ចូល​រួម​ត្រេកអរ! ស៊ន​ សៀវម៉ី​​​ ក្លាយ​ជា​​ទូត​សុឆន្ទៈ​ Adidas ប្រចាំ​កម្ពុជា​

  • 2017-09-08 10:13:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡា​ការិនី​តេក្វាន់ដូ​ជម្រើស​ជាតិ​កម្ពុជា ស៊ន សៀវម៉ី​ត្រូវ​បាន​ក្រុម​ហ៊ុន​ Adidas ជ្រើស​រើស​ជា​ទូត​សុឆន្ទៈ​ ឬ​តំណាង​ផ្សព្វផ្សាយ​ប្រចាំ​នៅ​ប្រទេស​កម្ពុជា។ ដំណឹង​នេះ​ត្រូវ​បាន​ទម្លាយ​ជា​ផ្លូវ​ការ​​នា​​ព្រឹក​ថ្ងៃ​សុក្រ​ ទី​៨​ ខែ​កញ្ញា​ ឆ្នាំ​២០១៧​នេះ។

លោក ញ៉ាណ សុខវិសាល (ឆ្វេង​ទី១) ស៊ន សៀវម៉ី និង​តំណាង​ក្រុម​ហ៊ុន (រូបថត៖ សៀវម៉ី)

លោក ញ៉ាណ សុខវិសាល មន្រ្តី​របស់​គណៈកម្មាធិការជាតិ​អូឡាំពិក​កម្ពុជា​​ដែល​​ចូល​រួម​ពិធី​ចុះ​ហត្ថលេខា​នេះ​​ថា ​វីរនារី​ ស៊ន សៀវម៉ី​​បាន​ចុះ​ហត្ថលេខា​ធ្វើ​ជា​ទូត​សុឆន្ទៈ​រយៈ​ពេល​មួយ​ឆ្នាំ​គិត​ចាប់​​ថ្ងៃ​សៅរ៍ ទី​៩​ ខែ​កញ្ញា​នេះ​ទៅ​នេះ។ កីឡា​ការិនី​កម្ពុជា​រូប​នេះ​ទទួល​បាន​អត្ថប្រយោជន៍​ច្រើន​​ដូច​ជា​ ​ទទួល​បាន​សម្ភារៈ​ និង​ខោ​អាវ​កីឡា​ដ៏​ល្បី​នេះ​សម្រាប់​ការ​ហ្វឹកហាត់​ និង​ប្រកួត​រយៈ​ពេល​ពេញ​មួយ​ឆ្នាំ​ដែល​អាច​មានតម្លៃ​សរុប​​ប្រហែល​ជា​១​ម៉ឺន​ដុល្លារ​អាមេរិក។

លោក​បញ្ជាក់​ថា ប្រសិន​បើ​មាន​ការ​ថត​ស្ប៉ត​ផ្សាយ​ពាណិជ្ជកម្ម​ ឬ​ចូល​រួម​កម្មវិធី​អ្វី​ផ្សេង​ ស៊ន សៀវម៉ី​នឹង​ទទួល​បាន​តម្លៃ​ខ្លួន​ផ្សេង។

​កីឡា​ការិនី​ជម្រើស​ជាតិ​កម្ពុជា ស៊ន សៀវម៉ី​ ទើប​ឈ្នះ​មេដាយ​មាស​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​នៅ​ប្រទេស​ម៉ាឡេស៊ី​កាល​ពី​ពេល​ថ្មី​ៗ​នេះ។ នា​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ​កីឡា​ការិនី​រូប​នេះ​នឹង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ Asian Indoor and Martial Arts Games ចាប់​ពី​ថ្ងៃ​ទី​១៧​ដល់​២៧​ ខែ​កញ្ញា​ឆ្នាំ​២០១៧​នៅ​ប្រទេស​ទួរមេនីស្ថាន៕

ស៊ន សៀវម៉ី (រូបថត៖ សៀវម៉ី)

អត្ថបទ៖ ជាន ចាន់រ៉ា