អស្ចារ្យ! ខេត្តកែបជាប់និទ្ទេស A ពីរនាក់បំបែកកំណត់ត្រាលើកដំបូង

  • 2017-09-12 03:34:13
  • ចំនួនមតិ

ចន្លោះមិនឃើញ

ចាប់​តាំង​ពី​ក្រសួង​អប់រំ​បាន​ដាក់​ចេញ​នូវ​កំណែ​ទម្រង់​ការ​ប្រឡង​មក​ នេះ​ជា​លើក​ទី១​ហើយ​ ដែល​ខេត្ត​ជាប់​សមុទ្រ​មួយ​នេះ ​មាន​សិស្សនិ​ទ្ទេសA​ជា​លើក​ដំបូង​។

​យោង​​​តាម​លទ្ធ​ផល​នៃ​ការ​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិ​យភូមិ​ដែល​បាន​បិទ​ផ្សាយ​កាល​ពី​ម្សិល​មិញ​ បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ខេត្ត​កែប​ទទួល​បាន​សិស្ស​និទ្ទេស​A​ចំនួនពីរ​នាក់​ មក​ពី​វិទ្យាល័យ​ចំការ​ដូង​ដូច​គ្នា​។

ជូន លី ជា​យុវ​សិស្ស​ម្នាក់​ក្នុង​ចំណោមពី​រ​នាក់​ដែល​​ទទួល​បាន​និទ្ទេស A ប្រចាំ​ខេត្ត​កែប។ ជួ លី មាន​​ឳពុក​ជា​អ្នក​រត់​រ៉ឺ​ម៉ក ឯ​ម្តាយ​ជា​ស្រ្តី​មេ​ផ្ទះ។ យុវជន ជូ លី មាន​គំនិត​ចង់​ឲ្យ​គ្រួសារ​មាន​មុខ​មាត់​ជាង​បច្ចុបន្បន្ន ជាហេតុ​ធ្វើ​ឲ្យ​រូបគេ​​ខំ​សិក្សា​រហូត​ទទួលបាន​និទ្ទេស​A។ ជូ លី ឲ្យ​ដឹង​ថា​ក្រោយ​ឃើញ​លទ្ធ​ផល​ថា​បាន​និទ្ទេស​A ខ្លួន​ពិត​ជា​មាន​អារម្មណ៍ថា​រំភើប «មែនទែន»។ ដោយ​សារ​បានពិន្ទុ​ល្អ​លើ​មុខ​វិទ្យា​វិទ្យាសាស្រ្ត ជូ លី នឹង​ប្រឡង​ចូល​រៀន​ផ្នែក​វិស្វករ​នៅ​វិទ្យា​ស្ថានបច្ចេក​វិទ្យា​កម្ពុជា ឬ​ហៅ​កាត់​ថា​តិចណូ។

(ជូ លី ថតជុំគ្នា​ជាមួយ​ឳពុក​ម្តាយ/រូបថត៖ គឹមសាយ)

ចំណែក​មិត្ត​រួម​ថ្នាក់​របស់​ ជូ លី គឺ​កញ្ញា នាង ជាវ័យ ជា​សិស្ស​និទ្ទេស ​A មួយ​រូបទៀត​របស់​ខេត្ត​កែប​នេះ។​ ជា​វ័យ ថ្លែងប្រាប់ Sabay ថា​កញ្ញា​មាន​អារម្មណ៍​រំភើប​ពេល​បាន​ទទួល​និទ្ទេស​A សម្រាប់​ការ​ប្រឡង​បាក់ឌុបនេះ។ ក​ញ្ញា​ថា​នេះ​ជា​ក្តី​ស្រម៉ៃ​របស់​ខ្លួន​ក្នុងនាម​ជា​សិស្ស​ប្រឡង​បាក់​ឌុប​ម្នាក់​។

(កញ្ញា នាង ជាវ័យ សិស្ស​និទ្ទេសA នៅខេត្ត​កែប)

មិន​ខុស​ពី​មិត្ត​រូបថ្នាក់ ជា​វ័យ ថ្វី​ត្បិត​តែ​ជា​កូន​ស្រីក្តី ក៏​ ជាវ័យ ចង់​បន្ត​ការសិក្សា​លើ​ផ្នែក​វិស្វករ​នៅ​វិទ្យា​ស្ថានបច្ចេក​វិទ្យា​កម្ពុជា ឬ​ហៅកាត់ថា​តិចណូ ផង​ដែរ។


អត្ថបទដោយ៖ គឹមសាយ