ដំណក់​ប្រេង​ដំបូង​របស់កម្ពុជា​ មិន​ធ្វើឲ្យប្រែប្រួលតម្លៃ​សាំង​ក្នុងស្រុកឡើយ​

  • 2017-09-07 08:26:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មន្ត្រី​ថា​ដំណក់​ប្រេង​ដំបូងរបស់​កម្ពុជា​ ដែល​រំពឹងថា​ផលិត​បាន ​៣០លាន​បារ៉ែល​ នៅ​រយៈពេល ២ឆ្នាំ​ខាងមុខ នឹង​មិនធ្វើ​ឲ្យតម្លៃ​ប្រេងសាំង​ក្នុងស្រុក​មាន​ការប្រែប្រួល​នោះ​ឡើយ​ ដោយថា​ត្បិតកម្ពុជា បាន​ផ្ដល់​សិទ្ធិ​លក់​ឲ្យក្រុមហ៊ុន​សិង្ហបុរី​ផលិត​ប្រេងឆៅ​ តែប្រេង​ឆៅទាំងនោះនឹងត្រូវ​នាំចេញ​ទៅទីផ្សារ​អន្តរជាតិខណៈដែល​កម្ពុជា​មិនទាន់​អភិវឌ្ឍរោងចក្រ​ចម្រាញ់​ប្រេង​បាន​នៅឡើយ។

ឯកឧត្តម ​ម៉េង សក្ដិធារ៉ា​ ​រដ្ឋលេខាធិការ​ក្រសួងរ៉ែ និង​ថាមពល​ បានបញ្ជាក់​ក្នុងសិក្ខា​សាលា​ស្ដីពី " ដំណើរ​ឆ្ពោះទៅជា​ប្រទេស​ផលិតប្រេង​" កាលពីម្សិល​មិញ​ថាៈ « ការ​ចាប់ផ្ដើម​ធ្វើផលិតកម្ម​ប្រេងឆៅ​របស់យើង​នៅប្លុក ​A នេះ ​មិនមាន​ផល​ទាក់ទង​អីជាមួយ​នឹងថ្លៃ​ ប្រេងដែល​ប្រជាជន​យើង​ប្រើសព្វថ្ងៃ​នោះទេ»។

ឯកឧត្តម​បានបន្ថែម​ថាៈ «ក្នុង​រយៈពេល​វែង ពេលដែល​កម្ពុជាអភិវឌ្ឍ​ខ្សែសង្វាក់​ឧស្សាហកម្ម​ផលិតកម្ម​ពេញលេញ​... ​រហូតដល់​ការកែច្នៃរោងច​ក្រចម្រាញ់​ប្រេងការផលិត​ក្នុងស្រុក​យើង​បាន ...ពេលនោះ​ (ប្រេងឆៅ) បាន​អាច​មានទំនាក់ទំនង​ជាមួយថ្លៃ​ប្រេងដែល​ប្រជាពលរដ្ឋ​យើងប្រើប្រាស់​»។

ដោយឡែក កម្ពុជា​ក៏មាន​ក្រុមហ៊ុន​នាំចូលប្រេង​ឆៅដើម្បី​ចម្រាញ់ជា​ប្រេងដែល​ប្រើប្រាស់​រាល់ថ្ងៃដែរ​ តែ​មិនទាន់​អាចយក​ប្រេងឆៅ​ដែលកម្ពុជា​ផលិតដំបូង​នេះបាន​ ​ដោយសារ​ការអភិវឌ្ឍន៍​នៅប្លុក​ A នៅ​មានភាព​មិនច្បាស់លាស់​មួយចំនួន ​ដែលមិនអាចធានា​គោលដៅនិរន្តភាព​សម្រាប់​ផ្គត់ផ្គង់ទីផ្សារ​​ធំៗបាន​។ ​យ៉ាងណាក្ដី កម្ពុជា​នៅតែ​រំពឹងថា​ នឹង​អាចយក​ប្រេងឆៅដែល​ចម្រាញ់ជា​ប្រេងសម្រាប់​ប្រជាពលរដ្ឋប្រើប្រាស់​នៅពេល​ខាងមុខ​។ ឯកឧត្តម សក្ដិធារ៉ា ​បន្ថែម។

កិច្ច​ព្រមព្រៀង​រវាងកម្ពុជា​និង​ក្រុមហ៊ុន​គ្រីសអេនើជី ដែល​ចុះ​ហត្ថលេខាជាផ្លូវការ​កាល​ពីថ្ងៃទី​ ២៣ សីហា ឆ្នាំ ​២០១៧ ថ្មីៗនេះ បញ្ជាក់ថា​ ភាគហ៊ុន ៥% ​នៃប្រតិបត្តិករក្នុងប្លុក A​ នឹងត្រូវ​ផ្ទេរទៅ​ឲ្យរាជរ​ដ្ឋាភិបាល​កម្ពុជា​ ដែល​នឹង​ត្រូវគ្រប់គ្រង​ដោយ​អគ្គនាយកដ្ឋានទ្រព្យ​សម្បត្តិរដ្ឋ​ ​និង​ចំណូល​មិនមែន​សារ​ពើពន្ធ នៃ​ក្រសួងសេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ។ ​ចំណែក​ក្រុមហ៊ុន ​កាន់កាន់​ភាគហ៊ុន ​៩៥% ​ដែលនៅ​សល់​។ កម្ពុជារំពឹងថា ការអភិវឌ្ឍ​អណ្ដូងប្រេង​ឈ្មោះ​អប្សរា​នេះ នឹងបង្កើត​ប្រាក់ចំណូល​ ​និងពន្ធ​លើប្រាក់​ចំណូល​ប្រេងកាត សរុប​យ៉ាងហោច​ណាស់ ៥០០​លានដុល្លារ។

(ពិធីចុះកិច្ចព្រមព្រៀងរវាងកម្ពុជា​និង​ក្រុមហ៊ុន​គ្រីសអេនើជី)

បើតាម​សេចក្ដីជូន​ដំណឹង​របស់​ក្រសួង​ពាណិជ្ជកម្មស្ដី​ពីតម្លៃ​លក់រាយ​ប្រេងឥន្ទនៈ​នៅតាម​ស្ថានីយ​ សម្រាប់​ថ្ងៃទី ០២ ដល់ ១១ ខែកញ្ញា ២០១៧ បង្ហាញថា​ តម្លៃប្រេងម៉ាស៊ូត ថ្លៃ ៣ ៤០០រៀល ​តម្លៃប្រេង​សាំង​ធម្មតា​ ៣ ៧៥០រៀល ​និង​តម្លៃ​ប្រេងសាំង​ស៊ុបពែរ​ ៣ ៨០០រៀល ​ក្នុងមួយលីត្រ​៕

អត្ថបទ៖ ស៊ិន សាវ៉េត