ក្រោយ​លែង​លះ​ មាស សម្ផស្ស រាសី​ឡើង​ជាង​មុន

  • 2017-09-13 08:52:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​លែង​លះ​គ្នា​​ជា​មួយ លោក William អាណិកជន​ខ្មែរ​អាមេរិក​ ​​តារា​សម្ដែង​ មាស សម្ផស្ស​ បាន​ថ្លែង​ឲ្យ​ដឹង​ថា ទាំង​មុខ​ជំនួញ​ក៏​ដូច​ជា​ទីផ្សាររបស់​នាង​ហាក់​ដូច​ជា​ឡើង​ខ្លាំង​ជាង​មុន។

តារា​ស្រី​​រូប​នេះ​បាន​ឲ្យ​ដឹង​ថា នាង​ទើប​តែ​ទើប​តែ​​បញ្ចប់​ការ​ថត​ខ្សែភាពយន្ត​មួយ​រឿង​ឲ្យ​ស្ថានីយ​​ទូរទស្សន៍​មួយ ហើយ​បច្ចុប្បន្ន​​បាន​​ចុះ​កុង​ត្រា​ថត​រឿង​ភាគ​ថ្មី​មួយ​​ទៀត​​ឲ្យ​ផលិតកម្ម​ B&S គឺ​រឿង​ធនញ្ជ័យ។ ទន្ទឹម​គ្នា​នោះ​ដែរ មាស សម្ផស្ស ប្រាប់​ថា មាន​ផលិតកម្ម​ចំនួន៣​ផ្សេង​ទៀត​បាន​ទាក់ទង​មក​នាង ដើម្បី​​ឲ្យ​សម្ដែង​រឿង ប៉ុន្តែ​ការ​ចរចា​តម្លៃ​មិន​ត្រូវ​​គ្នា។

ចំពោះ​មុខ​ជំនួញ​វិញ មាស សម្ផស្ស បាន​លើក​ឡើង​ថា ការ​នាំ​ចូល​សាប៊ូ​​លាង​មុខ​នាំ​ចូល​ផ្ដាច់​មុខ​ពី​​ប្រទេស​ជប៉ុន​ដែល​នាង​បាន​បោះ​ទុន​រកស៊ី​ជា​មួយ​បងប្អូន​នោះ​ក៏កាន់​តែ​ទទួល​បាន​ភាព​ជោគជ័យ​ដូច​គ្នា។ នាង​ថា ក្នុង​រយៈ​ពេល​៤ខែ ពោល​គឺ​ចាប់​តាំង​​ពី​នាង​​បើក​ជំនួញ​ក្រោយ​ពេលលែងលះ​ ក្រុមហ៊ុន​របស់​នាង​បាន​ពង្រីក​​​ទីផ្សារ​ស្ទើរ​ទាំង​២៥ ខេត្ត រាជធានី ហើយ​អតិថិជន​​ក៏​មាន​ការ​គាំទ្រ​ច្រើន​ផង​ដែរ។ ដោយសារតែ​ជំនួញ​ខ្លួន​​មាន​ភាព​រឹង​មាំ​បែប​នេះ នាង​មាន​​ពេល​ច្រើន​មក​ដើម្បី​បន្ត​​អាជីព​សិល្បៈ​វិញ ដោយ​ទម្លាក់​ការងារ​ស្ទើរ​តែ​ទាំង​អស់​ឲ្យ​បងប្អូន​ជា​អ្នក​មើល​ការ​ខុសត្រូវ។

មាស សម្ផស្ស ថា ខ្លួន​នឹង​​បន្ត​ទទួល​យក​ការ​ថត​ភាពយន្ត​ជា​បន្ត​បន្ទាប់ ​ប៉ុន្តែការ​ទទួល​នោះ​មិន​បង្ខំ​ឡើយ ពោល​លុះត្រាតែ​ថត​រឿង​មួយ​ចប់​បាន​ទទួល​រឿង​មួយ​ទៀត មិន​​ចង់​ទទួល​ច្រើន​ក្នុង​ពេល​តែ​មួយ​​ឡើយ។

គួរ​បញ្ជាក់​ផង​ដែរ​ថា អ្នក​នាង មាស សម្ផស្ស បាន​បោះជំហាន​ចូល​សិល្បៈ​ជាង​១៦ឆ្នាំ​មក​ហើយដោយធ្លាប់​ថត​​ភាពយន្ត​មិន​តិចជាង ​​២០ ​ទៅ ​៣០​រឿង​​ឡើយ។ នាង​ និង​ លោក William បាន​ចែក​ផ្លូវ​គ្នា ក្រោយ​ពី​រស់​នៅ​ជា​មួយ​គ្នា​បាន​ជាង​៦ឆ្នាំ ក្រោម​ហេតុ​ផល ស្វាមី​របស់​នាង​បាន​ទៅ​លួច​មាន​ស្រី​ថ្មី​មួយ​ទៀត។​ បច្ចុប្បន្ន​នាងថា ខ្លួន​មិន​ទាន់​មាន​អ្នក​មក​ជំនួស​បេះ​ដូង​នៅ​ឡើយ​ទេ ហើយ​នាង​ក៏​មិន​ទាន់​ចង់​គិត​​​គូរ​រឿង​នេះ​ផង​ដែរ៕

ចុចអាន៖

អត្ថបទៈ ស៊ុនហួត