ល្បី​ថា​មាន​យុវតីម្នាក់​យាយ​ម៉ៅ​ចូល​សណ្ឋិត​ព្យាបាល​ជំងឺពូកែ

  • 2017-09-13 23:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​នេះ​ក្នុង​ទឹក​ដី​ខេត្ត​កំពង់​ចាម មាន​យុវតី​ម្នាក់​ដែល​អ្នក​ស្រុក​ល្បី​ថា​លោក​យាយ​ម៉ៅ​ពេជ្រនិល​ចូល​រូប និង​ល្បី​ថា​មាន​ឫទ្ធិ​ពូកែ​អាច​ព្យាបាល​ជំងឺ​របស់​អ្នក​ផង​ទាំងពួង​បាន​ដោយ​គ្រាន់​តែ​យក​ទឹក​ដែល​យុវតីនោះ​កូ​ហើយ​មក​ទទួលទាន​ក៏​បាន​ជា​សះស្បើយ។

យុវតី​ដែល​ល្បី​ថា​មាន​យាយ​ម៉ៅ​ចូល​សណ្ឋិត​នោះ​រស់នៅ​​ក្នុង​ភូមិ​អង្គរជ័យ ឃុំ​មហាខ្ញូង ស្រុក​កោះ​សូទិន គឺ​មាន​ចំងាយ​ប្រហែល​ជា​១៩​គីឡូម៉ែត្រ​ពី​ទីរួម​ខេត្ត​កំពង់​ចាម​។​

(ពលរដ្ឋ​ដែលមាន​ជំនឿកំពុង​រង់ចាំសុំ​ទឹកមន្ត​សម្រាប់ព្យាបាលជំងឺ)

ម្តាយ​របស់​យុវតីរូប​នេះគឺ​អ្នកស្រី យឿន ស្រី​ ថ្លែង​ប្រាប់ Sabay ថា​កូន​អ្នកស្រី​ដើម​ឡើង​មានជំងឺ​ប្រ​ចាំ​កាយ​មើល​មិន​ជា​នោះទេ តែ​ក្រោយ​មក​ក៏បាន​គ្រូខ្មែរ​ម្នាក់​ជួយ​ព្យាបាល ដោយ​ថា​កូន​អ្នកស្រី​មាន​ជាប់​សង្វារ និង​ត្រូវ​រៀបចំសែន​ព្រេន​ថ្វាយ​សង្វា​រទើប​ជា។ អ្នក​ស្រី​បន្តថា​នៅពេល​នោះគឺនៅ​រដូវ​ភ្ជុំ​បិណ្ឌ ឆ្នាំ២០១៦​​​​កូន​អ្នកស្រី​បាន​រៀបចំ​ថ្វាយ​សង្វារ និង​មាន​យាយ​ម៉ៅ​ចូល​សណ្ឋិត​តាំងពី​ពេល​នោះដែរ។ អ្នកស្រី​បន្ត​ថា​កូន​អ្នក​ស្រី​បានមជាពីជំងឺ និង​មាន​លទ្ធភាព​ព្យា​បាល​អ្នក​ដទៃ​ផង​ដែរ។ ​

(​រ៉ឺក​ម៉ក​កង់​បី​ដឹក​ប៊ីដុង​ទឹក​មក​សុំ​ទឹក​មន្ត)

ម្តាយ​យុវតីរូបនេះ​បន្តថា កូន​អ្នក​ស្រី​ព្យាបាលជំងឺ​ដោយ​កូទឹក និង​សូត្របាលី​ខ្លះ​ផ្សុំ​ជាមួយ​គ្នា​មុន​នឹង​ឲ្យ​អ្នកជំងឺ​បរិភោគ។​អ្នកស្រីអះអាងថា​ពិតជាមាន​អ្នកជំងឺ​ដែលជា​ដោយ​សារ​ការព្យា​បាល​នេះមែន។​

អ្នក​ស្រី​ឲ្យ​ដឹងទៀតថា​អ្នក​មានជំងឺក្រពះ ពោះវៀន រោគស្រ្តី បាន​មក​រក​កូន​អ្នកស្រី​ឲ្យ​ព្យាបាល​ដែល​អ្នក​ទាំង​នោះ​មាន​មកពី​ខេត្ត​រតនគិរី ត្បូង​ឃ្មុំ ព្រះវិហារ ភ្នំពេញ និង​អ្នក​កំពង់​ចាម​ជា​ដើម។​

លោក សុភក្ត្រ ​រស់​នៅ​ស្រុក​កំពង់សៀម ក្នុង​ខេត្ត​កំពង់​ចាម ​ប្រាប់​ Sabay ថា​ឳពុក​របស់​លោក​មាន​ជំងឺ​​ក្រពះ ពោះ​វៀន សម្រាន្ត​មិនលក់ បាន​ទៅ​រក​ការ​ព្យាបាល​ពីយុវតីនោះដែរ និង​ថា​បាន​ធូរ​ស្រាល​​ជាង​មុន​ក្រោយ​បាន​ពិសាទឹក​មន្ត​នោះ។

(ប៊ីដុង​ទឹកជា​ច្រើន​ត្រូវបានអ្នក​មាន​ជំនឿ​យក​មក​ត្រៀម​សុំ​ទឹក​មន្ត)

ចំ​ណែក អ្នក​ស្រី​ ដួង ណុប មក​ពី​ខេត្ត​ត្បូង​ឃ្មុំ ប្រាប់​ Sabay ពេល​ដែល​អ្នក​ស្រី​មក​រក​យុវតី​នោះ​ព្យា​បាល​ថា​អ្នកស្រី​មាន​ជំងឺ​រោគ​ស្រ្តី ដែល​​ថា​ការ​ព្យាបាល​កន្លង​មក​មិន​បាន​ធូរស្បើយ ទើប​ថា​ពេល​នេះ​អ្នកស្រី​សម្រេច​មក​សុំ​ទឹក​មន្ត​ពី​យុវតី​យាយម៉ៅសណ្ឋិត​នេះ​វិញ​ម្តង​ដោយ​ថា​ក្រែង​បាន​ធូរស្បើយ។ អ្នកស្រី​ឲ្យ​ដឹងថា​បងប្អូន​អ្នកស្រី​ដែល​រស់​នៅ​កំពង់​​ចាម​នេះ​ប្រាប់​គាត់ថា​យុវតីនេះ​ល្បី​ថា​អាច​មើល​ជំងឺ​ជា​ច្រើន​យ៉ាង ទើប​គាត់​សម្រេច​ចិត្ត​មក​រកការ​ព្យាបាល។

ទោះជា​យុវតី​យាយម៉ៅ​ចូល​រូបនេះ​ល្បី​ដល់​ខេត្ត​ដទៃ​ក៏​ពិត​មាន​តែ​អ្នកក្នុង​ស្រុក​កោះសុទិន​ម្នាក់​ដែល​និយាយ​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះថា​គាត់​មិន​បាន​ដឹង​ថា​មាន​យុវតី​មាន​យាយ​ម៉ៅ​សណ្ឋិន និង​អាច​ព្យាបាល​ជំងឺ​បាន​ច្រើន​យ៉ាងបែបនេះ​នោះទេ៕

អត្ថបទ​ដោយ៖ ឌឿន អ៊ី