ឡាន​​កម្លាំង ១០០០ សេះ​​របស់​ Mercedes បង្ហាញ​ខ្លួន​ផ្អើល​កម្មវិធីនៅអាល្លឺម៉ង់

  • 2017-09-13 03:42:38
  • ចំនួនមតិ

ចន្លោះមិនឃើញ

​នៅ​ទី​បំផុត​ក្រុមហ៊ុន​រថយន្ត​ Mercedes AMG បាន​បង្ហាញ​ចេញ​រថយន្ត​ Project One ជា​ផ្លូវ​ការ​នៅ​ក្នុង​កម្មវិធី​តាំង​បង្ហាញ​រថយន្ត​ដែល​ធ្វើ​ឡើង​នា​ទីក្រុង​ Frankfurt ប្រទេស​អាល្លឺម៉ង់។

ចំណុច​គួរ​ចាប់​អារម្មណ៍​ខ្លាំង​បំផុត​​លើ​រថយន្ត​ Project One នេះ​គឺ​វា​មាន​កម្លាំង​ដល់​ ១០០០ សេះ​ ដោយ​បាន​មក​ពី​​ម៉ាស៊ីន​ Turbocharge V6 ទំហំ​ ១,៦ លីត្រ និង​ម៉ូទ័រ​អគ្គិសនី​ចំនួន ៤ ដោយ​​ម៉ូទ័រ​មួយ​បង្កើត​កម្លាំង​បាន​ ១៦០ សេះ។ សរុប​ប្រព័ន្ធ​ម៉ាស៊ីន​ទាំង​ពីរ​នេះ​ អាច​បង្កើត​កម្លាំង​សរុប​បាន​ដល់​ ១០០០ សេះ។ Mercedes AMG អះអាង​ថា​រថយន្ត​នេះ​អាច​រត់​លឿន​បំផុត​ដល់​ ៣៥០ គ.ម/ម៉ និង​រត់​ពី​ ០ – ២០០ គ.ម/ម៉ ប្រើ​ពេល​តិច​ជាង ៦ វិនាទី។

នៅ​ពី​ក្នុង​មាន​បំពាក់​អេក្រង់​​ទំហំ​ ១០ អ៊ីញ​ចំនួន​ពីរ, ពោង​សុវត្ថិភាព, មាន​ម៉ាស៊ីន​ត្រជាក់, បង្អួត​ស្វ័យ​ប្រវត្តិ និង​មាន​កាមេរ៉ា​ក្រោយ​សម្រាប់​មើល​ទិដ្ឋភាព​ផ្នែក​ខាង​ក្រោយ ព្រោះ​ថា​រថយន្ត​នេះ​មិន​មាន​កញ្ចក់​ក្រោយ​ឡើយ។

Mercesdes AMG នឹង​ផលិត​រថយន្ត​នេះ​តែ​ ២៧៥ គ្រឿង​ប៉ុណ្ណោះ​ ​ដោយ​មាន​តម្លៃ​ ២,៧ លាន​ដុល្លារ ប៉ុន្តែ​រថយន្ត​ទាំង​ ២៧៥ គ្រឿង​នេះ​បាន​លក់​ចេញ​អស់​ទៅ​ហើយ ទោះ​បី​ជា​មិន​ទាន់​ផលិត​​បាន​ក្ដី៕ ​​​​​​


ប្រភព៖ carscoops ប្រែ​សម្រួល៖ សុខហេង