Mourinho ថា ក្លឹបអង់គ្លេសជាក្លឹបលំដាប់ទីពីរក្នុង UCL

  • 2017-09-13 12:10:20
  • ចំនួនមតិ

ចន្លោះមិនឃើញ

លោក Jose Mourinho បាននិយាយថា ក្លឹបលីគកំពូលអង់គ្លេសស្ថិតក្នុងលំដាប់ទីពីរនៅកម្រិតក្រោមក្លឹបធំៗដូចជា Real Madrid, Bayern Munich និង Barcelona ក្នុងក្របខ័ណ្ឌបាល់ទាត់កំពូលអឺរ៉ុប UEFA Champions League។

បុរសសញ្ជាតិព័រទុយហ្គាល់បានថ្លែងទៅកាន់សារព័ត៌មានថា៖ "ខ្ញុំគិតថា ការប្រកួត Champions League សម្រាប់ក្លឹបធំៗដូចជា Real Madrid, Bayern Munich និង Barcelona ពិតប្រាកដនឹងចាប់ផ្ដើមនៅខែកុម្ភៈឯណោះ ឥឡូវពួកគេកំពុងតែលេងដើម្បីកម្ដៅសាច់ដុំប៉ុណ្ណោះ"។ អតីតគ្រូបង្វឹកក្លឹបតោខៀវ Chelsea បានបន្តទៀតថា ក្លឹបអង់គ្លេស ជាក្លឹបស្ថិតក្នុងកម្រិតទី២ នៅ UCL ហើយកម្រិតទី២ នេះគឺលេងឲ្យតែឡើងផុតវគ្គជម្រុះ ដើម្បីមានឱកាសទៅលេងជាមួយក្លឹបអឺរ៉ុបធំៗទាំងនោះប៉ុណ្ណោះ។

ខែកុម្ភៈជាពេលវេលាដែល Champions League ឈានចូលដល់វគ្គ ១៦ក្រុមចុងក្រោយ បន្ទាប់ពីវគ្គជម្រុះតាមពូលបានបញ្ចប់។ ក្នុងចំណោមលីគបាល់ទាត់ធំៗទាំងអស់នៅអឺរ៉ុប មានតែលីគកំពូលអង់គ្លេសមួយប៉ុណ្ណោះ ដែលនៅបន្តធ្វើការប្រកួតក្នុងអំឡុងពេលសម្រាកពេលរដូវធ្លាក់ទឹកកក (Winter Break) ចាប់ពីចុងខែធ្នូ ដល់ពាក់កណ្ដាលខែមករា។

ការមិនឈប់នេះហើយ ធ្វើឲ្យអ្នកចាត់ការក្លឹបអង់គ្លេសជាច្រើន ដូចជា លោក Mourinho ជាដើមយល់ថាប៉ះពាល់ដល់សមត្ថភាពរបស់ក្លឹបលីគក្នុងការប្រកួត Champions League ។ ចាប់តាំងពីក្លឹបតោខៀវ Chelsea ឈ្នះពាន Champions League ក្នុងឆ្នាំ ២០១២មក មិនមានក្លឹបអង់គ្លេសណាឈ្នះពានកំពូលអឺរ៉ុបនេះទេ៕


ប្រភព៖ Goal ប្រែសម្រួល៖ ហ៊ីម រស្មី