Pogba៖ "ខ្ញុំ​នឹក​ភ្លេង Champions League ណាស់"

  • 2017-09-12 12:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ឆ្នើម​របស់​ក្លឹប​បិសាច​ក្រហម Manchester United ខ្សែ​បម្រើ​កណ្ដាល Paul Pogba បាន​និយាយ​ក្នុង​កិច្ច​សម្ភាសន៍​ផ្លូវ​ការ​ជា​ក្លឹប​មួយ​នេះ​ថា ខ្លួន​នឹក​ភ្លេង​ផ្លូវ​ការ​របស់​ក្រប​ខណ្ឌ​បាល់​ទាត់​កំពូល​អឺរ៉ុប UEFA Champions League ណាស់។

Paul Pogba កំពុង​លេង​ឲ្យ​ Man Utd

ក្នុង​កិច្ច​សម្ភាសន៍​នេះ កីឡាករ​សញ្ជាតិ​បារាំង​ Paul Pogba បាន​ថ្លែង​ថា៖ **"និយាយ​តាម​ត្រង់​ទៅ ខ្ញុំ​នឹក​ភ្លេង​នេះ​ (ភ្លេង​ផ្លូវ​ការ​របស់ Champions League) ខ្ញុំ​នឹក​វា​ខ្លាំង​ណាស់​កាល​ពី​រដូវ​កាល​មុន"។** អតីត​កីឡាករ​ថ្លៃ​បំផុត​ក្នុង​កំណត់​ត្រា​បាល់​ទាត់​ពិភពលោក​រូប​នេះ​បាន​បន្ត​ទៀត​ថា៖ "គ្រាន់​តែ​លឺ​ភ្លេង​នេះ​វិញ វា​បាន​ជំរុញ​ខ្ញុំ​ឲ្យ​ប្រឹង​លេង​ឲ្យ​អស់​ពី​សមត្ថភាព​របស់​ខ្ញុំ​"។

Paul Pogba ពេល​លេង​ឲ្យ​ Juventus

ខ្សែ​បម្រើ Paul Pogba ខាន​លេង​ក្នុង​ក្រប​ខណ្ឌ​បាល់​ទាត់​កំពូល​អឺរ៉ុប​មួយ​នេះ តាំង​ពី​ខែ​មីនា ឆ្នាំ​មុន នៅ​ពេល​ក្លឹប​យក្ស​អាល្លឺម៉ង់ Bayern Munich បាន​ទម្លាក់​ក្លឹប​សេះ​បង្កង់ Juventus ក្នុង​វគ្គ ១៦​ក្រុម ដែល​កាល​នោះ​ Pogba ជា​កីឡាករ​របស់​ក្លឹប Juventus នៅ​ឡើយ មុន​ពេល​ធ្វើ​ការ​ផ្ទេរ​ក្នុង​មក​ក្លឹប​បិសាច​ក្រហម​ក្នុង​ខែ​សីហា និង​លេង​ក្នុង​ក្រប​ខណ្ឌ​បាល់​ទាត់​កម្រិត​២ Europa League កាល​ពី​រដូវ​មុន។

ក្លឹប Manchester United នឹង​បើក​ទ្វារ​ស្វាគមន៍​ក្រុម​ភ្ញៀវFC Basel​ក្នុង​ក្រប​ខណ្ឌ​បាល់​ទាត់ Champions League វេលា​ម៉ោង ១:៤៥ ពាក់​កណ្ដាល​អធ្រាត្រ​នេះ៕

ចុច​អាន​បន្ត​៖

ប្រភព៖ manutd   ប្រែ​សម្រួល៖ ហ៊ីម រស្មី