ក្លឹបធំៗកំពុងឡាំប៉ា ចង់លុបចោលទីផ្សារដោះដូរកីឡាករខែមករា
- 2017-09-11 11:43:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្លឹបធំៗកំពុងឡាំប៉ា ចង់លុបចោលទីផ្សារដោះដូរកីឡាករខែមករា
ចន្លោះមិនឃើញ
ក្លឹបបាល់ទាត់អឺរ៉ុបល្បីៗមួយចំនួន បានគាំទ្រសំណើបំបាត់ចោលទីផ្សារដោះដូរកីឡាខែមករា ដើម្បីកែប្រែស្ថានភាពបាល់ទាត់ជាថ្មី នេះបើតាមសារព័ត៌មាន The Sun។
បើតាមសារព័ត៌មានល្បីឈ្មោះរបស់អង់គ្លេសមួយនេះ បានឲ្យដឹងថា ក្លឹបជើងឯកលីគកំពូលអាល្លឺម៉ង់ Bayern Munich ក្លឹបសេះបង្កង់ Juventus ព្រមទាំងក្លឹបយក្សអេស្ប៉ាញទាំងពីរពោលគឺ Real Madrid និង Barcelona បានបង្ហាញពីការគាំទ្ររបស់ខ្លួនក្នុងការបិទទីផ្សារដោះដូរកីឡាករខែមករា។ បន្ថែមពីលើក្លឹបយក្សៗរបស់អឺរ៉ុបនេះ អ្នកចាត់ការទូទៅចាស់វស្សារបស់ក្លឹបកាំភ្លើងធំ Arsenal លោក Arsene Wengerកន្លងមកក៏បានអំពាវនាវឲ្យបំបាត់ចោលទីផ្សារមួយនេះផងដែរ។
កាលពីពេលថ្មីៗនេះផងដែរ លោក Jose Mourinho ដែលជាអ្នកចាត់ការទូទៅរបស់ក្លឹបបិសាចក្រហម Manchester United បានថ្លែងថា រដូវកាលដោះដូរខែមករា គ្រាន់តែពេលវេលាសម្រាប់ឲ្យក្លឹបឆ្លៀតឱកាសក្នុងការទិញកីឡាករណាដែលជិតផុតកុងត្រា ឬជាការទិញកីឡាករបែបបន្ទាន់ប៉ុណ្ណោះ។ ការទទូចទាមទាររបស់ក្លឹបធំៗអឺរ៉ុបទាំងនេះ ធ្វើឡើងដើម្បីកុំឲ្យបាត់បង់កីឡាករឆ្នើមៗរបស់ខ្លួននៅពាក់កណ្ដាលរដូវកាលដែលបង្កជាភាពចលាចលក្នុងក្លឹប ក៏ដូចជាចង់រារាំងកុំឲ្យក្លឹបមហាសេដ្ឋីធ្វើអ្វីស្រេចតែចិត្ត។
គួរបញ្ជាក់ផងដែរថា ការពិភាក្សាទាមទារនេះ ធ្វើឡើងបន្ទាប់ការចាយលុយយ៉ាងសន្ធឹកសន្ធាប់របស់ក្លឹបយក្សបារាំង PSG និងក្លឹបយក្សផ្ទៃមេឃ Manchester City (ដែលសុទ្ធសឹងជាក្លឹបមានម្ចាស់ជាមហាសេដ្ឋីប្រេង) ក្នុងការដោះដូររដូវកាលក្ដៅនេះ។ ទីផ្សារដោះដូរកីឡាករខែមករា ត្រូវបានបង្កើតឡើងដោយសហភាពនៃសមាគមបាល់ទាត់អឺរ៉ុប (UEFA) ក្នុងឆ្នាំ២០០៣៕