តោះមក​ស្តាប់​បទពិសោធន៍សិស្ស​និទ្ទេស​A បន្តិច​មើល៍

  • 2017-09-12 00:00:00
  • ចំនួនមតិ

ចន្លោះមិនឃើញ

នៅព្រឹក​ថ្ងៃ​ចន្ទ​ម្សិល​មិញទើប​យុវសិស្ស​ នៅ ចន្ទសិរីវុឌ្ឍ បាន​ដឹង​លទ្ធផល​ថា​ខ្លួន​បាន​ប្រឡង​ជាប់​និងទទួល​បាន​និទ្ទេស​A ទៀត​ផង។ ទើប​តែ​ដឹង​លទ្ធផល​ដោយ​ហេតុ​ថា​ ចន្ទសិរីវុឌ្ឍ ជា​សិស្ស​ប្រ​ឡង​បាក់ឌុប​នៅ​ខេត្ត​តាកែវ។

សិរីវុឌ្ឍ ថ្លែង​ប្រាប់​Sabay ថា​ការ​ទទួល​បាន​លទ្ធផល​នេះ​ធ្វើ​ឲ្យ​រូប​គេ​សប្បាយ​ចិត្ត​ជាខ្លាំង និងថា​នេះ​ជា​សមិទ្ធ​ផល​ដែល​កើត​ចេញ​ពី​ការ​ខិត​ខំប្រឹង​ប្រែង​របស់​ខ្លួន​គេផ្ទាល់ និង​បាន​ទទួល​ការ​ណែនាំ​ពី​លោកគ្រូ និង​អ្នកគ្រូ​។

(សិស្ស​និទ្ទេសA នៅ ចន្ទសិរីវុឌ្ឍ)

សិស្ស​និទ្ទេស A រូបនេះ​​រំឭក​ថា​ខ្លួន​គេ​បាន​ចាប់យក​ចិត្ត​ទុកការ​ក្នុងការ​រៀន​សូត្រ​តាំងពី​ដើម​ឆ្នាំ​មក​ម្លេះ ហើយ​ថា​ក្នុងមួយ​ថ្ងៃ​ខ្លួន​បាន​ចំណាយ​ពេល​៣ម៉ោង​សម្រាប់​រៀន​គួរជាមួយ​លោក​គ្រូ ឬអ្នកគ្រូ។ យុវជន​រូបនេះ​បន្ថែមថា​ ខ្លួន​គេ​ក៏​មិន​ចោល​ដែល​ការ​អនុវត្ត​បន្ថែម​ដោយ​ខ្លួន​ឯង ដោយថា​នៅពេល​យប់​ចំណាយ​ពេល​រហូត​ដល់​យប់​ជ្រៅ​ដើម្បី​អនុវត្ត​លំហាត់​រូបវិទ្យា គីមី ជីវវិទ្យា និង​គណិតវិទ្យា ជា​ដើម ដោយ​ថា​ពេល​យប់​ខ្លួន​មាន​ការគិតបាន​ល្អ​ជាង​ពេល​ថ្ងៃ។

ដោយ​ឡែក​មុខវិទ្យា​សង្គម​វិញ គឺថា​ សិរីវុឌ្ឍ បាន​ក្រោក​ពីព្រឹក​ព្រហាម​ដើម្បី​ទន្ទេញ និង​អាន​មេរៀន​ឡើង​វិញ​មុន​ទៅ​សាលា។ យុវសិស្ស​រូបនេះ​ថា​ខ្លួន​ធ្វើ​បែបនេះ​ជា​ប្រ​ចាំ​រហូត​ដល់​មួយ​ខែ​មុនពេល​ប្រ​ឡង។ សិរិវុឌ្ឍ ថាមួយ​ខែ​មុន​ពេល​ប្រឡង​ខ្លួន​បាន​ប្រឹង​រំឭកមេរៀន​ចាស់​គ្រប់​មុខវិជ្ជា​វិញ និងមិន​សូវ​អនុវត្ត​លំហាត់នោះទេ។ យុវជនរូបនេះ​ថា​ខ្លួន​ធ្វើ​ដូចនេះហើយ​ទើបលទ្ធផល​បាន​ល្អ​ដូច​ការ​រំពឹង​ទុក។

ដោយ​សារ​តែ​ចូល​ចិត្ត​ផ្នែក​វិទ្យា​សាស្រ្ត សិរីវុឌ្ឍ ប្រាថ្នាចូល​រៀន​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​មុខ​វិទ្យា​គណិតវិទ្យា ដោយ​ប្រថ្នាចង់​ធ្វើ​ជា​អ្នក​ស្រាវជ្រាវ និងជា​សាស្ត្រាចារ្យ​មួយ​រូប។

«បំណង​ទៅ​ថ្ងៃ​អនាគត​ខ្ញុំ​ចង់ធ្វើជា​សាស្រ្តាចារ្យ និង​ចង់​ក្លាយ​ជាអ្នកស្រាវជ្រាវមួយ​ដ៏​ល្បី​ផង​ដែរ»។ សិរីវុឌ្ឍ​បន្ថែម។

គួរបញ្ជាក់ថា​ សិរិវុឌ្ឍ បាន​លំដាប់ពិន្ទុ​៩៩,៦៨០ ស្ថិត​ក្នុងលំដាប់​លេខរៀង​ទី​៦​នៃសិស្ស​និទ្ទេស​​A ទាំង​ប្រាំបី​របស់​ខេត្ត​តាកែវ៕​


អត្ថបទដោយ៖ ជិន វេន