ឧកញ៉ា គួច ម៉េងលី៖ យុវជន​ពុំ​គួរ​ប្រញាប់​ប្រញាល់​ចង់​ក្លាយ​ជា​អ្នក​ជោគជ័យ​លឿនពេកទេ

  • 2017-09-12 23:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្ស​​គ្រប់​គ្នា​តែង​​​ប្រាថ្នា​​ចង់​​ចេះ​​ច​ង់​ដឹង ​និង​ទទួល​​បាន​បទ​​ពិសោធន៍​​ច្រើន​​​​ ដើម្បី​ឈាន​​​ឆ្ពោះ​ទៅ​​សម្រេច​​​ជោគ​ជ័យ​ឆាប់ៗ​ ​ក្នុង​​ឆាក​ជីវិត​​របស់​​ខ្លួន។​

ទោះយ៉ាង​ណា​អ្នក​ជំនួញ​ជើង​ចាស់​​ម្នាក់​គឺ​លោក​ឧកញ៉ា គួច ម៉េងលី ដែល​ជា​ស្ថាប​និក និង​ជា​អគ្គនាយ​នៃ​ក្រុម​ហ៊ុ​ន Mengly J. Quach Holding Co, Ltd បាន​លើក​ឡើង​ថា យុវ​ជន​ពុំគួរ​​ប្រញាប់ ឬ​តក់ក្រហល់​ក្លាយ​ជា​បុគ្គល​ជោគ​ជ័យ​លឿន​ពេក​នោះ​ទេ។ ភាពតក់​ក្រហល់ លោក​ថា​នឹង​ធ្វើ​ឱ្យ​យុវ​ជន​ខ្លួន​ឯង​ខាត​បង់​ទាំង​ពេល​វេលា​ ថវិកា​ និង​អនាគត់​ទៅ​វិញ​ទេ។​

(លោក ឧកញ៉ា គួច ម៉េងលី)

ថ្លែង​ក្នុងវេទិការ​ការងារ​លើ​កទី​៤ ដែល​រៀបចំ​ឡើង​ដោយ​អង្គការ ភី អិន ស៊ី កាលពីថ្ងៃទី ៩ ខែ​កញ្ញា​កន្លង​ទៅ​លោក​​​ពន្យល់​ថា​ យុវ​ជន​ត្រូវ​មាន​ ចំណេះ​ដឹង ចំណង់​ចំណូលចិត្ត បទ​ពិសោធន៍ និង​ជំនាញ​មួយ​ច្បាស់​លាស់​។   លោក​បន្ត​ថា​យុវជន​មាន​ពេល​វេលា​ច្រើន​ ដើម្បី​សិក្សា​រៀន​សូត្រ​ស្វែង​រក​បទពិសោធន៍​ថ្មី​ៗ និង​ការ​សំលៀង​ក្តី​ស្រ​ម៉ៃ​របស់​ខ្លួន​។

លោកឧកញ៉ា​បាន​ឱ្យ​ដឹង​ថា ​នៅបណ្តា​ប្រទេស​ជា​ច្រើន​លើ​សកល​លោក​ជា​មធ្យម​អ្នក​ជោគជ័យ​មាន​​អាយុ​ចាប់​ពី៥៦​ឆ្នាំ​ ហើយ​បើជា​សហគ្រិន​វ័យ​ក្មេង ឬ​អ្នក​គ្រប់​គ្រង​ជា​មធ្យ​ម​មាន​អាយុ​ចន្លោះ​ពី​៣៨ឆ្នាំ​ទៅ​៤៥​ឆ្នាំ និង​ធ្វើជា​នាយក​សាលា​ខ្ទង់​អាយុ ៦០​ឆ្នាំ។ ​​«ក្មួយៗ​នៅ​មាន​ពេល​វេលា​ច្រើន​ អ្វី​ដែល​យុវជន​ត្រូវ​ធ្វើ ​គឺ​រៀន​ធ្វើឱ្យច្បាស់លាស់ ផ្ចិតផ្ចង់​ ក្បោះក្បាយ ច្បូត​ពីក្បាល​ដល់​កន្ទុយ​ ទី១ ត្រូវ​ធ្វើ​ឱ្យ​លះ ទី​២ កុំ​ឆ្អិនក្បាល ស៊ី​ក្បាល​ឆ្អិន​កន្ទុយ​ស៊ីកន្ទុយ​ និង​កុំ​ហក់លោត និងទី៣ សំលៀង​ក្តី​ស្រម៉ៃរបស់​យើង​ឱ្យ​លះ ហើយ​ធ្វើឱ្យជាប់​លាប់»។ លោក​បន្ថែម។​​

(លោក ឧកញ៉ា គួច ម៉េងលី និង​យុវជន)

លោកឧញ៉ា​បាន​បន្ថែម​ថា យុវជន​ត្រូវ​វិនិយោគ​លើ​ចំណេះដឹង ដក​​ពិសោធន៍​លើ​​ការងារ​ ​ពិសោធន៍​លើ​ភាព​អត់​ធ្មត់ និង​ភាពស៊ូទ្រាំរបស់ខ្លួន​ឯង​ជាមុន​។ «អ្នក​ខ្លះ​ធ្វើ​ការងារ​បាន​ប្រាក់​ខែ៥០០​០​ដុល្លារ…ឈ​ប់​ធ្វើ​ការ​ចេញ​រក​ស៊ី​ជាមួយ​នឹង​ដើម​ទុន​ជាង២០​ម៉ឺន​(ដុល្លារ តែ)​ទីបំផុត​​មួយ​ខែ​រក​១០០០​ដុល្លារ​សឹង​មិន​ឃើញ​។ នេះជា​ឧទាហរណ៍មួយ​។យើង​ត្រូវ​ស្វែង​រកទាំង​ចំណេះដឹង​ និង​ចំណេះធ្វើ​ ដើម្បី​ជា​ទុន ក្នុង​ការ​ថ្លឹង​ថ្លែង និង​ការ​វិភាគ​រក​ហេតុ​ផល​មាន​ប្រសិទ្ធិភាព​ខ្ពស់»។ លោក​បញ្ជាក់។

លោក​ឲ្យ​ដឹងទៀតថា​យុវជន​ដែល​មាន​ចំណេះ​ដឹង វិ​ជ្ជាជីវៈ​ក្នុង​ខ្លួន​ហើយ​មិនទាន់​គ្រប់គ្រាន់​នោះទេ តែ​ថា​ត្រូវ​រៀន​បន្ថែមទៀត​ឲ្យ​ចេះ​វិភាគ​ស្ថានការ​ណ៍ ឬ​ទិដ្ឋភាព​ផ្សេងៗ​ដោយ​ត្រូវអាន​សៀវ​ភៅ​ឲ្យ​បាន​ច្រើន។ លោក​ថា​ការ​អាន​ច្រើន​ធ្វើ​ឲ្យ​ចំណេះ​ដឹង​ទូលំទូលាយ និង​ការ​សុខវិនិច្ឆ័យខ្ពស់៕

អត្ថបទដោយ៖ សុផល

រូបភាព៖ ផ្តល់​ឲ្យ

អត្ថបទពេញនិយម