គណៈកម្មការសិទ្ធិមនុស្សហ្វីលីពីន​ស្នើកញ្ចប់​ថវិកា ៣៤លានដុល្លារ បែរ​ទទួលបាន២០ដុល្លារ

  • 2017-09-13 00:22:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សមាជិក​សភា​ហ្វីលីពីន​បាន​បោះ​ឆ្នោត​ផ្ដល់​​កញ្ចប់​ថវិកា​ដល់​គណៈកម្មការ​សិទ្ធិមនុស្ស​ចំនួន ១ ០០០​ប៉េសូ ឬ​ប្រមាណ ២០​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ដើម្បី​ស៊ើប​អង្កេត​បញ្ហា​សង្គ្រាម​គ្រឿង​ញៀន​ដ៏​ចម្រូង​ចម្រាស់។

រូបភាព​ផ្ដល់សិទ្ធិដោយ Reuters

​ការ​កាត់​បន្ថយ​ថវិកា​ចំពោះ​គណៈកម្មការ​សិទ្ធិ​មនុស្ស​នេះ គឺ​គាំ​ទ្រ​ដោយ​សំឡេង​បោះ​ឆ្នោត ១១៩ ទល់​នឹង ៣២ ​ក្នុង​រដ្ឋសភា។ អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ហ្វីលីពីន​លោក Pantaleon Alvarez ​បាន​ចាត់​ទុក​គណៈ​កម្មការ​នោះ​ថា "គ្មាន​ប្រយោជន៍"។ ប៉ុន្តែ​ក្រុម​អ្នក​រិះគន់​និយាយ​ថា ចំណាត់​ការ​​នេះ​គឺ​ជា​​ទណ្ឌកម្ម​ចំពោះ​​គណៈកម្មការ​ដែល​តែង​តែ​រិះគន់​សង្គ្រាម​គ្រឿង​ញៀន​របស់​ប្រធានាធិបតី​ ឌូតឺតេ។

គណៈកម្មការ​ផ្នែក​សិទ្ធិ​មនុស្ស​ដែល​​កំពុង​តែ​ស៊ើប​អង្កេត​ការ​សម្លាប់​ពាក់​ព័ន្ធ​គ្រឿង​ញៀន បាន​ធ្វើ​សំណើ​សុំ​កញ្ចប់​ថវិកា​ចំនួន ១,៧២​ពាន់​លាន​ប៉េសូ ឬ​ប្រមាណ ៣៤​លាន​ដុល្លារ​សម្រាប់​ឆ្នាំ ២០១៨ ប៉ុន្តែ​បែរ​ជា​រដ្ឋាភិបាល​​យល់​ព្រម​ឲ្យ​តិច​ហួស​ពី​ការ​ស្មាន។ ​កញ្ចប់​ថវិកា​សម្រាប់​ស៊ើប​សង្កេត​ក្នុង​ឆ្នាំ ២០១៧ គឺ​ទទួល​បាន​ជាង ១៤​លាន​ដុល្លារ តែ​ឆ្នាំ ២០១៨ ជា​ឆ្នាំ​ ឌូតឺតេ ឡើង​ជា​ប្រធានាធិបតី​គឺ​ទទួល​បាន​តែ​ ២០​ដុល្លារ​ប៉ុណ្ណោះ។

អ្នក​នាំ​ពាក្យ​ដដែល​បាន​ថ្លែង​តាម​កញ្ចក់​ទូរទស្សន៍​ថា "​ប្រសិន​បើ​​អ្នក​ចង់​​ការ​ពារ​សិទ្ធិ​របស់​​ឧក្រិដ្ឋ​ជន សូម​យក​​ប្រាក់​ខ្លួន​ឯង​ដែល​បាន​ពី​ឧក្រិដ្ឋជន​ទៅ"។ ​លោក​ក៏​បាន​ចោទ​​ប្រកាន់​ពី​ការ​អសមត្ថភាព​របស់​គណៈកម្មការ​ថា "​ហេតុ​អ្វី​អ្នក​គួរ​ទទួល​កញ្ចប់​ថវិកា​ពី​រដ្ឋាភិបាល ​ប៉ុន្តែ​អ្នក​មិន​ធ្វើ​ការ​លើ​កិច្ច​ការ​របស់​អ្នក”?

គួរ​បញ្ជាក់​ថា មនុស្ស​ជាង​ ៧ ០០០​នាក់ ត្រូវ​បាន​អាជ្ញាធរ​​បាញ់​សម្លាប់​ចាប់​តាំង​ពី​ប្រធានាធិបតី​ឌូតឺតេ ​ចាប់​ផ្ដើម​យុទ្ធនាការ​បោស​សម្អាត​គ្រឿង​ញៀន​កាល​ពី​ឆ្នាំ​មុន​ដោយ​មាន​គោល​បំណង​កម្ចាត់​ឲ្យ​អស់​​ជំនួញ​គ្រឿង​ញៀន​នៅ​ហ្វីលីពីន ប៉ុន្តែ​​ក៏​ទាក់​ទាញ​ការ​រិះគន់​ពី​សហគមន៍​អន្តរជាតិ​ផង​ដែរ៕

ចុចអាន៖

ប្រភព៖ BBC   ប្រែ​សម្រួល៖ ឡេង ភារុណ