23:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​មនុស្ស​ជា​ច្រើន​បាន​ស្គាល់​អតីត​សាស្ត្រាចារ្យ​ស្មូត​កំណាព្យ​ដ៏​ល្បី​លោក យ៉ាន់ បូរិន្ទ តាម​រយៈ​សំឡេង​របស់​លោក តែ​ប្រហែល​ជា​មាន​មនុស្ស​តិច​តួច​ប៉ុណ្ណោះ ដែល​បាន​ដឹង​ពី​ដំណើរ​ជីវិត​របស់​លោក​ថា​យ៉ាង​ណា​នោះ។

ស្ថិត​ក្នុង​ត្រកូល​គ្រួសារ​កសិករ​ក្រីក្រ​មួយ​ក្នុង​ខេត្ត​តាកែវ កុមារា យ៉ាន់ បូរិន្ទ មិន​បាន​ចូល​រៀន​ដូច​ក្មេង​ដទៃ​ទេ តែ​បែរ​ជា​ត្រូវ​ទទួល​ទំនួល​ខុស​ត្រូវ​ដ៏​ធំ​ជំនួស​អ្នក​មាន​គុណ។ មាន​ឪពុក​ជា​អ្នក​រត់​រ៉ឺម៉ក ម្ដាយ​ដើរ​រែក​នំ​បញ្ចុក​លក់ តែ​មុខ​របរ​នេះ​មិន​កាក់កប​ឡើយ ដូច្នេះ​លោក​ទាំង​២ត្រូវ​ចេញ​ទៅ​រក​ស៊ី​ពី​ស្រុក​មួយ​ទៅ​ស្រុក​មួយ​អស់​ជា​ច្រើន​ឆ្នាំ​។

ជា​កូន​ទី២​ក្នុង​ចំណោម​បងប្អូន​៨នាក់ លោក​ត្រូវ​មាន​ភារៈ​កិច្ច​មើល​ថែ​ប្អូន​ៗ​តាំង​ពី​វ័យ​កុមារ​ ព្រោះ​បង​ប្រុស​ក៏​ជាប់​រៀន​នៅ​ឆ្ងាយ។ ដោយ​ភាព​ក្រីក្រ​ខ្លាំង​ និង​មិន​មាន​ម្ដាយ​ឪពុក​នៅ​ក្បែរ កុមារ​រូប​នេះ​ត្រូវ​ព្យាយាម​រក​អង្ករ​ម្ហូប​ចំណី តាម​តែ​អាច​ធ្វើ​ទៅ​បាន ​ដើម្បី​ជួយ​រំលែក​បន្ទុក​ម្ដាយ​ឪពុក។ ពេល​កុមារ​អាយុ​១២ឆ្នាំ អ្នក​មាន​គុណ​ទាំង២​បាន​ត្រឡប់​មក​ផ្ទះ​វិញ នៅ​ពេល​នោះ​ហើយ​ដែល​កុមារ​រូប​នេះ​បាន​ចូល​រៀន​នឹង​គេ។

បន្ទាប់​ពី​ប្រឡង​ជាប់​ចូល​ថ្នាក់​ទី៦ សាលា​តម្រូវ​ឱ្យ​បង់​ប្រាក់​ចំនួន១៥០០​៛ តែ​មិន​មាន​ប្រាក់​បង់​ យុវជន​រូប​នេះ​ក៏បាន​មក​ធ្វើ​ជា​កម្មករ នៅ​ក្នុង​ក្រុមហ៊ុន​លក់​កង់​មួយ​នៅ​ផ្សារ​ដើម​គ​ក្នុង​រាជធានី​ភ្នំពេញ។ ធ្វើ​ការ​បាន​មួយ​រយៈ ដោយ​ឃើញ​ពី​សមត្ថភាព​ច្រៀង មិត្តភ័ក្ដិ​របស់​លោក​ម្នាក់​បាន​ណែនាំ​ឱ្យ​ប្រឡង​ចូល​សាលា​ភូមិន្ទ​វិចិត្រ​សិល្បៈ។ គ្រា​នោះ​ហើយ​ដែល​ម្ដាយ​របស់​លោក​ត្រូវ​ពិបាក​ខ្លាំង​ម្ដងទៀត​ ព្រោះ​គាត់​ត្រូវ​រក​ប្រាក់​គ្រប់​ទី​កន្លែង​ទម្រាំ​អាច​កាត់​សម្លៀក​បំពាក់​ឱ្យ​លោក​បាន​មួយ​កំផ្លេ​។

"អ្វី​ដែល​ធ្វើ​ឱ្យ​ខ្ញុំ​ចាំ​មិន​ភ្លេច ពេល​ដែល​ខ្ញុំ​ដាក់​ពាក្យ​ប្រឡង​នៅ​សាលា​ភូមិន្ទ​វិចិត្រ​សិល្បៈ​ម្ដាយ​ខ្ញុំ​អត់​លុយ​កាត់​ខោអាវ​ឱ្យ​ខ្ញុំ​ទេ គាត់​រត់​រក​គេ​គ្រប់​កន្លែង​ប្រវេប្រវា​ណាស់​ទម្រាំ​បាន​ខោអាវ​១សម្រាប់។

ក្រោយ​ពី​ប្រឡង​ជម្រុះ​យ៉ាង​តឹងរ៉ឹង​អស់​ជា​ច្រើន​លើក​រួច​មក ក្នុង​ចំណោម​សិស្ស​ជាង ​១ ៤០០ ​នាក់​ ជាប់​តែ​២៤​នាក់​តែ​ប៉ុណ្ណោះ លោក​ក៏​ជាប់​ក្នុង​ចំណោម​នោះ​ដែរ។

“មុន​នឹង​គេ​រើស​យក​មួយៗ គេ​ចម្រាញ់​ណាស់ តឹង​ណាស់ គេ​ឱ្យ​យើង​ច្រៀង​ឱ្យ​គេ​ស្ដាប់ ស្រែក​តាម​ឧបករណ៍​ភ្លេង ទះដៃ​តាម​ភ្លេង។ បន្ទាប់​មក​ឱ្យ​យើង​រាំ​បទ​រាំ​វង់ សា​រ៉ាវ៉ាន់ ឡាំ​ឡាវ អី​ហ្នឹង យើង​ចេះ​ពី​កំណើត​យ៉ាង​ណា ​រាំ​យ៉ាង​ហ្នឹង។ គេ​ឱ្យ​យើង​ដោះ​ខោ​អាវ​ចេញ​ទុក​តែ​ខោ​ខ្លី​ទេ បើ​មាន​រមាស់ ឬ​ដំបៅ​ច្រើន ក៏​គេ​អត់​យក​ដែរ រីឯ​ចំណេះ​ដឹង​ទៀត​រឹតតែ​មិន​បាច់​និយាយ ​ចម្រាញ់​ច្រើន​ណាស់​ទម្រាំ​បាន​ជាប់” ។ សិល្បករ​រូប​នេះ​ថ្លែង​បញ្ជាក់។

បន្ទាប់​ពី​ប្រឡង​ជាប់​នៅ​សាលា​ភូមិន្ទ​វិចិត្រ​សិល្បៈ​ក្នុង​ឆ្នាំ​ ១៩៦៧ ​មក លោក​ធ្វើ​ការ​ក្នុង​វិស័យ​សិល្បៈ​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន លើក​លែង​តែ​សម័យ​ខ្មែរ​ក្រហម​តែ​ប៉ុណ្ណោះ។ ចាប់​តាំង​ពី​ក្លាយ​ជា​សិល្បករ​ក្នុង​ឆ្នាំ​១៩៨៥ មក​ លោក យ៉ាន់ បូរិន្ទ ច្រៀង​ក្នុង​របាំ​ព្រះរាជទ្រព្យ របាំ​ប្រពៃណី មហោរី សម្ដែង​រឿង​យីកេ​ ដូច​ជា​រឿង​ទុំទាវ ម៉ាក់ថឺង​ជា​ដើម។ លោក​អាច​លេង​ឧបករណ៍​ភ្លេង​បាន​មួយ​ចំនួន និង​ជា​ពិសេស​លោក​មាន​ទេពកោសល្យ​ខ្ពស់​ក្នុង​ការ​ស្មូត​កំណាព្យ។

"រឿង​មួយ​ទៀត​ពេល​បែក​សង្គ្រាម​ភ្លាម វេទនា​ណាស់ ធ្វើ​ការ​ផង​ រត់​កង់​ឌុប​ផង មាន​របស់​អីដែល​អាច​ដូរ​បាន ឱ្យ​គ្រួសារ​ទៅ​ដូរ​អង្ករ​ហើយ អត់​មែន​ទែន​ខ្ញុំ​ដើរ​បង់​ត្រី ចាប់​កង្កែប ក្ដាម​យក​មក​ចិញ្ចឹម​កូន​ស្រី​៥នាក់ ស្ទើរ​ដាច់​បាន​ម្ដងៗ"។

ស្ថិត​ក្នុង​វ័យ ៦៩ឆ្នាំ ទីប្រឹក្សា​ក្រសួង​វប្បធម៌ និងវិចិត្រសិល្បៈ​រូប​នេះ បាន​ស្គាល់​ប្រទេស​ជា​ច្រើន​តាម​រយៈ​សិល្បៈ លោក​បាន​ទៅ​សម្ដែង​នៅ​បរទេស​ប្រមាណ​ជិត​៣០ប្រទេស មាន​ដូចជា អាមេរិក បារាំង ជប៉ុន កូរ៉េ រុស្សី សូវៀត ចិន ជាដើម។ សិល្បករ​រូប​នេះ​អាច​ស្មូត​កំណាព្យ​បាន​៦០បែប មាន​បទ​ព្រហ្មគីតិ បទបន្ទោកាក បទភុជង្គលីលា ជា​ដើម។

បច្ចុប្បន្ន​លោក​ស្មូតកំណាព្យ​នៅ​ស្ថានីយ​ទូរទស្សន៍ និង​វិទ្យុ​មួយ​ចំនួន ហើយ​ក្នុងវ័យចុងក្រោយពេលចូលនិវត្តន៍នេះ លោក​ក៏​បាន​បើក​ថ្នាក់​បង្រៀន​ស្មូត​និង​តែង​និពន្ធ​កំណាព្យ​ឈ្មោះ​ "ក្លឹប​អភិរក្ស​មរតក​វប្បធម៌​ខ្មែរ" ថ្នាក់​នេះ​បើក​រយៈ​ពេល​ជិត​៣ឆ្នាំ មាន​ទីតាំង​ក្នុង​សាលា​ភូមិន្ទ​វិចិត្រ​សិល្បៈ ដើម្បីផ្ទេរចំណេះដឹងដែលលោកមានទៅកូន ខ្មែរជំនាន់ក្រោយ៕

អត្ថបទៈ ប៉ូ សាគុន